អន្តរជាតិ
អាល្លឺម៉ង់៖ លោកពូទីន អនុញ្ញាតឱ្យអឺរ៉ុបទូទាត់តម្លៃហ្គាស ជាលុយអឺរ៉ូ ឬដុល្លារ
31, Mar 2022 , 9:29 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (ខាងស្តាំ) និង អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហុលស៍ ។ រូបភាព៖ AFP
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (ខាងស្តាំ) និង អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហុលស៍ ។ រូបភាព៖ AFP
ដោយ:
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ព្រមបន្តកិច្ចសន្យាទិញ-លក់ ហ្គាសដោយប្រើលុយដុល្លារ ឬអឺរ៉ូ ​វិញ តាមរយៈធនាគារ Gazprombank។ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ នៅថ្ងៃទី៣០ ខែមីនា។ ការផ្លាស់ប្តូរការសម្រេចចិត្តរបស់លោក ពូទីន នេះ ធ្វើឡើងបន្ទាប់ពីក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿន (G7) បដិសេធមិនប្រើលុយរុស្ស៊ី ខណៈអាល្លឺម៉ង់ចាប់ផ្តើមផែនការកាត់បន្ថយការប្រើប្រាស់ហ្គាស។
 
នៅដើមខែមីនា រុស្ស៊ីបានអនុម័តបញ្ជីអមិត្តមួយ ដោយដាក់បញ្ចូលយរដ្ឋ និងដែនដីចំនួន ៤៨ ក្នុងនោះក៏មានសហភាពអឺរ៉ុបផងដែរ។ បណ្តាប្រទេស ដែលស្ថិតក្នុងបញ្ចីនេះ ត្រូវប្រើប្រាស់រូបិយវត្ថុរូប្លិ៍ ក្នុងការធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី ជំនួសឱ្យលុយដុល្លារ និងអឺរ៉ូ។ បន្ទាប់ពីការប្រកាសបែបនេះ អាល្លឺម៉ង់ ដែលជាប្រទេសទិញហ្គាសជាច្រើនពីរុស្ស៊ី បានប្រតិកម្មថា វាជាការបំពានកិច្ចសន្យា និងមិនយល់ព្រមធ្វើតាមការទាមទារបែបនោះឡើយ។  
 
យ៉ាងណាមិញ រដ្ឋាភិបាលអាល្លឺម៉ង់ ក្នុងថ្ងៃទី៣០ ខែមីនា បានទទួលការធានាពីរុស្ស៊ីថា ខ្លួនអាចប្រើប្រាស់រូបិយវត្ថុដុល្លារ ឬអឺរ៉ុបបាន តាមរយៈការទូទាត់តម្លៃហ្គាស។ ក្នុងកិច្ចសន្ទនាតាមទូរសព្ទនៅថ្ងៃទី៣០ ខែមីនា លោកពូទីន បានប្រាប់អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហុលស៍ ថា អាល្លឺម៉ង់អាចបន្តទូទាត់ប្រាក់ជាអឺរ៉ូ ឬដុល្លារបាន។ នេះបើតាមការបញ្ជាក់របស់ការិយាល័យអធិការបតីអាល្លឺម៉ង់។  
 
បើតាមអ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ លោក Steffen Hebestreit មេដឹកនាំរុស្ស៊ី បានអះអាងថា គ្មានអ្វីផ្លាស់ប្តូរសម្រាប់ដៃគូអឺរ៉ុបទេ។ ការទូទាត់ហ្គាសជាមួយរុស្ស៊ីចាប់ពី ថ្ងៃទី១ ខែមេសានឹងត្រូវបន្តគិតជា​ប្រាក់អឺរ៉ូដដែល ដោយផ្ទេរចូលធនាគារ Gazprombank ដែលមិនរងទណ្ឌកម្មរបស់សហភាពអឺរ៉ុប ដើម្បីប្តូរលុយមកជារូបិយវត្ថុរូប្លិ៍ វិញ។ 
 
«លោក អូឡាហ្វ ស្ហុលស៍ ​មិនយល់ព្រមនឹងនិតីវិធីក្នុងកិច្ចសន្ទនាទេ ប៉ុន្តែលោកសុំព័ត៌មានលាយលក្ខណ៍ជាអក្សរ ដើម្បីយល់ពីនីតិវិធីឱ្យបានច្បាស់»។ លោក Hebestreit សង្កត់ធ្ងន់បែបនេះ។ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ បានបន្ថែមថា ក្រុមប្រទេស G7 បានព្រមព្រៀងរួចហើយថា ការផ្គត់ផ្គង់ថាមពលពីរុស្ស៊ី គួរតែទូទាត់ជាប្រាក់ដុល្លារ ​ឬអឺរ៉ូ ជាដាច់ខាត ដូចដែលបានចែងក្នុងកិច្ចសន្យា។ 
 
ទន្ទឹមនេះ ការផ្លាស់ប្តូរការសម្រេចចិត្តរបស់លោកពូទីនធ្វើឡើង ស្របពេលអាល្លឺម៉ង់ដែលពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលហ្គាសពីរុស្ស៊ី ចាប់ផ្តើមកំណត់បរិមាណនាំចូលហ្គាស ដោយជំរុញឱ្យក្រុមហ៊ុន និងអ្នកប្រើប្រាស់បន្ថយការប្រើប្រាស់ថាមពល តាមតែអាចធ្វើទៅបាន៕
 

Tag:
 អាល្លឺម៉ង់
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com