អន្តរជាតិ
សេតវិមានថា លោក ពូទីន ត្រូវបានទីប្រឹក្សាផ្តល់ព័ត៌មានយោធានៅអ៊ុយក្រែនមិនត្រឹមត្រូវ
31, Mar 2022 , 5:31 pm        
រូបភាព
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព៖ AFP
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព៖ AFP
មន្រ្តីសេតវិមាន នៅថ្ងៃទី៣០ ខែមីនា បានអះអាងថា ទីប្រឹក្សាយោធារុស្ស៊ី បានផ្តល់ព័ត៌មានជុំវិញប្រតិបត្តិការយោធានៅអ៊ុយក្រែនមិនបានត្រឹមត្រូវទៅកាន់ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ លើសពីនោះ លោក ពូទីន ក៏មិនបានដឹងពីការកេណ្ឌទាហានថ្មីទៅប្រយុទ្ធនៅអ៊ុយក្រែនដែរ។
 
ប្រតិបត្តិការយោធាពិសេសរុស្ស៊ីនៅអ៊ុយក្រែន ហាក់មិនទៅមុខឡើយ នៅប៉ុន្មានថ្ងៃចុងក្រោយ ខណៈកម្លាំងអ៊ុយក្រែន បានដណ្តើមក្រុង Irpin ត្រលប់មកវិញ។ ស្របពេលប្រតិបត្តិការយោធាហាក់មិនទៅមុខ និងបន្ទាប់ពីកិច្ចចរចាជាមួយអ៊ុយក្រែននៅតួកគី រុស្ស៊ី បានបញ្ជាក់ពីការកាត់បន្ថយទ័ពនៅក្រុងកៀវ និងក្រុង Chernihiv។ 
 
ខណៈពេលទ័ពរុស្ស៊ីមិនអាចរុលចូលក្នុងក្រុងកៀវ មន្រ្តីអាម៉េរិក បានស្រង់ទិន្នន័យពីចារកិច្ចខ្លួនថា អាម៉េរិក មានព័ត៌មានដែលលោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ត្រូវបានទីប្រឹក្សាយោធាខ្លួនប្រាប់ព័ត៌មានមិនត្រឹមត្រូវ។  
 
«លោក ពូទីន កំពុងត្រូវបានប្រាប់ពីព័ត៌មានមិនត្រឹមត្រូវ ដោយទីប្រឹក្សារបស់លោក ជុំវិញយោធារុស្ស៊ីដែលកំពុងបំពេញប្រតិបត្តិការយ៉ាងអាក្រក់»។ នាយកទំនាក់ទំនងសេតវិមាន លោកស្រី Kate Bedingfield បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងថ្ងៃទី៣០ ខែមីនា ដោយបន្ថែមថា ទីប្រឹក្សារុស្ស៊ី ក៏មិនបានប្រាប់មេដឹកនាំខ្លួនពីផលប៉ះពាល់របស់ទណ្ឌកម្មបស្ចិមប្រទេស និងបណ្តាប្រទេសផ្សេងទៀតមកលើសេដ្ឋកិច្ចរុស្ស៊ីដែរ ដោយសារតែភ័យខ្លាច ក្នុងការនិយាយការពិត។ 
 
យ៉ាងណាមិញ មកទល់ពេលនេះ រុស្ស៊ីមិនទាន់បកស្រាយជុំវិញបញ្ហានោះឡើយ។ 
 
មិនតែប៉ុណ្ណោះ លោក ពូទីន ក៏មិនបានដឹងពីការកេណ្ឌទាហានថ្មី យកទៅធ្វើសង្រ្គាមនៅអ៊ុយក្រែដែរ។ ទីភ្នាក់ងារព័ត៌មាន AFP បានចុះផ្សាយបែបនេះ ដោយស្រង់សម្តីរបស់មន្រ្តីអាម៉េរិកម្នាក់ទៀត។ 
 
លោក ពូទីន កន្លងមក បានបដិសេធការកេណ្ឌទាហានថ្មី មុនពេលក្រសួងការពារជាតិ សារភាពពីការកេណ្ឌទ័ពនៅពេលបន្ទាប់។ បើតាមវិមានក្រេមឡាំង  ប្រធានាធិបតីរុស្ស៊ី បានបញ្ជាឱ្យរដ្ឋអាជ្ញាយោធា ស្វែងរក និងដាក់ពិន័យលើមន្រ្តី ដែលបញ្ជាឱ្យកេណ្ឌទាហានថ្មី។ 
 
ស្រដៀងនឹងមន្រ្តីសេតវិមានដែរ រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន ដែលធ្វើទស្សនកិច្ចនៅអាល់ហ្សេរីក្នុងថ្ងៃដដែលនោះ បានលើកឡើងថា របបផ្តាច់ការ មិនមានមនុស្សហ៊ាននិយាយការពិតទៅកាន់អ្នកមានអំណាចឡើយ។ បើតាមលោកប្លីងខិន នេះគឺជាអ្វី ដែលកំពុងតែកើតមាននៅរុស្ស៊ី៕ 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com