ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រធានអាស៊ាន នឹងជួបមេយោធាមីយ៉ាន់ម៉ាតាមវីដេអូម្តងទៀត
01, Apr 2022 , 2:40 pm        
រូបភាព
ជំនួបរវាងសម្តេច ហ៊ុន សែន និងលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២។
ជំនួបរវាងសម្តេច ហ៊ុន សែន និងលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២។
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាបេសកជនពិសេសរបស់ប្រធានអាស៊ាន គ្រោងរៀបចំឲ្យមានជំនួបតាមប្រព័ន្ធវីដេអូម្តងទៀតរវាងប្រធានអាស៊ាន គឺសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង មេដឹកនាំកំពូលនៃរបបយោធាមីយ៉ាន់ម៉ា ដែលកំពុងគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ា តាមរយៈការធ្វើរដ្ឋប្រហារ។ លោក បានជម្រាបពីគម្រោងនេះ ក្នុងជំនួបផ្ទាល់មុខជាមួយអ្នកស្រី ណូអេលីន ហេហ្ស៉ឺ (Noeleen Heyzer) បេសកជនពិសេសនៃអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកជួយរកដំណោះស្រាយនៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការបរទេសកម្ពុជា។


លោក ប្រាក់ សុខុន ពុំបានបញ្ជាក់ឡើយថា ជំនួបតាមប្រព័ន្ធវីដេអូរវាងប្រធានអាស៊ាន និងមេដឹកនាំយោធាមីយ៉ាន់ម៉ា នឹងប្រព្រឹត្តទៅនៅពេលណា។ ជាមួយគ្នានេះ លោក បានជម្រាបអ្នកស្រី ណូអេលីន ហេហ្ស៉ឺ ពីគម្រោង ដែលលោក នឹងទៅបំពេញទស្សនកិច្ចលើកទី២ នៅមីយ៉ាន់ម៉ា។ កាលបរិច្ឆេទ ដែលលោក ត្រូវទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាជាលើកទី២នេះ ក៏លោក ពុំបានបង្ហាញដែរ។

សូមរម្លឹកថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជួបលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ចំនួន២លើករួចមកហើយ។ លើកទី១ សម្តេច ទៅជួបលោកឧត្តមសេនីយ៍ដោយផ្ទាល់នៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ លើកទី២ ភាគីទាំង២ បានជួបគ្នាតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។

ចំណែក លោក ប្រាក់ សុខុន ក្នុងនាមជាបេសកជនពិសេសរបស់ប្រធានអាស៊ាន បានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាជាលើកដំបូង ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ហើយលោកបានជួបពិភាក្សាជាមួយលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង។

ក្នុងជំនួបកន្លងមក ការស្នើសុំសំខាន់បំផុត ដែលភាគីកម្ពុជា ស្នើទៅមេដឹកនាំយោធាមីយ៉ាន់ម៉ា គឺការបញ្ឈប់ការបាញ់គ្នា ការបញ្ឈប់អំពើហិង្សា និង ការផ្តល់ជំនួយដល់ប្រជាជនមីយ៉ាន់ម៉ា។ យ៉ាងណាក៏ដោយ ការបាញ់គ្នា និងអំពើហិង្សានៅមីយ៉ាន់ម៉ា នៅតែបន្តកើតមានដដែល។ 

គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ មានប្រជាជន១៧២៣នាក់ ដោយមានទាំងកុមារផង ត្រូវបានសម្លាប់ក្នុងព្រឹត្តិការណ៍ធ្វើបាតុកកម្មប្រឆាំងនឹងយោធាមីយ៉ាន់ម៉ា ខណៈ១៣០៤០នាក់ ត្រូវបានចាប់ខ្លួន។ នេះបើផ្អែកតាមរបាយការណ៍ពីសមាគមផ្តល់ជំនួយដល់អ្នកទោសនយោបាយមីយ៉ាន់ម៉ា (Assistance Association of Political Prisoners)៕ 

Tag:
 កម្ពុជា
  វិបត្តិមីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com