អន្តរជាតិ
គ្រូបង្រៀនម្នាក់នៅឥណ្ឌូណេស៊ីត្រូវបានកាត់ទោសប្រហារជីវិតពីបទរំលោភសិស្ស១៣នាក់
05, Apr 2022 , 3:28 pm        
រូបភាព
ដោយ: រួបរួម
តុលាការឥណ្ឌូណេស៊ី កាលពីថ្ងៃចន្ទ ទី៤ ខែមេសា បានកាត់ទោសប្រហារជីវិតគ្រូបង្រៀនម្នាក់ពីបទរំលោភបំពានផ្លូវភេទសិស្សស្រីចំនួន១៣នាក់។ នេះជាការសម្រេចបន្ទាប់ពីមានការប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមកាលពីថ្ងៃទី១៥ ខែកុម្ភៈ ដែលដំបូងឡើយ ជនល្មើសត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិត។


អត្ថបទទាក់ទង


គ្រូឈ្មោះ Herry Wirawan  អាយុ៣៧ឆ្នាំ ដែលបង្រៀននៅសាលាសាសនាមួយក្នុងប្រទេសឥណ្ឌូណេស៊ី ត្រូវបានរកឃើញថា មានពិរុទ្ធពីបទរំលោភសិស្សស្រី១៣នាក់ ដែលសុទ្ធតែជាអនីតិជន ហើយក្នុងចំណោមនោះ ៨នាក់មានផ្ទៃពោះ។  

ករណីនេះ បង្កឲ្យមានចលនាទូទាំងប្រទេសដើម្បីទាមទារការពង្រឹងកិច្ចគាំពារកុមារប្រឆាំងនឹងការរំលោភបំពានផ្លូវភេទ។ ក្រោយការសម្រេចទោសមួយជីវិតដោយតុលាការមួយនៅក្រុងបាងឌុង ក្រុមរដ្ឋអាជ្ញា បានរួមគ្នាប្តឹងឧទ្ធរណ៍ ដើម្បីឲ្យមានការកាត់ទោសប្រហារជីវិត។

សំណុំរឿងរំលោភបំពានលើសិស្ស ត្រូវបានផ្ទុះឡើងក្រោយក្រុមគ្រួសាររបស់សិស្សស្រីម្នាក់បានដាក់ពាក្យប្តឹងលោក Wirawan ទៅកាន់ប៉ូលិសពីបទរំលោភនិងធ្វើឱ្យកូនស្រីជំទង់របស់ពួកគេមានផ្ទៃពោះ។


ករណីរំលោភបំពានបានកើតឡើងចន្លោះពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១ ដោយជនរងគ្រោះមានអាយុចន្លោះពី១២ឆ្នាំ ដល់១៦ឆ្នាំ ហើយភាគច្រើនមកពីគ្រួសារក្រីក្រ និងបានចូលរៀននៅសាលាតាមរយៈអាហារូបករណ៍៕


© រក្សាសិទ្ធិដោយ thmeythmey.com