អន្តរជាតិ
លោក បៃឌិន ជំរុញឱ្យការកាត់ទោសលោក ពូទីន ក្រោយការសម្លាប់ជនស៊ីវិលនៅក្រុង Bucha
05, Apr 2022 , 4:49 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសេតវិមាន។ រូបថត AFP
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសេតវិមាន។ រូបថត AFP
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នៅថ្ងៃទី៤ ខែមេសា ចោទប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ជា​ឧក្រិដ្ឋជនសង្គ្រាម និងបានជំរុញឱ្យមានការកាត់ទោសមេដឹកនាំរុស្ស៊ីរូបនេះ។ ការចោទនេះ ធ្វើឡើងស្របពេលដែលការខឹងសម្បារចំពោះទង្វើរុស្ស៊ីនៅក្រុង Bucha ពុះកញ្ជ្រោលកាន់តែខ្លាំង។ ស្របពេល​លោក បៃឌិន អះអាងថា អាម៉េរិកកំពុងតែស្វែងរកព័ស្តុតាង និងទិន្នន័យបន្ថែមទៀតលើការសម្លាប់ជនស៊ីវិលអ៊ុយក្រែន ហើយផ្ដល់ជំនួយយោធាសម្រាប់អ៊ុយក្រែនការពារខ្លួនផងដែរ។
 
ក្រោយអាជ្ញាធរទីក្រុង Bucha បានរកឃើញសាកសពជនស៊ីវិលយ៉ាងហោចណាស់ ៣០០ នាក់ វិមាន​ក្រេមឡាំង បានច្រានចោលការលើកឡើងនេះភ្លាមៗ ហើយចោទ អ៊ុយក្រែនជាអ្នកប្រឌិតរឿង​សម្លាប់ជនស៊ីវិលនេះឡើង។ យ៉ាងណាក៏ដោយ សហគមន៍ អន្តរជាតិក៏ដូចជាលោកខាងលិច​បាន​ថ្កោលទោសរុស្ស៊ី និងចាត់វិធានការដាក់សម្ពាធលើ ក្រុងមូស្គូបន្ថែមទៀត។ 
 
អំឡុងសន្និសីទកាសែតថ្ងៃទី៤ ខែមេសា ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន លើកឡើងថា អ្វីដែល​កើត​ឡើងនៅទីក្រុង Bucha ជាឧក្រិដ្ឋកម្មសង្គ្រាម ហើយលោកក៏បានចោទលោកពូទីនចំៗជា ឧក្រិដ្ឋជន​សង្គ្រាមទៀតផង។ លោក បៃឌិន បានបន្តថា អាម៉េរិកត្រូវប្រមូលព័ត៌មានបន្ថែមលើបញ្ហាដើម្បីជំរុញឱ្យមានការកាត់ទោសឧក្រិដ្ឋកម្មសង្រ្គាម ហើយ​បន្តផ្តល់អាវុធដែលអ៊ុយក្រែនដើម្បីបន្តការប្រយុទ្ធ។ 
 
នៅក្នុងសន្និសីទកាសែតដដែលនោះ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក Jake Sullivan ក៏បានបញ្ជាក់​ពី​ដំណើរការរបស់អាម៉េរិកក្នុងការស្វែងរកព័ត៌មានពីប្រភពចំនួនបួនដើម្បីកសាងសំណុំរឿងឧក្រិដ្ឋកម្មសង្រ្គាមនេះ។ ប្រភពទាំងបួននោះរួមមានពីអាម៉េរិក សម្ព័ន្ធមិត្ត និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់, ការ​សង្កេតផ្ទាល់របស់អ៊ុយក្រែន, របាយការណ៍ពីអង្គការអន្តរជាតិរួមមានអង្គការសហប្រជាជាតិ (UN) និងបទសម្ភាសពីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យសកល។
 
បើតាមលោក Sullivan  អាម៉េរិកនឹង​កសាង​សំណុំ​រឿងទៅតុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ឬ​ក៏​តុលាការអន្តរជាតិផ្សេងផងដែរ។ យ៉ាងណាមិញ លោក Sullivan ក៏បញ្ជាក់ថា ក្រុងមូស្គូអាចចៀសពីការអនុវត្តសាលក្រមណាមួយ ព្រោះរុស្ស៊ីជាសមាជិកអចិន្រ្តៃយ៍ក្នុងក្រុមប្រឹក្សាសន្តិសុខ UN ដែល​ផ្ដល់​សិទ្ធិឱ្យរុស្ស៊ីរារាំងចំណាត់ការណាដែលមិនផ្ដល់ប្រយោជន៍ដល់ខ្លួន។
 
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏បានទៅទស្សនកិច្ចនៅទីក្រុង Bucha នៅថ្ងៃទី៤ ខែមេសា។ ប្រធានាធិបតីអ៊ុយក្រែន បានហៅការសម្លាប់នេះថាជា អំពើប្រល័យពូជសាសន៍ ហើយ​ក៏​បានបរិហារទាហានរុស្ស៊ីថា ជាឃាតករ, អ្នកធ្វើទារុណកម្ម, អ្នករំលោភ​បំពានដ៏​ព្រៃផ្សៃលើ​ជន​ស៊ីវិល​ផងដែរ។
 
ជុំវិញការលើកលើកឡើងពីការសម្លាប់នៅទីក្រុង Buchan ជាការប្រល័យពូជសាសន៍ លោក Sullivan អះអាងថា អាម៉េរិកមិនទាន់ឃើញព័ស្តុតាងណាមួយបង្ហាញពីការ​សម្លាប់ដែល​ឈានដល់​កម្រិត​ប្រល័យពូជសាសន៍នៅឡើយ។ 
 
ខណៈរុស្ស៊ីបដិសេធការទទួលខុសត្រូវ រូបភាពផ្កាយរណប Maxar នៅថ្ងៃទី១៩ ខែមីនា និងថ្ងៃទី២១ ខែមីនា បានបង្ហាញពីសាកសពជនស៊ីវិលជាច្រើនបានស្ថិតនៅតាមផ្លូវ  Yablonska ក្នុងទីក្រុង Bucha។ វាអាចប្រើជាព័ស្តុតាងច្រានចោលការអះអាងរបស់ទីក្រុងមូស្គូផងដែរ៕
 
 
 

Tag:
 អាម៉េរិក
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com