អន្តរជាតិ
ប្អូនស្រីលោក គីម ជុងអ៊ុន ថា យោធា​កូរ៉េខាងត្បូងមិនមែនជាដៃគូ​កូរ៉េខាងជើងឡើយ
05, Apr 2022 , 7:29 pm        
រូបភាព
យោធាកូរ៉េខាងជើងក្នុងពិធីព្យុហយាត្រាកន្លងមក។ រូបថត KCNA
យោធាកូរ៉េខាងជើងក្នុងពិធីព្យុហយាត្រាកន្លងមក។ រូបថត KCNA
ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងលោកស្រី គីម យ៉ូចុង នៅថ្ងៃទី៥ ខែមេសា ចេញសារជាថ្មីទៀតដើម្បីបរិហារកូរ៉េខាងត្បូងជុំវិញសមត្ថភាពយោយធា។ លោកស្រី គីម អះអាងថា កូរ៉េខាងជើងប្រឆាំងនឹងការធ្វើសង្គ្រាម ប៉ុន្តែនឹងឆ្លើយតបដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើកូរ៉េខាងត្បូងជ្រើសរើសការប្រឈមមុខគ្នាផ្នែកយោធា​ ឬរៀប​គម្រោងវាយប្រហារកូរ៉េខាងជើងទុកជាមុន។

កូរ៉េខាងជើង ហាក់មិនអស់ចិត្តសម្ដីរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង ដែលលើកឡើងពីសមត្ថភាពវាយប្រហារមុនដែលមានប្រសិទ្ធភាព និងរហ័សរបស់យោធាកូរ៉េខាងត្បូង។ បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA ក្នុងសេចក្ដីថ្លែងការណ៍លើកទី២ លោកស្រី គីម យ៉ូចុង ដែលជាមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាល និងបក្សកាន់អំណាចកូរ៉េខាងជើង បានសង្កត់ធ្ងន់ថា វាជាកំហុសដ៏ធំមួយរបស់ប្រមុខការពារជាតិកូរ៉េខាងត្បូង។
 
ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី៥ ខែមេសា លោក ស្រីគីម បានបញ្ជាក់ថា​ ទីក្រុងព្យុងយ៉ាងប្រឆាំងនឹងការធ្វើសង្រ្គាម ដែលនាំឱ្យឧបទ្វីបកូរ៉េទាំងមូលរងការខូចខ្ទេចខ្ទាំ។ លើសពីនេះលោកស្រី គីម ក៏បានអះអាងថា កូរ៉េខាងជើងមិនដែលចាត់ទុកកូរ៉េខាងត្បូងជាសត្រូវចម្បងរបស់ខ្លួននោះទេ។
 
«និយាយម្យ៉ាងទៀត នេះមានន័យថា លុះត្រាតែកងទ័ពកូរ៉េខាងត្បូងចាត់វិធានការយោធាណាមួយប្រឆាំងនឹងរដ្ឋរបស់យើងទេ យើងនឹងមិនចាត់ទុកកូរ៉េខាងត្បូងជាគោលដៅនៃការវាយប្រហារឡើយ»។ លោកស្រីបានលើកឡើងបែបនេះមុនបន្តថា យ៉ាងណាមិញ ក្រោយហេតុផលណាមួយក៏ដោយ ប្រសិនកូរ៉េខាងត្បូងជ្រើសរើសការប្រឈមមុខដាក់គ្នាផ្នែកយោធា នោះស្ថានភាពនឹងត្រូវផ្លាស់ប្តូរ។ 
 
លោកស្រីបាននិយាយថា ប្រសិនបើយោធាកូរ៉េខាងត្បូងបំពានសូម្បីតែមួយបន្តិចក្នុងទឹកដីកូរ៉េខាងជើង កូរ៉េខាងត្បូងនឹងប្រឈមមុខនឹង គ្រោះមហន្តរាយដ៏គួរឱ្យភ័យខ្លាច ហើយកងកម្លាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើងនឹងត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួនដោយចៀសមិនរួច។ ទន្ទឹមនេះដែរ លោកស្រី ក៏បានបន្ថែមថា នេះមិនមែនគ្រាន់តែជាការគំរាមនោះទេ ប៉ុន្តែនេះជាការប្រាប់ទុកជាមុនពីប្រតិកម្មរបស់កូរ៉េខាងជើង បើកូរ៉េខាងត្បូងហ៊ានធ្វើសកម្មភាពយោធា។ 
 
គេមិនទាន់ដឹងច្បាស់ពីមូលហេតុដែលប្អូនស្រីមេដឹកនាំកូរ៉េខាងជើងចេញសេចក្ដីថ្លែងការណ៍បណ្ដាក់គ្នាលើបញ្ហាកូរ៉េខាងត្បូងឡើយ។ កូរ៉េខាងជើងនៅប៉ុន្មានខែនេះ ក៏បានបាញ់សាកល្បងមីស៊ីលដែលមានអានុភាពកាន់តែខ្លាំង ជាការបង្ហាញសាច់ដុំដាក់កូរ៉េខាងត្បូង៕
 

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com