អន្តរជាតិ
អាម៉េរិក និងអង់គ្លេស ជំរុញឱ្យព្យួររុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN
05, Apr 2022 , 10:29 pm        
រូបភាព
កិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនាពេលកន្លងមក។ រូបថត Xinhua
កិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនាពេលកន្លងមក។ រូបថត Xinhua
ដោយ:
អាម៉េរិក និងអង់គ្លេស បានប្រកាសនៅថ្ងៃទី៤ ខែមេសា ពីផែនការព្យួរសមាជិកភាពរុស្ស៊ីចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) ក្រោយពីមានការចោទប្រកាន់ថា ​ទាហានរុស្ស៊ី បានប្រព្រឹត្តអំពើសម្លាប់រង្គាលនៅក្រុង​ Bucha របស់អ៊ុយក្រែន។

អគ្គរដ្ឋទូតអាម៉េរិកប្រចាំអង្គការសហប្រជាជាតិ (UN) លោកស្រី​ Linda Thomas-Greenfield បានសរសេរលើ​ Twitter នៅថ្ងៃទី៤ ខែមេសា ថា​ រូបភាពនៃជនស៊ីវិលរាប់រយនាក់ត្រូវបានសម្លាប់នៅក្រុង Bucha និងការបំផ្លិចបំផ្លាញទូទាំងអ៊ុយក្រែន តម្រូវឱ្យបណ្តាប្រទេសចាប់ផ្តើមរួបរួមគ្នានាពេលឥឡូវនេះ​។ ​លោកស្រី បញ្ជាក់ថា គេមិនអាចអនុញ្ញាតឱ្យរដ្ឋដែលកំពុងបំផ្លាញគោលការណ៍រួមរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស បន្តជាសមាជិកឡើយ។ 
 
ការបោះឆ្នោតលើការព្យួរសមាជិកភាពរបស់រុស្ស៊ី អាចនឹងធ្វើឡើងនៅថ្ងៃទី៧ ខែមេសា។
 
តំណាងអាម៉េរិករូបនេះ បន្ថែមថា ​រុស្ស៊ីមិនគួរមានមុខតំណែងជាសិទ្ធិអំណាចនៅក្នុងស្ថាប័ននេះទេ ហើយក៏មិនគួរអនុញ្ញាតឱ្យរុស្ស៊ីប្រើប្រាស់កៅអីរបស់ខ្លួន ក្នុងក្រុមប្រឹក្សាជាឧបករណ៍នៃការឃោសនាដើម្បីបង្ហាញថា ពួកគេមានក្តីបារម្ភអំពីសិទ្ធិមនុស្សដែរ៕
 
ចំណែក រដ្ឋមន្រ្តីការបរទេស​អង់គ្លេស​ Liz Truss ក៏បានសរសេរតាមបណ្តាញ​ Twitter ដែរថា ព័ស្តុតាងដ៏រឹងមាំ បានបញ្ជាក់ពីឧក្រិដ្ឋកម្មសង្រ្គាមរួមមានរបាយការណ៍ស្តីពីកន្លែងកប់សពដ៏ធំ និងការសម្លាប់ដ៏សាហាវព្រៃផ្សៃក្នុងក្រុង Bucha​ ។
 
«រុស្ស៊ី មិនអាចបន្តធ្វើជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ UN​ ទៀតទេ។សមាជិកភាពរបស់រុស្ស៊ី ត្រូវតែព្យួរដាច់ខាត។» លោកស្រីបានបន្តបែបនេះ​។
 
ខណៈបណ្តាប្រទេសលោកខាងលិច បានថ្កោលទោសរុស្ស៊ីទាក់ទិននឹងការសម្លាប់យ៉ាងរង្គាលនេះ   ​​រុស្ស៊ី ក៏បានបញ្ចេញប្រតិកម្មដែរ។ នៅក្នុងសន្និសីទសារព័ត៌មាន​​នាថ្ងៃទី៤ ខែមេសា​​ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំUN លោក​ Vassily Nebenzia បាននិយាយថា ការប៉ុនប៉ងរបស់លោកខាងលិច ពិតជាមិនគួរឱ្យជឿសោះ។
 
«អ្វីដែលបស្ចឹមប្រទេសកំពុងព្យាយាមធ្វើមកលើរុស្ស៊ី កំពុងតែព្យាយាមដករុស្ស៊ីចេញពីវេទិកាពហុភាគី​ ដែលយើងកំពុងមាននៅក្នុងពិភពលោក។ ដំណោះស្រាយបែបនេះ មិនអាចជួយសម្រួល ឬលើកទឹកចិត្ត ឬផ្តល់ផលប្រយោជន៍អ្វីដល់កិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែនឡើយ។»លោក Nebenzia បានបញ្ជាក់បែបនេះ។
 
ដំណើរការព្យួររុស្ស៊ីចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស នឹងតម្រូវឱ្យមានសំឡេងគាំទ្រ២ភាគ៣នៃមហាសន្និបាតអង្គការសហប្រជាជាតិ។ ការបោះឆ្នោតអនុបវាទ មិនត្រូវបានយកមកពិចារណាក្នុងសំឡេងគាំទ្រភាគច្រើនដែលត្រូវការទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ​ AFP ។ យ៉ាងណាមិញ អាម៉េរិក និងអង់គ្លេស រំពឹងអាចប្រមូលសំឡេងគ្រប់គ្រាន់៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com