អន្តរជាតិ
ប្រជាជនតំបន់អាហ្រ្វិកខាងលិចប្រមាណ២៨លាននាក់ កំពុងជួបគ្រោះអត់ឃ្លានដ៏អាក្រក់
06, Apr 2022 , 2:02 pm        
រូបភាព
រូបថត UN
រូបថត UN
ដោយ:
ទីភ្នាក់ងារផ្ដល់ជំនួយមួយក្រុម បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី៥ ខែមេសា ដោយអះអាងថា ​តំបន់អាហ្រ្វិកខាងលិចកំពុងប្រឈមនឹងវិបត្តិស្បៀងអាហារដ៏អាក្រក់បំផុតជាប្រវត្តិសាស្រ្ត។ បញ្ហាជម្លោះផ្ទៃក្នុង គ្រោះរាំងស្ងួត និងផលប៉ះពាល់ពីសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ធ្វើឱ្យតម្លៃម្ហូបអាហារហក់ឡើងខ្ពស់។

យោងតាមសេចក្តីថ្លែងការណ៍រួមមួយចេញដោយអង្គការជំនួយអន្តរជាតិចំនួន១១ ​ប្រជាជនប្រមាណ ២៧លាននាក់ កំពុងរងទុក្ខវេទនាដោយគ្រោះអត់ឃ្លាននៅក្នុងតំបន់អាហ្រ្វិកខាងលិច ។ ចំនួននេះ អាចនឹងកើនឡើងដល់៣៨លាននាក់នៅខែមិថុនាខាងមុខ។
 
ផ្នែកភាគច្រើននៃអាហ្រ្វិកខាងលិចរួមមាន​​​​បួគីណាហ្វាសូ​ ម៉ាលី នីហ្សេ និងនីហ្សេរីយ៉ា កំពុងជួបបញ្ហាអសន្តិសុខសង្គម បង្កដោយក្រុមឥស្លាមជ្រុលនិយម ដែលបណ្តាលឱ្យប្រជាជនជាច្រើនលាននាក់បង្ខំចិត្តចាកចេញពីស្រុកកំណើតរបស់ពួកគេ។ ក្រៅពីជម្លោះផ្ទៃក្នុង ​ប្រទេសទាំងនោះ ក៏រងផលវិបាកខ្លាំងបំផុតដោយសារគ្រោះទុរ្ភិក្សដែរ។
 
បន្ថែមពីនេះ ​តំបន់ក្រីក្របំផុតមួយនេះ ក៏​ទទួលរងគ្រោះទឹកជំន ន់និងគ្រោះរាំងស្ងួតកាន់តែអាក្រក់ដោយសារផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ ដែលនាំឱ្យប្រជាជនពិបាកក្នុងការធ្វើស្រែចម្ការ។ទិន្នផលធញ្ញជាតិក្នុងឆ្នាំ២០២១ ដល់ឆ្នាំ២០២២ បានធ្លាក់ចុះ៣៩ភាគរយនៅនីហ្សេរីយ៉ា ​និង១៥ភាគរយនៅម៉ាលី។ នេះបើយោងតាមអង្គការបណ្តាញការពារវិបត្តិស្បៀងអាហាររបស់អាហ្រ្វិកខាងលិច​(RPCA)។
 
ជាមួយគ្នានេះ សង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ក៏បានដាក់បន្ទុកកាន់តែ​ធ្ងន់ទៅកាន់បណ្តាប្រទេសក្រីក្រដោយនាំឱ្យតម្លៃអាហារពិភពលោកកើនឡើងខ្ពស់ និងរារាំងចរន្តពាណិជ្ជកម្ម។ ប្រទេសអាហ្រ្វិកខាងលិចចំនួន៦ប្រទេស តែងតែនាំចូលស្រូវសាលីប្រមាណ៣០ភាគរយទៅ៥០ភាគរយពីរុស្ស៊ី និងអ៊ុយក្រែន។
 
នាយករបស់អង្គការ Oxfam សម្រាប់អាហ្វ្រិកខាងលិច និងកណ្តាល លោកស្រី Assalama Dawalack Sidi បានព្រមានថា សង្រ្គាមអ៊ុយក្រែននឹងអាចបង្វែរមូលនិធិក្នុងតំបន់អាហ្រ្វិកខាងលិចផងដែរ។លោកស្រីបញ្ជាក់ថា  ម្ចាស់ជំនួយជាច្រើនបានបង្ហាញពីបំណងរបស់ពួកគេរួចរាល់ហើយពីលទ្ធភាពកាត់ជំនួយមូលនិធិសម្រាប់អាហ្រិ្វកទៅជួយដល់ជនភៀសខ្លួននៅអឺរ៉ុបជំនួសវិញ៕
 

Tag:
 អាហ្វ្រិក
© រក្សាសិទ្ធិដោយ thmeythmey.com