កីឡាអន្តរជាតិ
អន្តរជាតិ
UCL ៖ គ្រូ Chelsea ពេញចិត្តការប្រកួតទល់ក្រុម Real ឯគ្រូ Villarreal ត្រៀមរួចរាល់ទទួល Bayern
06, Apr 2022 , 3:01 pm        
រូបភាព
ក្រុមតោខៀវ Chelsea នឹងទទួលស្វាគមន៍ក្រុមអធិរាជស Real Madrid ក្នុងជំនួបពានរង្វាន់ UEFA Champions League វគ្គ១/៤ នាកីឡដ្នាន Stamford Bridge ថ្ងៃទី៧ ខែមីនា។ ចំណែកឯ Villarreal ទទួលក្រុម Bayern Munich។

មុនមកដល់ជំនួបក្នុង Champions League ទល់ក្រុមអធិរាជស ក្រុមតោខៀវដែលដឹកនាំដោយ Thomas Tuchel បានប្រកួតចាញ់ក្រុម Brentford ក្នុងលទ្ធផល​ ៤-១ នៃជំនួប Premier League។ ចំណែក Real Madrid មុនជំនួបនេះ បានយកឈ្នះលើក្រុម Celta Vigo លទ្ធផល ២-០ នៃក្របខណ្ឌ La Liga។
 
ក្រុមតោខៀវ​ Chelsea និងក្រុម Real Madrid ធ្លាប់បានជួបគ្នាត្រឹមតែ៣លើកប៉ុណ្ណោះ ដោយក្នុងនោះ Chelsea យកឈ្នះ១លើក ស្មើ១លើក និងចាញ់១លើក។ ជំនួបចុងក្រោយរវាងក្រុមទាំងពីរ គឺនារដូវកាល ២០២០-២១ កន្លងទៅ ដែលស្ថិតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយ Chelsea យកឈ្នះ ២-០ លើ ​Real Madrid ក្នុងជំនួបជើងទី២។ Chelsea ជាម្ចាស់ពានរង្វាន់ Champions League ដោយយកឈ្នះ Manchester City លទ្ធផល ១-០។
 
«វាពិតជាការប្រកួតប្រជែងដ៏លំបាក ក៏ប៉ុន្តែនេះជាអ្វីដែលក្រុមរបស់យើងស្រលាញ់ចូលចិត្ត។ យើងអាចតទល់ជាមួយរឿងនេះបាន ហើយយើងក៏ជ្រើសរើសយកដោយការចូលចិត្ត។ យើងត្រូវធ្វើយ៉ាងណាបង្ហាញថាយើងនឹងល្អគ្រប់គ្រាន់ក្នុងការប្រកួតនេះ»។លោក Tuchel និយាយបែបនេះក្នុងសន្និសីទកាសែតមុនការប្រកួត។
 
ទោះជាយ៉ាងនេះក៏ដោយ បញ្ហាកីឡាករសម្រាប់ការប្រកួតរបស់ Chelsea អាចជាលក្ខខណ្ឌដ៏លំបាកមួយដោយត្រូវអវត្តមានកីឡាករសំខាន់ដូចជា ​Ben Chilwell, Callum Hudson-Odoi, Trevoh Chalobah និង Christian Pulisic ។ ខណៈ Real Madrid មានបញ្ហាកីឡាករតែ៣រូបប៉ុណ្ណោះរួមមាន Eden Hazard រងរបួស ចំណែក Isco និង Luka Jovic មិនអាចជួយក្រុម។
 
មុនទទួលក្រុមខ្លាំងអាល្លឺម៉ង់ Bayern Munich វេលាម៉ោង ២រំលងអាធ្រាត្រ លោក Unai Emery អ្នកចាត់ការក្រុម Villarreal និយាយថា ក្រុមទាំងមូលត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួត។
 
«យើងត្រូវលេងឱ្យបានល្អបំផុតតាមតែអាចទៅបានក្នុងប្រកួតនេះ។ យើងបានឆ្លងកាត់ប៉ះក្រុមខ្លាំងជាច្រើនដូច Manchester United, Atalanta និងទម្លាក់ Juventus ដែលជាការប្រកួតយ៉ាងអស្ចារ្យសម្រាប់យើង។​ វាបានបង្រៀនយើងរហូតមកដល់ពេលនេះ យើងចង់ឱ្យមនុស្សគ្រប់គ្នាបានឃើញពីតម្លៃរបស់យើងដែលមានវត្តមាននៅទីនេះ»។ នេះជាការលើកឡើងរបស់លោក Emery៕
 

Tag:
 UEFA Champions League
  Chelsea
  Villarreal
© រក្សាសិទ្ធិដោយ thmeythmey.com