អន្តរជាតិ
​ក្រសួងការបរទេសអាម៉េរិក​ ឯកភាពលក់សម្ភារយោធាឱ្យ​តៃវ៉ាន់ទំហំ៩៥លាន​ដុល្លារ
06, Apr 2022 , 8:29 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ក្រសួងការបរទេសអាម៉េរិក បានយល់ព្រម​លក់ឧបករណ៍ សម្ភារសម្រាប់ហ្វឹកហាត់ និងសម្ភារយោធាផ្សេងទៀត ​ដើម្បីគាំទ្រប្រព័ន្ធការពារអាកាស Patriot ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ ៩៥ លានដុល្លារឱ្យ​តៃវ៉ាន់។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិអាម៉េរិក នៅថ្ងៃទី៥ មេសា។ ដូចសព្វដង ក្រសួងការបរទេសចិន ចេញមុខប្រឆាំងការលក់នេះ  និងសន្យាចាត់វិធានការសងសឹក។ 
 
នៅក្នុងសេចក្តីជូនដំណឹងមួយទៅកាន់សភាអាម៉េរិក មន្ទីរបញ្ចកោណ បានអះអាងថា កញ្ចប់យោធា ដែលក្រសួងការបរទេសអាម៉េរិកយល់ព្រមលក់ឱ្យតៃវ៉ាន់ក្នុងទំហំទឹកប្រាក់ ៩៥លានដុល្លារ មានរួមបញ្ចូលទាំងការហ្វឹកហ្វឺន ការរៀបចំផែនការ ការដាក់ពង្រាយ ប្រតិបត្តិការ ការថែទាំ និងពង្រឹងប្រព័ន្ធការពារអាកាស Patriot រួមទាំងការផ្គត់ផ្គង់ឧបករណ៍យោធាដែលពាក់ព័ន្ធផ្សេងទៀត។
 
«សំណើលក់នេះ នឹងបម្រើផលប្រយោជន៍ សេដ្ឋកិច្ច និងសន្តិសុខរបស់អាម៉េរិក ដោយបន្តគាំទ្រដល់កិច្ចខិតខំភាគីទិញសម្ភារ ដើម្បីធ្វើទំនើបកម្មកម្លាំងប្រដាប់អាវុធ រក្សាសមត្ថភាពការពារឱ្យបានល្អ»។ នេះបើតាមការលើកឡើងរបស់មន្ទីរបញ្ចកោណ មុនបន្តថា ការលក់ឧបករណ៍យោធានេះ នឹងជួយតៃវ៉ាន់ធានាបានការត្រៀមខ្លួនសម្រាប់ប្រតិបត្តិការផ្លូវអាកាស និងប្រើប្រាស់សមត្ថភាពទាំងនោះ ដើម្បីរារាំងការគំរាមកំហែងក្នុងតំបន់ និងពង្រឹងប្រព័ន្ធការការពារមាតុភូមិខ្លួន។
 
តាមរយៈច្បាប់ទំនាក់ទំនងតៃវ៉ាន់ឆ្នាំ ១៩៧៩ អាម៉េរិក មានសិទ្ធិលក់អាវុធឱ្យតៃវ៉ាន់ ដើម្បីពង្រឹងសមត្ថភាពការពារជាតិខ្លួនពីការឈ្លានពានពីប្រទេសណាមួយ។ កន្លងមក រដ្ឋាភិបាលក្រុងប៉េកាំង តែងរិះគន់ក្រុងវ៉ាស៊ីនតោនយ៉ាងខ្លាំងជុំវិញការលក់អាវុធឱ្យក្រុងតៃប៉ិ ដែលត្រូវបានចិនចាត់ទុកជាផ្នែកមួយនៃដែនរដ្ឋបាលរបស់ខ្លួន។ 
 
បន្ទាប់ពីក្រសួងការបរទេសយល់ព្រមលក់អាវុធ តៃវ៉ាន់ បានសាទរយ៉ាងខ្លាំង ចំពោះការគាំទ្ររបស់រដ្ឋបាលលោក ចូ បៃឌិន ។ បើតាមការិយាល័យប្រធានាធិបតីតៃវ៉ាន់ នេះគឺជាការលក់អាវុធលើកទីបី ដែលបានប្រកាសចាប់តាំងពីលោក បៃឌិន ចូលកាន់តំណែង ហើយបានបង្ហាញពីទំនាក់ទំនងដ៏រឹងមាំរវាងរដ្ឋាភិបាលទាំងពីរ។ អ្នកនាំពាក្យការិយាល័យប្រធានាធិបតីតៃវ៉ាន់ លោក Xavier Chang ក្នុងសេចក្តីថ្លែងការណ៍មួយ បានលើកឡើងថា​ តៃវ៉ាន់នឹងបន្តបង្ហាញការប្តេជ្ញាចិត្ត ក្នុងការការពារខ្លួន និងបន្តពង្រឹងភាពជាដៃគូសហប្រតិបត្តិការជាមួយអាម៉េរិក និងប្រទេសដទៃ។ 
 
មួយថ្ងៃបន្ទាប់ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានរិះគន់អាម៉េរិក និងសន្យាចាត់វិធានការសងសឹក ដើម្បីការពារផលប្រយោជន៍សន្តិសុខ និងអធិបតេយ្យភាពខ្លួន។ បើតាមលោក Zhao ការយល់ព្រមលក់អាវុធពីសំណាក់អាម៉េរិកឱ្យតៃវ៉ាន់ គឺប៉ះពាល់ផលប្រយោជន៍អធិបតេយ្យ សន្តិសុខ ការអភិវឌ្ឍរបស់ចិន រួមទាំងបំផ្លាញទំនាក់ទំនងចិន-អាម៉េរិក និងប៉ះពាល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ 
 
ក្រសួងការពារជាតិតៃវ៉ាន់ រំពឹងថា កិច្ចព្រមព្រៀងនោះ នឹងមានប្រសិទ្ធភាពក្នុងរយៈពេលមួយខែ៕ 
 

Tag:
 អាម៉េរិក
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com