អន្តរជាតិ
លោក ម៉ាក្រុង អាចផ្ដួលលោកស្រី ឡឺ ប៉ែន ដូច៥ឆ្នាំមុន? 11, Apr 2022 , 4:11 pm
× លោក អេម៉ានុយអែល ម៉ាក្រុង នឹងត្រូវការពារកៅអីប្រធានាធិបតីរបស់ខ្លួន ទល់នឹងគូប្រជែងស្រួចស្រាល ម៉ារីន ឡឺ ប៉ែន នៅជុំទី២ ថ្ងៃទី២៤ ខែមេសាខាងមុខ។ លោក ម៉ាក្រុង និងលោកស្រី ឡឺប៉ែន ជាបេក្ខជនដែលទទួលសំឡេងច្រើនជាងគេលំដាប់ទី១ និងទី២ ក្នុងការបោះឆ្នោតជុំទី១ ថ្ងៃទី១០ ខែមេសា ហើយមានសិទ្ធិបន្តទៅវគ្គចុងក្រោយ។ តើលោក ម៉ាក្រុង អាចផ្ដួលគូប្រជែងចាស់ដូច៥ឆ្នាំមុនដើម្បីរក្សាកៅអីប្រធានាធិបតីឬយ៉ាងណា?
ក្នុងដំណើរការពារកៅអីប្រធានាធិបតីសម្រាប់អាណត្តិទី២ លោក អេម៉ានុយអែល ម៉ាក្រុង ទទួលសំឡេងគាំទ្រ២៧,៦ភាគរយក្នុងការបោះឆ្នោតជុំទីមួយថ្ងៃទី១០ ខែមេសា។ លោក ម៉ាក្រុង នាំមុខបេក្ខជនស្ដាំនិយមជ្រុលលោកស្រី ម៉ារីន ឡឺ ប៉ែន ដែលទទួលបានសំឡេងប្រកៀកប្រកិត២៣,៤ភាគរយ។ បេក្ខជនទាំងពីរ នឹងត្រូវតទល់គ្នានៅជុំទីពីរថ្ងៃទី២៤ ខែមេសា ព្រោះមិនមានបេក្ខជនណាដែលអាចទទួលបានសំឡេងលើស៥០ភាគរយ។
៥ឆ្នាំមុន ក្នុងការបោះឆ្នោតជុំទី២ លោក ម៉ាក្រុង ផ្ដួលលោកស្រី ឡឺ ប៉ែន ដោយគម្លាត៦៦,១០ភាគរយ ទល់នឹង៣៣,៩០ភាគរយ។ យ៉ាងណាមិញ នៅឆ្នាំ២០២២នេះ គម្លាតដ៏ធំនេះមិនមានទៀតឡើយ។ ក្នុងការស្ទង់មតិ លោក ម៉ាក្រុង ដែលនៅតែឈរលេខរៀងទី១ មានសំឡេងគាំទ្រ៥១ភាគរយ ទល់នឹង៤៩ភាគរយរបស់លោកស្រី ឡឺ ប៉ែន ។
«អ្វីៗមិនទាន់សម្រេចនៅឡើយទេ។» លោក ម៉ាក្រុង ថ្លែងទៅកាន់អ្នកគាំទ្របែបនេះ ជាមួយនឹងការអំពាវនាវឱ្យពួកគេបន្តគាំទ្រលោកដើម្បីទប់ស្កាត់ក្រុមស្ដាំនិយមជ្រុលឡើងដឹកនាំបារាំងដែលមានសេដ្ឋកិច្ចធំទី២ នៅប្លុកអឺរ៉ុប។ ប្រធានាធិបតីបារាំងរូបនេះ ក៏ស្នើឱ្យអ្នកគាំទ្រលោកស្រី ឡឺ ប៉ែន បោះឆ្នោតឱ្យលោកផងដែរ។
ចំណែកលោកស្រី ឡឺ ប៉ែន វិញ ប្រាប់អ្នកគាំទ្រថា លោកស្រីជាអ្នកគាំទ្រអ្នកទន់ខ្សោយ និងជាអ្នកបង្រួបបង្រួមប្រទេស។ លោកស្រីអះអាងថា លោកស្រីនឹងនាំយកសណ្ដាប់ធ្នាប់មកឱ្យបារាំងវិញ។
អំឡុងពេល២សប្ដាហ៍ទៅមុខ បេក្ខជនទាំងពីរ សុទ្ធតែប្ដេជ្ញាទាក់ទាញការគាំទ្រពីប្រជាជនបារាំងដើម្បីដឹកនាំប្រទេស ព្រោះការស្ទង់មតិបង្ហាញថា គម្លាតមិនមានធំឡើយរវាងអ្នកទាំងពីរ៕
© រក្សាសិទ្ធិដោយ thmeythmey.com