អត្ថបទពាណិជ្ជកម្ម
អុីដតខូ ខេមបូឌា បន្តប្តេជ្ញាចិត្តលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅកម្ពុជា
12, Apr 2022 , 11:47 am        
រូបភាព
ភ្នំពេញ៖ ក្រុមហ៊ុន អុីដតខូ ខេមបូឌា ដែលជាក្រុមហ៊ុនឈានមុខគេ ក្នុងការផ្តល់ជូនសេវាកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅកម្ពុជា បាននិងកំពុងដំឡើងបង្គោលអង់តែន ពហុជំនាញ ​(smart lamp pole) ជាច្រើនទីតាំង ដើម្បីលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅទូទាំងប្រទេស។ នេះជាការសបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះការរចនា និងការច្នៃប្រឌិត នូវហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព សម្រាប់ប្រជាជនកម្ពុជាទាំងអស់​។
 
យោងតាមលិខិត លេខ ២៩៥៣ ​ន.ទ.ក របស់និយ័តករទូរគមនាគមន៍កម្ពុជា (TRC) ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១  TRC បានស្នើឲ្យក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់ នៅកម្ពុជា បង្កើនការលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ ឲ្យបានកាន់តែប្រសើរជាងមុន ជាពិសេសក្នុងបុរី ប៉េង ហួត នៅបឹងស្នោរ។ ជាមួយគ្នានេះ TRC ក៏បានកំណត់នូវគម្រោងចំនួន ៥៦ សម្រាប់១៧ បុរី ជាអាទិភាព ដើម្បីឲ្យក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់ បង្កើនការលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ ឲ្យបានកាន់តែប្រសើរ (យោងលិខិតរបស់លេខ ១១២៤ ន.ទ.ក និង លេខ ៥០​ប.ទ.ស.ស.រ)។
 


លោក Phillip Wong នាយកប្រចាំតំបន់នៃក្រុមហ៊ុន អុីដតខូ គ្រុប បានឱ្យដឹងថា៖ «អុីដតខូ ខេមបូឌា ប្តេជ្ញាចិត្តខ្ពស់ ក្នុងការលើកកម្ពស់គុណភាពបណ្តាញគ្របដណ្តប់ តាមរយៈការផ្តល់ជូននូវដំណោះស្រាយ ប្រកបដោយភាពច្នៃប្រឌិត ឲ្យទៅដល់អ្នកប្រើប្រាស់នៅទីនេះ បានកាន់តែច្រើន ដោយកាត់បន្ថយការចំណាយ ផលប៉ះពាល់ចំពោះបរិស្ថាន និងធានាបាននូវប្រសិទ្ធភាពខ្ពស់។ ដំណោះស្រាយបង្គោលអង់តែនពហុជំនាញ ប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាពនេះ នឹងជួយពង្រីកការតភ្ជាប់ កាត់បន្ថយការកកស្ទះទិន្នន័យ ផ្តល់បទពិសោធន៍វិជ្ជមាន ដល់អតិថិជន និងចុងក្រោយរួមចំណែក ដល់ផែនការឌីជីថល របស់ប្រទេសកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយមួយ ក្នុងការត្រៀមរៀបចំហេដ្ឋារចនាសម្ព័ន្ធឌីជីថល សម្រាប់បច្ចេកវិទ្យាទំនើបនាពេលអនាគត»។
 
លោកបន្ថែមថា៖ «តបតាមសំណើរបស់ក្រសួង ក្នុងនាមជាក្រុមហ៊ុនឈានមុខគេ ក្នុងការផ្តល់ជូនសេវាកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅកម្ពុជា អុីដតខូ ខេមបូឌា ទទួលខុសត្រូវ លើការដំឡើងបង្គោលអង់តែនពហុជំនាញ ចំនួន៧ ទីតាំងផ្សេងៗគ្នាក្នុងបុរី ប៉េង ហួត នៅបឹងស្នោរ ក្នុងនោះ ៣ ទីតាំង បានបញ្ចប់រួចរាល់ កាលពីខែកុម្ភៈកន្លងទៅ ខណៈដែល ៤ ទីតាំងផ្សេងទៀត បានបញ្ចប់នាខែមីនា ឆ្នាំ២០២២នេះ។ នេះគឺជាសមិទ្ធផលដ៏សំខាន់មួយមិនត្រឹមតែសម្រាប់ អុីដតខូ ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងឧស្សាហកម្មទូរគមនាគមន៍។ បង្គោលអង់តែនពហុជំនាញ គឺជាដំណោះស្រាយដ៏ល្អ ដើម្បីពន្លឿនហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់បណ្តាញនៅក្នុងប្រទេស។ វាមានល្បឿនលឿន ក្នុងការសាងសង់ ហើយនឹងជួយឱ្យក្រុមហ៊ុនប្រតិបត្តិករបណ្តាញទូរស័ព្ទចល័ត និងអ្នកផ្តល់សេវាបច្ចេកវិទ្យាផ្សេងទៀត បង្កើនសមត្ថភាពបណ្តាញ និងការគ្របដណ្តប់របស់ពួកគេ បានកាន់តែប្រសើរដើម្បីបំពេញតម្រូវការ ដែលកំពុងរីកចម្រើន និងការកើនឡើង នៃការប្រើប្រាស់របស់អ្នកប្រើប្រាស់ទាំងអស់»។
 
រហូតមកដល់ពេលនេះ ក្រុមហ៊ុន ដំឡើងបង្គោលអង់តែនបានជាង ៤ ០០០ បង្គោលហើយនៅទូទាំងប្រទេស និងបានដំឡើងបង្គោលអង់តែនថ្មី ច្នៃពីកាបូនដំបូងគេបង្អស់នៅខេត្តសៀមរាប កាលពីពេលកន្លងទៅ ដែលវាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយ បាននូវតម្រូវការ នៃបណ្តាញគ្របដណ្តប់បានកាន់តែទូលំទូលាយ និងគួរឱ្យទុកចិត្តបាន។
 
លោក Phillip បានបញ្ជាក់ថា ប្រទេសជាច្រើនទាំងក្នុងតំបន់ និងពិភពលោក រួមទាំងកម្ពុជាផង បាននិងកំពុងរៀបចំផែនទីចង្អុលផ្លូវ ដើម្បីឆ្ពោះទៅរកការដាក់ឲ្យប្រើប្រាស់ នូវបច្ចេកវិទ្យា 5G។ ដូច្នេះ បង្គោលអង់តែន គឺជាហេដ្ឋារចនាសម្ព័ន្ធដ៏ចាំបាច់ ដើម្បីឲ្យធ្វើសេវាទូរ​គមនាគមន៍ គ្របដណ្តប់បានកាន់តែធំទូលំទូលាយ និងរួមចំណែកឲ្យសម្រេចបាន នូវផែនការនេះ។ ក្រុមហ៊ុន អុីដតខូ នឹងបន្តកិច្ចខិតខំប្រឹងប្រែង ឲ្យកាន់តែខ្លាំងឡើងបន្ថែមទៀតក្នុងការផ្តល់ជូនហេដ្ឋារចនាសម្ព័ន្ធរួម ដ៏ល្អឥតខ្ចោះ ដែលជាតម្រូវការដ៏ចាំបាច់ ដើម្បីឲ្យកម្ពុជា សម្រេចបាននូវផែនការឌីជីថល ដោយនឹងរួមបញ្ចូលនូវបច្ចេកវិទ្យាទំនើបចុងក្រោយ រួមមាន​ Small Cell និង smart lamp pole ជាដើម​៕
 
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 
អុីដតខូ (ខេមបូឌា) ខូអិលធីឌី 
អគារ Keystone Building #146, Unit 3AB មហាវិថីព្រះនរោត្តម 
សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ 
ទូរស័ព្ទ: +855 10 209 999 ៕
 
(អត្ថបទពាណិជ្ជកម្ម)
 
 

Tag:
 E.co
© រក្សាសិទ្ធិដោយ thmeythmey.com