កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២៖ កិច្ចសហការជាមួយមូលនិធិ Planet Water បាននាំមកនូវការដំឡើងងប៉មចម្រោះទឹកស្អាត AquaTower ទី៣៥ នៅសាលាបឋមសិក្សា ហ៊ុន សែន បាចុង ខេត្តស្ទឹងត្រែង ដោយបានផ្តល់ជូនសហគមន៍ នូវប្រព័ន្ធចម្រោះទឹកស្អាត ព្រមទាំងកម្មវិធីអប់រំ សុខភាពអនាម័យ។ នេះក៏សូមថ្លែងអំណរគុណ ដល់ការឧបត្ថម្ភគាំទ្រពីមូលនិធិកូកា-កូឡា (The Coca-Cola Foundation)។
មូលនិធិកូកា-កូឡា គឺជាស្ថាប័នសប្បុរសធម៌សាកល របស់ក្រុមហ៊ុនកូកា-កូឡា ដែលបានផ្តល់ជំនួយដល់មូលនិធិ Planet Water ដើម្បីដាក់ពង្រាយប៉មចម្រោះទឹកស្អាត AquaTowers ទាំងនេះក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកស្រី Saadia Madsbjerg ប្រធានមូលនិធិកូកា-កូឡា មានប្រសាសន៍ថា៖ «មូលនិធិកូកា-កូឡា មានប្រវត្តិយូរអង្វែងមកហើយនៅទូទាំងពិភពលោក ក្នុងការគាំទ្រគម្រោងនានា លើកិច្ចការពារ និងផ្តល់លទ្ធភាពទទួលបានធនធានទឹកស្អាត សម្រាប់ប្រើប្រាស់។ នៅប្រទេសកម្ពុជាវិញ យើងមានមោទកភាព ដែលការឧបត្ថម្ភគាំទ្ររបស់យើង ដល់មូលនិធិ Planet Water នឹងអាចផ្តល់លទ្ធភាពទទួលបានទឹកពិសា ប្រកបដោយសុវត្ថិភាព និងឥតគិតថ្លៃ សម្រាប់ប្រជាសហគមន៍។ គម្រោងនេះ នឹងគ្របដណ្តប់នៅទូទាំងប្រទេសកម្ពុជា គិតត្រឹមដំណាច់ឆ្នាំ២០២២នេះ»។
បច្ចេកវិទ្យាប៉មចម្រោះទឹកស្អាត AquaTower របស់មូលនិធិ Planet Water មានសមត្ថភាពកម្ចាត់បាក់តេរី ប្រូតូហ្សូអា វីរុស ភ្នាក់ងារបង្ករោគ និងសារធាតុកខ្វក់ផ្សេងទៀត ដែលធំជាង ០,០១ មីក្រូន ហើយផ្តល់ឱ្យកុមារ និងប្រជាសហគមន៍ នូវទឹកស្អាតសម្រាប់បរិភោគប្រកបដោយសុវត្ថិភាព។ ចាប់តាំងពីឆ្នាំ២០១៦ មក តាមរយៈការគាំទ្រពីមូលនិធិកូកា-កូឡា មូលនិធិ Planet Water បានសាងសង់ប៉មចម្រោះទឹកស្អាត AquaTowers ចំនួន៣៤ និងផ្តល់អត្ថប្រយោជន៍ ដល់ប្រជាពលរដ្ឋជាង ៥៥ ០០០នាក់ ក្នុងខេត្តចំនួន ១៩ នៅទូទាំងប្រទេសកម្ពុជា។ គិតត្រឹមដំណាច់ឆ្នាំ២០២២នេះ យើងនឹងអាចសម្រេចបាន ប៉មចម្រោះទឹកស្អាត AquaTowers ចំនួន៤១ នៅគ្រប់ខេត្តទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ដោយផ្តល់ជូនសហគមន៍ នូវប្រព័ន្ធចម្រោះទឹកស្អាត និងកម្មវិធីអប់រំសុខភាពអនាម័យ។
ក្រៅពីទឹកស្អាតសម្រាប់បរិភោគ គម្រោង AquaTower ក៏ផ្តល់ជូនសាលារៀន និងសហគមន៍ជនបទ នូវកន្លែងលាងសម្អាតដៃ និងអនាម័យផងដែរ។ កន្លែងលាងដៃ ត្រូវបានបំពាក់ទៅនឹងតួប៉មចម្រោះទឹកស្អាត AquaTower នីមួយៗ ហើយបម្រើជាធនធានអនាម័យ សំខាន់មួយដល់សាលារៀន ដោយកន្លែងលាងដៃនីមួយៗ មានផ្តល់ជូនឧបករណ៍ដាក់សាប៊ូលាងដៃ និងបដាផ្ទាំងផ្សព្វផ្សាយ អមដោយសារយល់ដឹងអំពីការលាងដៃ និងការអនុវត្តល្អបំផុតសម្រាប់អ្នកប្រើប្រាស់ប៉មនេះ។
គម្រោងនេះ ក៏មានកម្មវិធីអប់រំអនាម័យ ដោយអនុវត្តជាក់ស្តែង ដល់សិស្សានុសិស្សផងដែរ។ កម្មវិធីនៅតាមសាលារៀន និងសហគមន៍ទាំងនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងអប់រំ និងផ្តល់សិទ្ធិអំណាចដល់កុមារ និងអ្នកថែទាំកុមារ ក្នុងការផ្លាស់ប្តូរគោលគំនិត និងអាកប្បកិរិយា ចំពោះសុខភាពទឹក និងអនាម័យ។
ថ្លែងក្នុងពិធីសម្ពោធ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា ៖“ក្នុងនាមរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមូលនិធិ កូកា-កូឡា និងក្រុមហ៊ុនកូកា-កូឡាកម្ពុជា ដែលបានជួយលើកកម្ពស់សុខភាព និងអនាម័យ នៅទូទាំងប្រទេសកម្ពុជា។ នេះគឺជា AquaTowers មួយក្នុងចំណោម AquaTowers ជាច្រើនដែល ក្រុមហ៊ុនបាន និងកំពុងផ្តល់នៅទូទាំងប្រទេស ហើយនឹងរំពឹងថា ផ្តល់ផលជាវិជ្ជមានដល់ជីវិតប្រជាជនកម្ពុជាជាច្រើន”។
លោក Mark Steele ស្ថាបនិក និងជានាយកប្រតិបត្តិរបស់មូលនិធិ Planet Water បានមានប្រសាសន៍ថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រ ដែលយើងបានទទួល និងបន្តទទួលបានពីអ្នកឧបត្ថម្ភ និងដៃគូសាជីវកម្មរបស់យើង រួមទាំងមូលនិធិកូកា-កូឡាផងដែរ»។ លោកបន្ថែមថា៖ «ឥទ្ធិពលដែលយើងកំពុងបង្កើត មិនអាចវាស់បានដោយតួលេខនោះទេ តែតាមរយៈការនាំយកទឹកស្អាត ទៅកាន់សហគមន៍ដែលខ្វះខាត ពួកយើងកំពុងធ្វើឱ្យប្រសើរឡើងនូវសុខភាព និងគុណភាពជីវិត សម្រាប់បុគ្គលរាប់ពាន់នាក់ ដែលឥឡូវនេះ ពួកគាត់អាចបង្វែរការយកចិត្តទុកដាក់របស់ពួកគេ ទៅកាន់ទិដ្ឋភាពផ្សេងទៀតនៃជីវិត ជំនួសឱ្យការនៅតែបន្តបារម្ភ អំពីបញ្ហាប្រឈមនេះ»។
សូមជម្រាបជូនផងដែរថា ចាប់តាំងពីឆ្នាំ២០១០មក មូលនិធិកូកា-កូឡា បានបរិច្ចាគថវិកាជាង ១៣លានដុល្លារ ដល់កិច្ចសហប្រតិបត្តិការទឹកនានា នៅក្នុងបណ្តាប្រទេសនានានៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖
www.cbcl.com.kh ឬចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់យើង៖ Cambodia Beverage Company Ltd។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ តាមរយៈអ៊ីមែល
.kh៕
(អត្ថបទពាណិជ្ជកម្ម)