ជាតិ
ពីនេះ ពីនោះ
កំណប់រូបិយវត្ថុ​ត្រង់ចំណុចកន្លះឡាននៅអង្គរបុរី ជារតនវត្ថុ​ដ៏មានតម្លៃសម្រាប់បុ​រាណវិទូ
24, Apr 2022 , 10:59 pm        
រូបភាព
ភ្នំពេញ៖ នាអំឡុងឆ្នាំ២០១១ គេបានរកឃើញកំណប់រូបិយវត្ថុជាច្រើនប្រភេទ នៅក្នុងភូមិកំពង់ពោធិ ត្រង់កន្លែងឈ្មោះកន្លះឡាន គឺ​ការដ្ឋានតាមបណ្តោយផ្លូវពីភ្នំដាទៅអង្គរបុរី ដែលឆ្លងកាត់ទីប្រជុំជន នៃរាជធានីបុរាណ។ គេបានធ្វើរបកគំហើញសំខាន់ៗ កាលពីចន្លោះឆ្នាំ២០១១ និងឆ្នាំ២០១២ ដោយគេបានប្រទះឃើញចិញ្ចៀនត្រាធ្វើពីទង់ដែង និងសំណប៉ាហាំង ក្រវិលធ្វើអំពីមាសដាំត្បូងមរកត កាក់មាស សន្លឹកមាសមានក្បាច់លម្អ បំណែកកុលាលភាជន៍ បំណែកឆ្អឹង និងកាក់ព្រះអាទិត្យរះជាច្រើន។

បើតាមសៀវភៅ«កំណប់រូបិយវត្ថុអង្គរបុរី» ដែលផ្តល់ដោយសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ​ផ្ទះអ្នកស្រុកនៅតាមបណ្តោយផ្លូវធំ ជាទូទៅសង់ខ្ពស់ជាងផ្លូវពីមួយម៉ែត្រ ទៅពីរម៉ែត្រ។ នៅក្នុងគំនរដី និងអន្លង់ដែលគេជីកការដ្ឋានផ្លូវ គេបានរកឃើញបំណែកកុលាលភាជន៍ បំណែកឆ្អឹង និងអលង្ការជាដើម។ បំណែកកុលាលភាជន៍ ដែលប្រមូលបាន ត្រូវបានគេយកទៅរក្សាទុកក្នុងសារមន្ទីរអង្គរបុរី រួមទាំងបំណែកសិលាចារឹកមួយដុំធ្វើអំពីភក់ នៅសតវត្សទី៧ ក្រោយគ្រឹស្តសករាជ។ 


   រូបភាពពីសៀវភៅ «កំណប់រូបិយវត្ថុអង្គរបុរី» 

នៅខែឧសភា ឆ្នាំ២០១១ ក្រុមហ៊ុនឯកជនមួយជំនាញខាងកប់ខ្សែកាបអុបទិក និងទូរសព្ទ បានចាប់ផ្តើមជីកតាមបណ្តោយផ្លូវទៅភ្នំដា។ ស្ថិតក្នុងភូមិកំពង់ពោធិ៍ត្រង់កន្លែងឈ្មោះកន្លះឡាន កម្មករ៣នាក់ មកពីខេត្តព្រៃវែង បានប្រទះឃើញក្រឡជាច្រើន ដោយពួកគេបានដំបំបែក រកវត្ថុមានតម្លៃ។ គេប៉ាន់ប្រមាណថា មានកាក់ធ្វើពីមាស និងប្រាក់ រហូតដល់២០គីឡូក្រាម ដែលមួយចំនួនធំ ប្រហែលជាប្រភេទកាក់ព្រះអាទិត្យរះ ព្រមទាំងបន្ទះប្រាក់ និងគ្រឿងអលង្ការ។ បន្ទាប់ពីបានប្រទះឃើញកំណប់ទាំងនោះ គ្រួសាររបស់កម្មករ ទំនងជាបង្ខំចាកចេញទៅសៀមរាបទាំងយប់ ដោយនៅទីនោះបក្សពួករបស់គេ នឹងជួយលក់កំណប់នេះ​។ 
 
ចំណែកក្រឡយ៉ាងតិចចំនួនមួយ ប្រហែលជាត្រូវបានគេកប់ចូលគំនរដីវិញ ដើម្បីបំបាត់ព័ស្តុតាង ហើយពួកគេបានទុកកាក់ធ្វើអំពីប្រាក់ជាច្រើន ចោលនៅទីនោះ។ អ្នកភូមិនៅទីនោះបានរើស ដោយកាក់មួយភាគធំ ត្រូវបានគេស្លយកប្រាក់សុទ្ធភ្លាម​ដែរ នៅអង្គរបុរី។ ចំណែកកាក់ផ្សេងទៀត ត្រូវបានគេលក់នៅម្តុំនោះ និងនៅភ្នំពេញ។ 
 
ដោយឡែក ស្ថិតនៅចំកណ្តាលអង្គរបុរី ការជីកសងខាងផ្លូវ មានជម្រៅរហូតដល់ ៣ម៉ែត្រ ជាជម្រៅដែលសម្បូរដោយសំណល់បុរាណវិទ្យា។ នៅខែកញ្ញា ឆ្នាំ២០១២ នៅពេលដែលគេដាក់លូ គេក៏ឃើញច្បាស់នូវកម្រិតដី ដែលបញ្ជាក់ថាមានស្រទាប់បុរាណវិទ្យាសំខាន់ៗ។ ស្រទាប់ខាងលើ គឺជាស្រទាប់ដីមុនសម័យហ្វូណន (ពីសតវត្សទី១ ទៅទី៣ មុនគ្រឹស្តសករាជ)។ 


 រូបភាពពីសៀវភៅ «កំណប់រូបិយវត្ថុអង្គរបុរី» 

កម្រិតជ្រៅជាងគេ មានស្រទាប់ដីកម្រាស់ប្រហែលកន្លះម៉ែត្រ ដែលសម្បូរទៅដោយអំបែងកែវរាប់ពាន់បំណែក លម្អដោយស្នាមតាណះរុំខ្សែពួរ ក្នុងក្រុមដីឥដ្ឋហ្មត់ពណ៌ទឹកក្រូច និងមានភាជន៍ផ្សេងទៀត ដែលផលិតដោយប្រើបច្ចេកទេសដូចគ្នារួមមាន កុណ្ឌី ផើង ក្អម អំផូងចង្កៀងមានរន្ធ។ល។
 
ចុងក្រោយមានស្រទាប់ដីសំខាន់មួយទៀត ដែលនៅលើគេ ត្រង់កន្លែងដដែលបង្ហាញថា កម្រិតនេះ មានភាជន៍សាច់គ្រើម លម្អស្នាមតាណះរុំពួរពណ៌ប្រផេះ និងក្រមៅ។  នៅពីលើស្រទាប់នេះទៀត ត្រង់កម្រិតស្រទាប់ដីទួលបច្ចុប្បន្ន មានសំណល់សម័យក្រោយមកទៀត ដូចជាបំណែកចាន ឆ្នាំង ចុងស​ម័យហ្វូណន (សតវត្សទី៤ ដល់ទី៦ ក្រោយគ្រឹស្តសករាជ)។ ប៉ុន្តែគឺនៅម្ខាងទៀតពោលគឺ នៅខាងស្តាំដៃផ្លូវទៅភ្នំដា ដែលកម្រិតសម័យក្រោយមកនេះមានស្ថានភាពល្អជាងគេ។ នៅត្រង់នេះគេឃើញមានជាពិសេសនូវគ្រឹះប្រាសាទមួយ ធ្វើពីឥដ្ឋបណ្តោយប្រមាណជាងម្ភៃម៉ែត្រ។ 
 


 រូបភាពពីសៀវភៅ «កំណប់រូបិយវត្ថុអង្គរបុរី» 

ក្នុងចំណោមបំណែក ដែលគេប្រមូលបានពីគំនរបាក់បែកនៃសំណង់នេះ មានសសរខ្លោងទ្វារមួយធ្វើពីថ្មស្រទាប់ ថ្មកិនមួយធ្វើពីថ្មភក់ ឥដ្ឋមួយដុំលម្អដោយរូបផ្កា និងបំណែកចម្លាក់ថ្មភក់តូចមួយ ដែលអាចជាចម្លាក់រូបអាទិទេពណាមួយ ព្រមទាំងក្បឿងសំប៉ែតមានរន្ធបែបឥណ្ឌា ស្រដៀងនឹងក្បឿងប្រក់ដំបូលសំណង់អូរកែវ នៅវៀតណាមដែរ។ ក្បឿងទាំងនេះ ជាក្បឿងកម្រណាស់នៅសម័យនោះ គេប្រើវាដើម្បីប្រក់តែសំណង់សំខាន់ៗប៉ុណ្ណោះ។ ជាមួយគ្នានោះ ក៏មានបំណែកកុលាលភាជន៍ ជាច្រើនដែលសល់ពីចុងសម័យហ្វូណន (សតវត្សទី៤ ដល់ទី៦ ក្រោយគ្រឹស្តសករាជ)​ ។
 
ក្រៅពីនេះ អ្នកភូមិក៏រើសបានវត្ថុធ្វើពីមាសជាច្រើន ដែលយ៉ាងហោចណាស់ ក៏មានចិញ្ចៀន២វង់ រំលេចដោយរូបគោនន្ទិន ចិញ្ចៀនត្រាធ្វើពីទង់ដែង និងសំណប៉ាហាំង ក្រវិលធ្វើពីមាសដាំត្បូងមរកត កាក់មាសមួយមានកំពកដោះ និងសន្លឹកមាសមានក្បាច់លម្អ។ ទាំងអស់នេះប្រហែលជាវត្ថុដែលគេដាក់ទ្រាប់បាតគ្រឹះប្រាសាទ ហើយកាក់មាសឦសានវរ្ម័ន ក៏ប្រហែលជាស្ថិតក្នុងចំណោមវត្ថុទាំងអស់នេះដែរ។ 
 
បើ​លោកអ្នកចង់ដឹងកាន់តែច្បាស់ អំពីប្រវត្តិសាស្រ្តនៃរូបិយវត្ថុខ្មែរ សូមលោកអ្នកអញ្ជើញទៅទស្សនាសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន(ស.ស.រ)៕
 
 
 

Tag:
 សារមន្ទីរ ស.ស.រ
  កំណប់រូបិយវត្ថុ
  កន្លះឡាន
 អង្គរបុរី
 តាកែវ
 រូបិយវត្ថុ
© រក្សាសិទ្ធិដោយ thmeythmey.com