ជាតិ
សេដ្ឋកិច្ច
កម្ពុជាកំពុងសិក្សាគម្រោងស្ដារព្រែក និងអូរ ពីឃុំព្រែកអំបិល ខេត្តកណ្តាល ដល់ខេត្តកែប
25, Apr 2022 , 6:09 pm        
រូបភាព
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងថ្លែងប្រាប់អ្នកសារព័ត៌មាន។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងថ្លែងប្រាប់អ្នកសារព័ត៌មាន។
ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងសិក្សាអំពីលទ្ធភាព ស្តារ និងជីកអូរ-ព្រែក ពីឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ឆ្ពោះទៅមាត់សមុទ្រក្នុងភូមិសាស្រ្តខេត្តកែប។ នេះបើតាមការលើកឡើងរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ ដោយបញ្ជាក់ថា ការសិក្សានេះគឺដើម្បីបង្កើតកំពង់ផែ ដែលអាចឲ្យនាវាដឹកទំនិញធំៗ ចរាចរណ៍ទៅមកបានរវាងទន្លេ និងសមុទ្រ ។
 
 
លោក ស៊ុន ចាន់ថុល រំពឹងថា កម្ពុជានឹងអាចមានច្រកសេដ្ឋកិច្ចថ្មីមួយទៀតក្នុងការដោះដូរទំនិញសម្រាប់កម្ពុជា និងអន្តរជាតិតាមផ្លូវទឹក ខណៈក្រសួងកំពុងសិក្សាពីគម្រោង ស្តារព្រែក និងអូរ បឹង រួមទាំងប្រព័ន្ធធារាសាស្រ្តផ្សេងៗ ពីទន្លេបាសាក់ ត្រង់ចំណុចឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ឆ្ពោះទៅកាន់មាត់សមុទ្រនៃខេត្តកែប។ 
 
«ការសិក្សាដំបូងបំផុតរបស់យើងបានបង្ហាញថា យើងអាចមានលទ្ធភាពក្នុងការស្តារព្រែក អូរ និងប្រព័ន្ធធារាសាស្ត្ររបស់យើង​ ហើយជីកបន្ថែមប្រហែលពី៥ទៅ៧គីឡូម៉ែត្រទៀត ដើម្បីទឹកនេះធ្លាយទៅដល់ខេត្តកែប តែម្តង»។ លោក ស៊ុន ចាន់ថុល បានថ្លែងប្រាប់អ្នកសារព័ត៌មានបែបនេះ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ចំណតផែរណបពហុបំណងTS១១ របស់កំពង់ផែស្វយ័តភ្នំពេញ នាថ្ងៃទី២៥ មេសា។ 
 
បើតាមលោក​រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន គម្រោងស្តារព្រែក និងអូរ នៃទន្លេបាសាក់ ចាប់ពីព្រែកអំបិល ដល់ខេត្តកែបនេះ គឺមានប្រវែង១៦៨គីឡូម៉ែត្រ។ លោកបន្តនិយាយដូច្នេះ៖ «នៅក្នុង១៦៨គីឡូម៉ែត្រនោះ មាន១១៥គីឡូម៉ែត្រ គឺជាផ្លូវទឹកដែលអាចធ្វើដំណើរបានទាំងខែប្រាំង​និងខែវស្សា។ ២៨គីឡូម៉ែត្រ គឺជាប្រព័ន្ធធារាសាស្ត្រ។ អ៊ីចឹង! យើងត្រូវការប្រវែងពី៥ទៅ៧គីឡូម៉ែត្រ នៅខាងចុង[នៃទន្លេ] ដែលធ្លាយទៅទឹកសមុទ្រយើង។ 
 
បច្ចុប្បន្ន ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសិក្សាគម្រោងខាងលើនេះឱ្យបានគ្រប់ជ្រុងជ្រាយ ដោយផ្តោតលើការប្រើប្រាស់កញ្ចប់ថវិកា រួមទាំងផលប៉ះពាល់ផ្សេងៗនៃការអនុវត្តគម្រោង។ លោក ស៊ុន​ ចាន់ថុល បានបញ្ជាក់ថា ការសិក្សានេះ មានការឯកភាពពី សម្តេច ហ៊ុន សែន រួចហើយ។
 
កាលពីថ្ងៃទី២២មេសា ឆ្នាំ២០២២ ក្រសួងបានប្រកាសថា ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​ (CRBC)  បានបញ្ចប់​ការសិក្សា​សមិទ្ធិលទ្ធភាព  (Feasibilty Study) ​នៃ​គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារ​កម្ម​ទន្លេបាសាក់។ គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារ​កម្ម​ទន្លេបាសាក់ នឹងធ្វើឱ្យប្រសើរឡើងនូវ ការដឹកជញ្ជូនតាមផ្លូវទឹក និងភស្តុភារកម្ម៕
 
 
 

Tag:
 លោក ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com