អន្តរជាតិ
ដូនជី​បារាំង Lucile ជាមនុស្សចាស់ជាងគេលើលោក ក្រោយមរណភាព​​លោកយាយជប៉ុន Tanaka
26, Apr 2022 , 9:29 pm        
រូបភាព
Sister Andre ដែលជាម្ចាស់​កំណត់ត្រា​ថ្មី និង​លោកយាយ Tanaka ដែលទើបទទួលមរណភាព
Sister Andre ដែលជាម្ចាស់​កំណត់ត្រា​ថ្មី និង​លោកយាយ Tanaka ដែលទើបទទួលមរណភាព
ដោយ: ធីតា
ស្ត្រីជនជាតិបារាំងឈ្មោះ Lucile Randon ដែលមានរសហស្សនាមថា Sister André បានក្លាយជា​ម្ចាស់​កំណត់ត្រា​ថ្មីរបស់សៀវភៅ Guinness World Records ក្នុងនាមជាបុគ្គល​ដែលនៅរស់ និងមានអាយុវែងជាងគេ​លើ​ពិភពលោក។ គិតត្រឹមថ្ងៃទី​២៦ ខែ​មេសា លោកយាយមានអាយុ​១១៨ឆ្នាំ និង​៧៤​ថ្ងៃ។ ការទទួលស្គាល់នេះ គឺប្រកាសឡើង​ក្រោយមរណភាពលោកយាយជនជាតិជប៉ុន Kane Tanaka ក្នុងអាយុ​១១៩​ឆ្នាំ កាលពីថ្ងៃទី​១៩ ខែមេសា ឆ្នាំ២០២២។
 
លោកយាយ Lucile ដែល​បាន​ប្រើប្រាស់ឈ្មោះ Sister André ចាប់ពីឆ្នាំ១៩៤៤មក គឺជាជនជាតិ​បារាំង និងជាជនជាតិអឺរ៉ុបទីបី​ដែល​មានឈ្មោះក្នុងកំណត់ត្រា Guinness World Records ជាបុគ្គលដែល​ចាស់​ជាងគេលើលោក។ គាត់បាន​ឆ្លងកាត់​ការងារជាគ្រូបង្រៀន និង​ជាអ្នក​ថែទាំក្មេងនាអំឡុង​សង្គ្រាម​លោកលើកទីពីរ។
 
ក្រោយសង្គ្រាម គាត់បាន​ចំណាយពេល​២៨​ឆ្នាំ ធ្វើការជាមួយ​កុមារកំព្រា និងជន​ចាស់ជវា​នៅ​មន្ទីរពេទ្យមួយ​នៅ​តំបន់ Auvergne-Rhone-Alpes មុន​នឹងក្លាយជាដូន​ជីកាតូលិក។ លោកយាយចំណាយ​ពេល​វេលា​ដ៏យូរអង្វែង​របស់​ខ្លួនក្នុងការងារសាសនា។
 
នាពេល​ថ្មីៗ​កន្លងមកនេះ Sister Andre ក៏ជាមនុស្ស​ចាស់ជាងគេ​ដែល​បានជាសះស្បើយពីកូវីដ-១៩​ផងដែរ ខណៈកាលពី​អំឡុង​ឆ្នាំ១៩១៨ លោកយាយ​បាន​រស់នៅ​ឆ្លងកាត់នឹងជំងឺផ្តាសាយ​អេស្ប៉ាញ។
 
១២ឆ្នាំមក​ហើយ​ដែល​ Sister Andre បាន​រស់នៅ​ក្នុងមណ្ឌលជនចូលនិវត្តន៍។ បច្ចុប្បន្ន​វ័យ​១១៨​ឆ្នាំ លោកយាយ​ថ្លង់​ពាក់កណ្តាល​ និងអង្គុយលើ​រទះ ប៉ុន្តែ​ស្មារតី​របស់​លោកយាយនៅ​តែ​ដំណើរការប្រក្រតី។
 
លោកយាយ Tanaka ដែលជាម្ចាស់កំណត់ត្រា​កន្លងមក បានទទួល​មរណភាព​នៅមន្ទីរពេទ្យក្នុងក្រុង Fukuoka កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ក្នុងអាយុ​១១៩​ឆ្នាំ និង​១០៧​ថ្ងៃ។
 
សម្រាប់ម្ចាស់​កំណត់ត្រា​ដែល​មានអាយុ​ច្រើនជាងគេលើពិភពលោក គឺ​ស្ត្រីបារាំងឈ្មោះ Jeanne Louise Clament ដែលបានទទួលមរណភាពកាលពីឆ្នាំ១៩៩៧ ក្នុងអាយុ​១២២ឆ្នាំ និង១៦៤ថ្ងៃ។ រីឯ​បុរសដែលមានអាយុ​វែងជាងគេ​គឺ​លោកតាជប៉ុន Jiroemon Kimura ដែលបានទទួលមរណភាពនៅឆ្នាំ២០១៣​ក្នុងអាយុ​១១៦​ឆ្នាំ និង​៥៤ថ្ងៃ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com