អន្តរជាតិ
ទីបំផុត ហ្វាំងឡង់និងស៊ុយអែត ដាក់ពាក្យចូលសម្ព័ន្ធយោធាណាតូជាផ្លូវការហើយ
18, May 2022 , 8:29 pm        
រូបភាព
ពាក្យចូលជាសមាជិកណាតូរបស់ហ្វាំងឡង់ និងស៊ុយអែត។ រូបភាព៖ Facebook-NATO
ពាក្យចូលជាសមាជិកណាតូរបស់ហ្វាំងឡង់ និងស៊ុយអែត។ រូបភាព៖ Facebook-NATO
ហ្វាំងឡង់ និងស៊ុយអែត នៅថ្ងៃទី១៨ ខែឧសភា បានដាក់ពាក្យចូលជាសមាជិកសម្ព័ន្ធយោធាណាតូជាផ្លូវការហើយ។ នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ ដែលប្រទេសមិនចូលបក្សសម្ព័ន្ធយោធាទាំងពីរ កែប្រែងគោលនយោបាយរាប់សិបឆ្នាំ ហើយដាក់ពាក្យចូលប្លុកយោធាដ៏ធំបំផុត។

 
ដោយបារម្ភពីបញ្ហាសន្តិសុខខ្លួនជុំវិញការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ហ្វាំងឡង់ និងស៊ុយអែត នៅថ្ងៃទី១៨ ខែឧសភា បានប្រគល់លិខិតស្នើសុំចូលជាសមាជិកឱ្យអគ្គលេខាធិការណាតូនៅទីស្នាក់ការកណ្តាលសម្ព័ន្ធយោធាណាតូ​ នៅទីក្រុងព្រុចសែល។ បន្ទាប់ពីដាក់ពាក្យស្នើសុំចូលជាសមាជិកជាផ្លូវការ ប្រមុខអង្គការណាតូ បានប្រកាសគាំទ្រយ៉ាងខ្លាំង។ 
 
«ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តីចំពោះសំណើរបស់ហ្វាំងឡង់ និងស៊ុយអែត ក្នុងការចូលជាសមាជិកណាតូ»។ លោក Jens Stoltenberg អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ បានសង្កត់ធ្ងន់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ ដោយមានទាំងវត្តមានរបស់ទូតប្រទេសទាំងពីរចូលរួមផង។ បើតាមប្រមុខអង្គការណាតូរូបនេះ ហ្វាំងឡង់ និងស៊ុយអែត ជាដៃគូដ៏ជិតស្និទ្ធមួយ ហើយសមាជិកភាពរបស់ហ្វាំងឡង់ រួមទាំងស៊ុយអែត នឹងជួយបង្កើនសន្តិសុខរួមរបស់ប្លុកយោធា។ 
 
ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៨ ខែឧសភា​នេះ លោក Stoltenberg បានចាត់ទុកការដាក់ពាក្យស្នើសុំរបស់រដ្ឋាភិបាលក្រុងហែលស៊ិនគី និងរដ្ឋាភិបាលក្រុងស្តុកខុល ជាជំហានប្រវត្តិសាស្រ្ត ហើយសមាជិកណាតូ នឹងពិចារណានៅដំណាក់កាលបន្ទាប់។ ហ្វាំងឡង់ និងស៊ុយអែត ជាប្រទេសប្រកាន់អព្យាក្រឹតភាព និងមិនចូលបក្សសម្ព័ន្ធយោធា តាំងពីមុនសង្រ្គាមលោកលើកទីពីរមកម្លេះ។ 
 
មុនការពាក្យជាផ្លូវការនេះមួយថ្ងៃ ក្នុងសន្និសីទសារព័ត៌មានជាមួយលោកប្រធានាធិបតីហ្វាំងឡង់ សាវលី នីនីស្តូ លោកស្រី ម៉ាកដាឡឺណា អ៊ែនឌឺសុន នាយករដ្ឋមន្រ្តីស៊ុយអែត បានថ្លែងថា លោកស្រីមានការសប្បាយរីករាយយ៉ាងខ្លាំងដែលបានជ្រើសយកនីតិវិធីរួមគ្នា ហើយរដ្ឋាភិបាលប្រទេសទាំងពីរ នឹងអាចសម្រេចបានជាមួយគ្នា។ ស្របគ្នានេះ ប្រធានាធិបតីហ្វាំងឡង់ បានអះអាងថា ការចូលជាសមាជិកណាតូក្នុងពេលនេះ គឺពិតជាសំខាន់ណាស់ ក្នុងបរិបទរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ 
 
បន្ទាប់ពីសន្និសីទសារព័ត៌មានខាងលើ នាយករដ្ឋមន្រ្តីស៊ុយអែត និងប្រធានាធិបតីហ្វាំងឡង់ នឹងធ្វើទស្សនកិច្ចនៅសេតវិមាន ដើម្បីជួបជាមួយប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន ។
 
នៅថ្ងៃទី១៧ ខែឧសភា សភាហ្វាំងឡង់ បានអនុម័តក្នុងសំឡេងគាំទ្រដ៏ច្រើនលើសលុប ដើម្បីអនុញ្ញាតឱ្យប្រទេសខ្លួនចូលជាសមាជិកណាតូ ក្នុងពេលតែមួយជាមួយស៊ុយអែត សំដៅទប់ស្កាត់នឹងការឈ្លានពានរបស់រុស្ស៊ី។ 
 
ហ្វាំងឡង់ គឺជាប្រទេសមួយ ដែលមានព្រំដែនជាប់ជាមួយរុស្ស៊ីប្រមាណ១៣០០គីឡូម៉ែត្រ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី១៦ ខែឧសភា បានលើកឡើងថា ការចូលជាសមាជិកណាតូពីសំណាក់ហ្វាំងឡង់ និងស៊ុយអែត មិនបានបង្កការគំរាមដល់រុស្ស៊ីឡើយ។ ប៉ុន្តែមេដឹកនាំរូបនេះ បានព្រមានពីផលវិបាក ប្រសិនបើសម្ព័​ន្ធយោធាណាតូបញ្ជូនអាវុធទៅប្រទេសទាំងពីរ។ 
 
នាពេលកន្លងមក អង់គ្លេស បានចុះកិច្ចព្រមព្រៀងថ្មី ស្តីពី​ជំនួយយោធាដល់ស៊ុយអែត និងហ្វាំងឡង់ ក្នុងករណីមានការឈ្លានពាន ស្របពេលប្រទេសអឺរ៉ុបទាំងពីរ បានបង្ហាញជំហរចង់ចូលណាតូ និងរុស្ស៊ីឈ្លានពានអ៊ុយក្រែន។
 
ការដាក់ពាក្យចូលរបស់ប្រទេសទាំងពីរ រំពឹងថា នឹងត្រូវបានអនុម័តក្នុងពេលប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ដោយនឹងលឿនជាងរយៈពេលធម្មតា។ ការសុំចូលនេះ ត្រូវការការអនុម័តដោយសភាប្រទេសសមាជិកទាំង៣០ ផងដែរ។ កន្លងមក តួកគី បង្ហាញជំហរប្រឆាំងបេក្ខភាពប្រទេសទាំងពីរ ដោយសារការគាំទ្របក្សពលករឃើដ ដែលតួកគីចាត់ទុកជាក្រុមភេរវករ៕
 

Tag:
 ហ្វាំងឡង់
  ស៊ុយអែត
© រក្សាសិទ្ធិដោយ thmeythmey.com