អន្តរជាតិ
តួកគី ជំរុញណាតូគោរពក្តីបារម្ភខ្លួនជុំវិញការអនុញ្ញាតឱ្យហ្វាំងឡង់ និងស៊ុយអែតចូលជាសមាជិក
19, May 2022 , 12:05 pm        
រូបភាព
ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ ។ រូបថត Xinhua
ប្រធានាធិបតីតួកគី តៃយីប អ៊ែរដូហ្កាន់ ។ រូបថត Xinhua
ប្រធានាធិបតីតួកគី លោក តៃយីប អ៊ែរដូហ្កាន់ នៅថ្ងៃទី១៨ ខែឧសភា បានជំរុញឱ្យសមាជិកសម្ព័ន្ធយោធាណាតូ គោរព និងយល់ពីក្តីបារម្ភរបស់ខ្លួន លើការចូលជាសមាជិករបស់ហ្វាំងឡង់ និងស៊ុយអែត។ កន្លងមក តួកគីបានចោទហ្វាំងឡង់ និងស៊ុយអែតថាបានផ្តល់កន្លែងស្នាក់នៅដល់ជនជាតិឃើដ ដែលត្រូវបានចាត់ទុកជាភេរវករ។
 
ហ្វាំងឡង់ និងស៊ុយអែត នៅថ្ងៃទី១៨ ខែឧសភា បានប្រគល់លិខិតស្នើចូលជាសមាជិកណាតូជាផ្លូវការ នៅទីស្នាក់ការកណ្តាលរបស់ប្លុកយោធាមួយនេះក្នុងក្រុងព្រុចសែល។ ស្របគ្នានេះ តួកគី ដែលបដិសេធ សមាជិកភាពរបស់ហ្វាំងឡង់ និងស៊ុយអែត បានជំរុញឱ្យសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងអង្គការណាតូ គោរព និងយល់ពីក្តីបារម្ភរបស់ខ្លួនលើប្រទេសទាំងពីរ។ 
 
«ការរំពឹងទុករបស់យើងតែមួយគត់គឺ...យល់ ហើយគោរព និងគាំទ្រក្តីបារម្ភរបស់យើង»។ លោក តៃយីប អ៊ែរដូហ្កាន់ បានសង្កត់ធ្ងន់បែបនេះទៅកាន់សមាជិកសភាមកពីបក្សរបស់លោក នៅថ្ងៃទី១៨ ខែឧសភា ដោយបន្ថែមថា ក្រុងស្តុកខុលបានផ្តល់កន្លែងស្នាក់នៅដល់សមាជិកបក្សពលករឃើដ (PKK) ដែលត្រូវបានតួកគី អាម៉េរិក និងសហភាពអឺរ៉ុប ដាក់ក្នុងបញ្ជីភេរវករ។ 
 
មិនតែប៉ុណ្ណោះ មេដឹកនាំរូបនេះ បានបញ្ជាក់ថា តួកគីបានស្នើស៊ុយអែតឱ្យបញ្ជូនភេរវករចំនួន៣០រូបមកឱ្យខ្លួនផងដែរ ប៉ុន្តែរដ្ឋាភិបាលប្រទេសអឺរ៉ុបមួយនេះ បដិសេធ។ ក្នុងន័យនេះ លោក អ៊ែរដូហ្កាន់ បានពន្យល់ថា រដ្ឋាភិបាលក្រុងអង់ការ៉ា មិនអាចអនុញ្ញាតឱ្យហ្វាំងឡង់ និងស៊ុយអែត ចូលជាសមាជិកណាតូបានទេ ប្រសិនបើរដ្ឋាភិបាលក្រុងស្តុកខុល មិនបញ្ជូនភេរវករមក។ 
 
ម្យ៉ាងវិញទៀត ការបង្កកការលក់អាវុធរបស់ស៊ុយអែតមកតួកគីចាប់តាំងពីឆ្នាំ២០១៩ ជុំវិញប្រតិបត្តិការយោធានៅស៊ីរី ក៏អាចជាហេតុផលមួយ ដែលក្រុងអង់ការ៉ាជំទាស់សមាជិកភាពប្រទេសទាំងពីរដែរ។ 
 
ពាក់ព័ន្ធនឹងបញ្ហាខាងលើ ប្រមុខរដ្ឋតួកគី បន្តថា រដ្ឋាភិបាលក្រុងអង់ការ៉ា នឹងមិនទទួលរាក់ទាក់ចំពោះសំណើតំណាងរដ្ឋាភិបាលក្រុងស្តុកខុស និងក្រុងហែលស៊ិនគី មកទស្សនកិច្ចនៅតួកគីឡើយ ដោយលោក បានអះអាងថា ពួកគេមិនគួររំខានតួកគីឡើយ ហើយវាជារឿងមិនចាំបាច់។ 
 
តាមសេចក្តីថ្លែងការណ៍មួយចេញក្នុងថ្ងៃដដែលនោះ អ្នកនាំពាក្យប្រធានាធិបតីតួកគី លោក Ibrahim Kalin បានថ្លែងថា លោកបានទទួលទូរសព្ទមកពីបណ្តាប្រទេសជាច្រើន ដូចជា អាល្លឺម៉ង់, ស្តុយអែត, ហ្វាំងឡង់, អង់គ្លេស និងអាម៉េរិក។ ក្នុងកិច្ចសន្ទនានោះ លោកKalin បានចង្អុលបង្ហាញថា តួកគី កំពុងរង់ចាំចំណាត់ការច្បាស់លាស់ ដើម្បីលើកឡើងពីសន្តិសុខជាតិរបស់ខ្លួន។ បើតាមលោក Kalin ប្រសិនគ្មានការឆ្លើយតបនឹងសំណើរបស់ក្រុងអង់ការ៉ា ការចូលជាសមាជិករបស់ស៊ុយអែត និងហ្វាំងឡង់ទៅក្នុងណាតូ នឹងមិនអាចបន្តទៅមុខឡើយ។ 
 
ការដាក់ពាក្យចូលរបស់ហ្វាំងឡង់ និងស៊ុយអែត រំពឹងថា នឹងត្រូវបានអនុម័តក្នុងពេលប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ដោយនឹងលឿនជាងរយៈពេលធម្មតា បើតួកគីមិនជំទាស់ទេនោះ។ ការសុំចូលនេះ ត្រូវការការអនុម័តដោយសភាប្រទេសសមាជិកទាំង៣០ ផងដែរ៕ 
 

Tag:
 តួកគី
  ណាតូ
  ហ្វាំងឡង់
  ស៊ុយអែត
© រក្សាសិទ្ធិដោយ thmeythmey.com