អន្តរជាតិ
អាម៉េរិក៖ កូរ៉េខាងជើង អាចសាកល្បងមីស៊ីលអំឡុងដំណើរទស្សនកិច្ចលោក បៃឌិន នៅអាស៊ី
19, May 2022 , 8:29 pm        
រូបភាព
ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក Jake Sullivan ។ រូបថត Xinhua
ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក Jake Sullivan ។ រូបថត Xinhua
ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក Jake Sullivan នៅថ្ងៃទី១៨ ខែឧសភា បានលើកឡើងថា​ កូរ៉េខាងជើង អាចសាកល្បងមីស៊ីលចម្ងាយឆ្ងាយ ឬអាវុធនុយក្លេអ៊ែរ អំឡុង ឬក្រោយទស្សនកិច្ចរបស់ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នៅកូរ៉េខាងត្បូង និងជប៉ុន។ បើតាមលោក Sullivan អាម៉េរិកបានត្រៀមជាស្រេច ក្នុងការកែប្រែការត្រៀមខ្លួន ដើម្បីធានាសន្តិសុខអាម៉េរិក និងសម្ព័ន្ធមិត្ត។
 
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ត្រូវធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង និងជប៉ុន ដោយចាប់ផ្តើមពីថ្ងៃទី២០ ខែឧសភាតទៅ។ ក្នុងដំណើរទស្សនកិច្ចរបស់លោកបៃឌិន មកតំបន់អាស៊ីនេះ មន្រ្តីអាម៉េរិក បានបង្ហាញក្តីបារម្ភថា កូរ៉េខាងជើង អាចនឹងសាកល្បងមីស៊ីល ឬអាវុធនុយក្លេអ៊ែរជាថ្មី។ 
 
«ទាក់ទិនបញ្ហាកូរ៉េខាងជើង...វានឹងមានការសាកល្បងមីស៊ីល រួមទាំងមីស៊ីលចម្ងាយឆ្ងាយ និងអាវុធនុយក្លេអ៊ែរ ឬអាចទាំងពីរ ក្នុងពេល ឬក្រោយទស្សនកិច្ចរបស់លោកប្រធានាធិបតីនៅក្នុងតំបន់»។ ទីប្រឹក្សាសន្តិសុខជាតិ Jake Sullivan បានសង្កត់ធ្ងន់បែបនេះនៅក្នុងសន្និសីទសារព័ត៌មាននៅសេតវិមាន ក្នុងថ្ងៃទី១៨ ខែឧសភា ដោយបន្ថែមថា អាម៉េរិក បានត្រៀមខ្លួនជាស្រេចសម្រាប់សកម្មភាព ដែលអាចកើតឡើង ក្នុងអំឡុងទស្សនកិច្ចនោះ។  
 
ជាមួយគ្នានោះ ទីប្រឹក្សាសន្តិសុខជាតិរូបនេះ បានបន្តថា អាម៉េរិកបានរៀបចំរួចហើយ ក្នុងការកែលម្អការត្រៀមខ្លួនផ្នែកយោធារបស់ខ្លួនទាំងក្នុងរយៈពេលវែង និងខ្លី ដើម្បីធានាថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអាចផ្តល់ការការពារ និងការប្រឆាំងតបសម្រាប់សម្ព័ន្ធមិត្តនៅក្នុងតំបន់ រួមទាំងការឆ្លើយតបនឹងសកម្មភាពបង្ករឿងរបស់ក្រុងព្យុងយ៉ាង។ 
 
តាមរយៈសន្និសីទសារព័ត៌មានដដែលនោះ លោក Sullivan បានថ្លែងថា ទស្សនកិច្ចរបស់លោកបៃឌិន នៅតំបន់អាស៊ី បង្ហាញពីការប្តេជ្ញារបស់អាម៉េរិក ចំពោះសម្ព័ន្ធមិត្ត រួមទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូល។ មិនតែប៉ុណ្ណោះ វាជាឱកាសសម្រាប់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក្នុងការពង្រឹងសន្តិសុខ និងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសទាំងនោះផង។ 
 
ក្នុងដំណើរទស្សនកិច្ចមកតំបន់អាស៊ីខាងកើតលើនេះ លោកបៃឌិន អាចនឹងលើកយកប្រធានបទជម្លោះអ៊ុយក្រែន ការកើនឡើងឥទ្ធិពលចិនក្នុងតំបន់ ការស្តារសេដ្ឋកិច្ចឡើងវិញ បញ្ហាកូរ៉េខាងជើង រួមទាំងសម្ពោធគម្រោងក្របខណ្ឌសេដ្ឋកិច្ចតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF) ផង។  
 
គួររំឭកថា ចាប់តាំងពីដើមឆ្នាំ២០២២ មក កូរ៉េខាងជើង បានសាកល្បងមីស៊ីលជាច្រើនប្រភេទចំនួន ១៦លើក ខណៈពេលអាម៉េរិក បានស្វះស្វែងរកទណ្ឌកម្មជាថ្មីនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីដាក់សម្ពាធឱ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាងបញ្ឈប់សកម្មភាពបង្ករឿង៕ 
 

Tag:
 អាម៉េរិក
  កូរ៉េខាងជើង
  កូរ៉េខាងត្បូង
  ជប៉ុនអាម៉េរិក
  កូរ៉េខាងជើង
  កូរ៉េខាងត្បូង
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com