ជាតិ
សេដ្ឋកិច្ច
សភាពាណិជ្ជកម្មកម្ពុជា សុំអាម៉េរិកឱ្យបន្តប្រព័ន្ធអនុគ្រោះពន្ធGSP ដើម្បីពង្រីកពាណិជ្ជកម្មរវាងកម្ពុជា-អាម៉េរិក
21, May 2022 , 12:19 pm        
រូបភាព
 លោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា_ គឺឈរនៅកម្ពុជាកណ្តាលគេ
លោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា_ គឺឈរនៅកម្ពុជាកណ្តាលគេ
ដោយ ៖ ធន់ សេងហុង 

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា បានស្នើសុំអាម៉េរិកឱ្យបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជា​ ដើម្បីបង្កើនទំហំពាណិជ្ជកម្មភាគីរវាងកម្ពុជា-អាម៉េរិក ខណៈអាម៉េរិកជាទីផ្សារនាំចេញលំដាប់ទីមួយរបស់កម្ពុជា។​ការស្នើសុំនេះត្រូវបានលើកឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាទៅទឹកដីអាម៉េរិក នាពេលថ្មីៗនេះ។
 
នាអំឡុងបំពេញបេសកកម្មច្ចធុរកិច្ចនៅទឹកដីនៅសហអាម៉េរិក កាលថ្ងៃទី៨-១៥ ឧសភា លោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយសភាពាណិជ្ជកម្មអាម៉េរិក។ ដំណើរទស្សនកិច្ចនេះ  លោក បានស្នើដល់សភាពាណិជ្ជកម្មអាម៉េរិកឱ្យពិនិត្យលទ្ធភាក្នុងការពចុះអនុស្សរណៈយោគយល់(MOU)រវាងសភាពាណិជ្ជកម្មទាំងពីរ ព្រមទាំងសុំឱ្យសភាពាណិជ្ជកម្មអាម៉េរិករៀបចំទស្សនកិច្ចធុរកិច្ចជាទៀងទាត់ទៅកាន់កម្ពុជា និងពីកម្ពុជាមកអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សភាពាណិជ្ជកម្មកម្ពុជានាថ្ងៃទី១៤ខែឧសភា​។ 
 
លើសពីនេះ លោក គិត ម៉េង ក៏បានស្នើសភាពាណិជ្ជកម្មអាម៉េរិក ឱ្យសហការ និង គាំទ្រ ដល់ការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានដែលប្រពឹត្តទៅនាខែវិច្ឆិកា ឆ្នាំ២០២២ ផងដែរ។
 
ជុំវិញនៃដំណើរទស្សកិច្ចធុរកិច្ចនេះ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey)នាថ្ងៃទី២០ឧសភា​ ថា សភាពាណិជ្ជកម្មកម្ពុជា ក៏បានលើកឡើងពីការសុំបន្តផ្តល់ប្រព័ន្ធអនុគ្រោះGSPរបស់អាម៉េរិកមកកម្ពុជា ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងអាម៉េរិកបន្ថែមទៀត ផងដែរ។  លោក និយាយដូច្នេះ៖ « ដើម្បីពង្រីកនៃការធ្វើពាណិជ្ជកម្មនេះឱ្យកាន់តែធំ យើងបានស្នើសុំឱ្យបន្តប្រព័ន្ធអនុគ្រោះពន្ធGSP ផងដែរ»។
 

លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ។

បើតាមអនុប្រធានសភាពាណិជ្ជកម្មរូបនេះ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជានៅអាម៉េរិក គឺមានភាពជោគជ័យយ៉ាងធំធេង ដោយភាគីទាំងពីសម្រេចបាននូវព្រមជព្រៀងគ្នាចំនួនខាងលើ។ 
 
ជាងមួយឆ្នាំមកហើយដែលកម្ពុជាអស់សុពលភាពនៃប្រព័ន្ធអនុគ្រោះពន្ធទូទៅGSPរបស់សហរដ្ឋអាម៉េរិក​។ ប៉ុន្តែ ក្រោយត្រលប់ពីបំពេញបេសកកម្មពីអាម៉េរិកវិញ កម្ពុជា​សង្ឃឹម ទទួលបានប្រព័ន្ធអនុគ្រោះពន្ធនេះវិញ ។ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រត្តិការអន្តរជាតិ រួមទាំង លោក ប៉ាន់ សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម  បានបង្ហាញក្តីសង្ឃឹមបែបនេះ​។ 
 
«សង្ឃឹមថាប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) សម្រាប់កម្ពុជានឹងត្រូវបានបន្តសុពលភាពជាថ្មីឡើងវិញ ដើម្បីគាំទ្របន្ថែមទៀត ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកម្មករកម្ពុជា នៅក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង ដែលមានភាគច្រើនជាស្ត្រី»។​ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីជំនួបរវាង លោក ប្រាក់ សាខុន និងលោក អេនតូនី ប្លីងខេន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក នាថ្ងៃទី១៣ឧសភា ឆ្នាំ២០២២ នៅរដ្ឋធានីវ៉ាស៊ីនតោន។ 

ជាមួយគ្នានេះ លោក ប៉ាន សូរស័ក្ត ​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា​ ចំពោះកិច្ចការប្រព័ន្ធអនុគ្រោះពន្ធនេះ កម្ពុជាកំពុងរង់ចាំមើលសេចក្តីសម្រេចរបស់សភាសហរដ្ឋអាម៉េរិក។​ លោក​ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) នារសៀលថ្ងៃទី១៦ឧសភា យ៉ាងដូច្នេះ៖​«តាមពិតទៅGSPនេះ គឺយើងមានសង្ឃឹមច្រើនក្នុងការទទួលបានមកវិញ។ ប៉ុន្តែយើងនៅមានកិច្ចការមួយចំនួនទៀត ដែលត្រូវតស៊ូធ្វើ ដើម្បីបានGSP»។
 
បើតាមលោក ប៉ាន សូរស័ក្ត រដ្ឋបាលលោក ចូ បៃឌិន នឹងពិនិត្យលើលិខិតស្នើសុំបន្តGSPពីកម្ពុជា ជាបន្តប​ន្ទាប់ ដោយផ្អែកទៅលើលក្ខខណ្ឌចាំបាច់ចំនួន​ ដោយក្នុងនោះ ក៏មានបញ្ជូននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី(FTA)រវាងកម្ពុជាជាមួយបណ្តាប្រទេសផ្សេងៗផងដែរ។​ ចំពោះGSPសម្រាប់កម្ពុជានេះ លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បន្តមានប្រសាសន៍ដូច្នេះ៖ «ចំពោះខ្ញុំយល់ថា GSPនេះ យើងបានក្នុងរយៈពេលវែងជាងមុន។ វែងជាងមុន ពីព្រោះមានលក្ខខណ្ឌផ្សេងៗទៀតដែលគេតម្រូវ។ ដូច្នេះ បានយើងឃើញថាការពិភាក្សាគ្នាលើប្រព័ន្ធអនុគ្រោះពន្ធនេះ គឺត្រូវការពេលវេលា។ តាមខ្ញុំដឹងការពិភាក្សានេះចប់ទៅ! គេ[អាម៉េរិក]នឹងផ្តល់ឱ្យក្នុងរយៈពេលវែងជាងមុន!»។​
 
សូមជម្រាបថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងអាម៉េរិក សម្រេចបានក្នុងរង្វង់ទឹកប្រាក់ ៣,០២ពាន់លានដុល្លារ នៅក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២២នេះ​។ ទំហំនេះ បានកើនឡើងរហូតដល់ ៥១,៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមានទឹកប្រាក់ជាង ១,៩៩ពាន់លានដុល្លារ៕ 
 
 

Tag:
 អាម៉េរិក
  លោក​លឹម ហេង
  សភាពាណិជ្ជកម្មកម្ពុជា​
  GSP
© រក្សាសិទ្ធិដោយ thmeythmey.com