ជាតិ
មេដឹកនាំកម្ពុជា៖ ប្រព័ន្ធអនុគ្រោះព័ន្ធ EBA គង់តែបាត់ទេ គ្រាន់តែយូរឬឆាប់
22, May 2022 , 12:59 pm        
រូបភាព
សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅស្វីស នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់សម្តេច។
សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅស្វីស នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់សម្តេច។
ប្រមុខរដ្ឋាភិបាលកម្ពុជា នៅតែបង្ហាញឥរិយាបទដូចមុនដដែល គឺមិនខ្វល់ខ្វាយ ឬបារម្ភពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធសព្វមុខទំនិញលើកលែងតែអាវុធ (EBA) ដោយសហភាពអឺរ៉ុបឡើយ។ សម្រាប់មេដឹកនាំកម្ពុជា អ្វីដែលជាបញ្ហាពិតប្រាកដរបស់កម្ពុជា ដែលត្រូវដោះស្រាយនាពេលបច្ចុប្បន្ន គឺជំងឺកូវីដ-១៩ មិនមែនរឿងបាត់ ឬមិនបាត់ EBA នោះទេ។


ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ នៅទីក្រុងដាវូស ប្រទេសស្វីស នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងដូច្នេះថា៖«រឿង EBA អត់មានខ្យល់ខ្មោចអីទេ រឿងកូវីដ ទើបវាបញ្ហា។ រឿង EBA ចង់ដក២០ [ភាគរយ] ចង់ដក៣០ [ភាគរយ] នុ៎ងរឿងគេដក ស្រេចតែគេដកតើ ឯយើង នាំចេញ ចេះតែនាំចេញ។ ខ្ញុំ ចង់ឲ្យសេដ្ឋកិច្ចយើងរឹងមាំ ព្រោះ EBA គង់តែនឹងបាត់ទេ គ្រាន់តែយូរនិងឆាប់។ ឲ្យតែសេដ្ឋកិច្ចយើងដល់កម្រិតណាមួយហើយ គេដកចេញហើយ។ ឥឡូវ គេ សាកល្បងដក២០ភាគរយ តែកំណើននាំចេញ នៅតែកើន»។ 
 
ថ្នាក់ដឹកនាំកម្ពុជា ទៅស្វីស ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។ 
 
សូមរម្លឹកថា កាលពីខែកុម្ភៈ ឆ្នាំ២០២០ គណៈកម្មការអឺរ៉ុប បានសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយពីកម្ពុជា។ ការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ២០​ភាគរយ ​មានន័យថា កម្ពុជា ត្រូវ​បង់ពន្ធ​លើ​មុខទំនិញ​ប្រមាណ​២០​ភាគរយ ពេល​នាំ​ចូលទៅ​ទីផ្សារ​អឺរ៉ុប​។
 
រហូតឈានដល់ដើមខែឧសភា ឆ្នាំ២០២២នេះ សភាអឺរ៉ុប ក៏អនុម័តញត្តិមួយថ្មីទៀត ស្តីពីដំណោះស្រាយនៅកម្ពុជា ដោយក្នុងញត្តិនោះ សភាអឺរ៉ុប បានស្នើឲ្យគណៈកម្មការអឺរ៉ុប ត្រៀមប្រើគ្រប់យន្តការលើកម្ពុជា បូករួមទាំងការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងស្រុង បើការបោះឆ្នោតនៅកម្ពុជា នាពេលខាមុខ មិនប្រព្រឹត្តទៅដោយត្រឹមត្រូវ។ ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ហើយការបោះឆ្នោតជាតិនីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០២៣៕ 
 
 

Tag:
 ហ៊ុន សែន
  EBA
© រក្សាសិទ្ធិដោយ thmeythmey.com