កីឡាអន្តរជាតិ
អន្តរជាតិ
Kompany បញ្ចប់តួនាទីជាអ្នកគ្រប់គ្រងជាមួយក្លិប Anderlecht 26, May 2022 , 7:29 pm
× Vincent Kompany អតីតខ្សែការពារដ៏រឹងមាំរបស់ក្រុម Manchester City ថ្ងៃទី២៥ ខែឧសភា បានប្រកាសចែកផ្លូវគ្នាជាមួយក្លិប RSC Anderlecht បន្ទាប់ពីដឹកនាំរយៈពេល២រដូវកាល។
Kompany ចូលរួមជាមួយក្លិប Anderlecht ក្នុងនាមជាកីឡាករ និងជាអ្នកចាត់ការក្នុងឆ្នាំ២០១៩ មុនពេលប្រកាសចូលនិវត្តន៍ក្នុងនាមជាកីឡាករក្នុងឆ្នាំ២០២០។ ក្រោយចូលនិវត្តន៍ Kompany បានក្លាយជាអ្នកចាត់ការ Anderlecht ពេញសិទ្ធិ ហើយជួយក្រុមបញ្ចប់ចំណាត់លេខ៣ នៅលីគ First Division A របស់បែលហ្ស៊ិក។
យ៉ាងណាមិញក្នុងពេលថ្មីៗនេះ អតីតខ្សែការពារវ័យ៣៦ឆ្នាំ ត្រូវបានសារព័ត៌មានមួយចំនួនរាយការណ៍ថា អាចទទួលតំណែងជាអ្នកចាត់ការក្រុម Burnley ដែលទើបធ្លាក់ទៅក្របខណ្ឌ Championship របស់អង់គ្លេសកាលពីថ្ងៃទី២២ ខែឧសភា។
«ថ្ងៃនេះខ្ញុំមានអារម្មណ៍តែម្យ៉ាងប៉ុណ្ណោះ គឺខ្ញុំមានមោទកភាពដែលខ្ញុំអាចចាប់ផ្តើមទំព័រជីវិតថ្មីមួយនៅក្លិប ដែលស្ថិតក្នុងបេះដូងខ្ញុំ។ នៅ RSC Anderlecht ខ្ញុំមានតំណែងជាកីឡាករផង និង គ្រូបង្វឹកផង ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺភាពស្មោះត្រង់អ្នកគាំទ្រ។»។ Kompany និយាយក្នុងសេចក្តីថ្លែងការណ៍របស់ក្លិបបែបនេះ។
Anderlecht ក្រោមការដឹកនាំរបស់ Kompany មិនបានឈ្នះពានរង្វាន់អ្វីមួយឡើយ ហើយនេះក៏ជាការចាប់ផ្តើមអាជីពជាគ្រូបង្វឹករបស់អតីតខ្សែការពារ និងជាប្រធានក្រុមរបស់ Man City រូបនេះ៕
Tag:
Vincent Kompany
Anderlecht
© រក្សាសិទ្ធិដោយ thmeythmey.com