កីឡាអន្តរជាតិ
អន្តរជាតិ
Mane សន្យាប្រាប់រឿងអនាគតនៅ Liverpool ក្រោយបញ្ចប់ជំនួប Champions league
28, May 2022 , 9:29 am        
រូបភាព
ខ្សែប្រយុទ្ធ Sadio Mane ថ្ងៃទី២៧ ខែឧសភា បាននិយាយថា ខ្លួននឹងបកស្រាយចម្លើយដ៏ល្អបំផុតមួយរឿងអនាគតបន្តស្នាក់នៅក្រុម Liverpool ក្រោយជំនួបផ្តាច់ព្រ័ត្រ Champions League ទល់ Real Madrid បញ្ចប់។

 
រដូវកាល ២០២១-២២ Premier league ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់ បានក្លាយជាកីឡាករដ៏សំខាន់មួយរូប សម្រាប់តំបន់ប្រយុទ្ធរបស់ Liverpool។ Mane រកបានគ្រាប់បាល់ ២៣គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម២គ្រាប់ ក្នុងចំណោម ៥០ប្រកួតនៅគ្រប់កម្មវិធី។
 
ទោះជាយ៉ាងនេះក្តីខ្សែប្រយុទ្ធវ័យ៣០ឆ្នាំ ក៏បានបង្ហាញភាពមិនច្បាស់លាស់អំពីអនាគតនៅទឹកដី Anfield ខណៈកិច្ចសន្យាជាមួយក្លិបនៅអង់គ្លេសសល់តែរយពេល១រដូវកាលប៉ុណ្ណោះ។ មិត្តរួមក្រុម Roberto Firmino និង Mohamed Salah ក៏នៅសល់កិច្ចសន្យាត្រឹមរយៈពេល ១ឆ្នាំដូចគ្នា ប៉ុន្តែ Mane សន្យាថានឹងបកស្រាយរឿងអនាគត បន្ទាប់ពីជំនួបទល់ Real Madrid រួច។
 
«ខ្ញុំគិតថាចម្លើយដែលខ្ញុំអាចផ្តល់ឱ្យអ្នកទាំងអស់គ្នាពេលនេះគឺខ្ញុំកំពុងមានអារម្មណ៍ល្អ ខ្ញុំកំពុងផ្តោតអារម្មណ៍សម្រាប់ជំនួបផ្តាច់ព្រ័ត្រ។ ក្រោយប្រកួតចប់ ពេលនោះហើយខ្ញុំនឹងផ្តល់ចម្លើយមួយដ៏សមរម្យដែលអ្នកគ្រប់គ្នាចង់ឮ។»។Mane និយាយបែបនេះក្នុងសន្និសិទកាសែតមុនការប្រកួត។
 
ខ្សែប្រយុទ្ធដែលទើបជួយជម្រើសជាតិឈ្នះពាន Africa Cup of Nations ក៏ជាសមាជិកមួយរូបរបស់ Liverpool ដែលប្រកួតចាញ់ក្រោមថ្វីជើង Real Madrid នាវគ្គផ្តាច់ព្រ័ត្រ Champions league នេះដោយលទ្ធផល ៣-១ កាលឆ្នាំ ២០១៨។
 
សូមជម្រាមថា ក្រុមហង្សក្រហម Liverpool នឹងជួបតទល់ជាមួយក្រុមយក្សអេស្ប៉ាញ Real Madrid វគ្គផ្តាច់ព័្រត្រ Champions league សារជាថ្មីនៅទឹកដីបារាំងក្នុងពេលខាងមុខ ដែលជាជំនួបសងសឹកដ៏កក្រើក៕
 

Tag:
 Sadio Mane
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com