ជាតិ
ពីនេះ ពីនោះ
អន្តរជាតិ
បុរសជប៉ុនម្នាក់ចំណាយ​ជាង១៥០០០​ដុល្លារ​ដើម្បីតុបតែងខ្លួនឲ្យទៅជាសត្វឆ្កែ
04, Jun 2022 , 8:29 am        
រូបភាព
ដោយ: ធីតា
បុរសជនជាតិ​ជប៉ុន​ម្នាក់ដែលគេស្គាល់ជាទូទៅថា Toko បាន​ចំណាយ​ប្រាក់ប្រមាណ​២លាន​យ៉េន (ជាង​១៥០០០​ដុល្លារអាម៉េរិក) ដើម្បី​តុបតែងខ្លួន​ឲ្យ​ទៅជា​សត្វឆ្កែ ទៅតាមបំណង​ប្រាថ្នា​ក្នុងជីវិត​របស់ខ្លួន។
 
ក្នុងបទសម្ភាសជាមួយ​សារព័ត៌មានជប៉ុន Mynavi លោក Toko បាននិយាយថា៖ «ខ្ញុំតែងខ្លួនបែបនេះ ដោយសារតែ​វាមើលទៅដូចជារូប​ពិត​ប្រាកដ​នៅពេល​ដែលខ្ញុំពាក់​ឈុតនេះ។ ចំណង់ចំណូល​ចិត្ត​របស់ខ្ញុំគឺសត្វជើងបួន ជាពិសេស​សត្វស្អាតៗ។ ខ្ញុំគិត​ថា សត្វមានមាឌធំ​ស្រដៀងខ្ញុំ ដែលអាច​យកជាគំរូបបាន ហេតុដូច្នេះហើយ​ទើប​ខ្ញុំ​តុបតែងខ្លួន​ធ្វើជាសត្វ​ឆ្កែ»។
 
ជាបំណង​ប្រាថ្នា​ដែលបាន​សម្រេច​សម្រាប់​លោក Toko ដោយ​លោក​បាន​ចំណាយ​ប្រាក់អស់ជាង​១៥០០០​ដុល្លារ​ ដើម្បីឲ្យ​ក្រុមហ៊ុន Zeppet កែច្នៃតុបតែង​សម្រាប់​លោក។ Zeppet ជាក្រុមហ៊ុនជប៉ុន​ដែលជំនាញ​លើការឆ្លាក់ និង​ច្នៃម៉ូដ​សម្រាប់​ភាពយន្ត ពាណិជ្ជកម្ម និង​តម្រូវ​ការផ្សេងៗ។

 
ឈុត​ដែល​ច្នៃ​សម្រាប់​ Toko-san ត្រូវបាន​ចំណាយ​ពេល​អស់​៤០​ថ្ងៃ​ ដោយ​អ្នកជំនាញបាន​ត្រួតពិនិត្យ និង​ពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និងធ្វើ​យ៉ាងណា​ឲ្យ​លោក Toko មាន​រូបរាង​ដូចជាឆ្កែពិត​ប្រាកដ ប៉ុន្តែមិនមែនជា​ការវះកាត់​ប្តូររូបរាងនោះឡើយ។
 
តំណាងក្រុមហ៊ុន Zeppet បានបញ្ជាក់ថា ពួកគេ​ធ្លាប់តែទទួលបាន​អតិថិជន​ជាលក្ខណៈក្រុមហ៊ុន ផលិតកម្មភាព​យន្ត និងអង្គភាព​ពាណិជ្ជកម្ម​ផ្សេងៗ ហើយមានអតិថិជនជាលក្ខណៈឯកជនតែ១០ភាគរយប៉ុណ្ណោះ។ ការ​តុបតែង​កែច្នៃម៉ូដសម្រាប់ Toka-san ឲ្យដូចសត្វឆ្កែ ពិតជាការ​ងារមួយដ៏ពិបាក ដោយសារ​រូបពីក្បាល​ដល់​ចុងជើង​មាន​លក្ខណៈខុសគ្នា។


 
Toko-san បាន​បង្ហោះវីដេអូទាក់ទង​នឹង​សកម្មភាព​របស់ខ្លួន នៅលើបណ្តាញសង្គម Youtube ហើយទទួលបាន​នូវ​ចំណាប់អារម្មណ៍​ជាច្រើន​ផងដែរ។ ជាមួយនឹងមតិរិះគន់ ក៏មាន​អ្នក​ស្ងើច​សរសើរ​លោក​ផងដែរចំពោះ​ការ​ព្យាយាម​ធ្វើ​តាមនូវអ្វីដែលខ្លួន​ស្រឡាញ់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com