ដោយ៖ ឈុត ឈាណា / គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ
សៀមរាប៖ ពស់ថ្លាន់ពីរសម្បុក ត្រូវបានរកឃើញកំពុងក្រាបពង នៅក្នុងតំបន់អភិរក្សត្រពាំងច្រាំង ក្នុងសហគមន៍នេសាទកែវពណ៌ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។ ក្នុងចំណោមពស់ថ្លាន់ទាំងពីរសម្បុកនេះ មានមួយសម្បុក ត្រូវបានរកឃើញដោយសត្វសុនខ របស់ក្រុមអភិរក្ស និងមួយសម្បុកទៀត ត្រូវបានរកឃើញដោយក្រុមអភិរក្ស។
ពស់ថ្លាន់ ជាប្រភេទសត្វល្មូនគ្មានពិស តែវាអាចចាប់ និងលេបសត្វផ្សេងៗ ដែលមានទំហំធំជាងខ្លួនវា ជាអាហារបាន។ ពស់ថ្លាន់ មានឈ្មោះវិទ្យាសាស្ត្រ Python bivittatus ស្ថិតក្នុងចំណោមសត្វពស់ ដែលមានទំហំខ្លួនធំជាងគេលើផែនដី។ ពស់ថ្លាន់ញី អាចលូតលាស់ធំជាងពស់ថ្លាន់ឈ្មោល ពេលវាពេញពេញវ័យអាចមានទម្ងន់រហូតដល់ ៩០ គីឡូក្រាម និងមានប្រវែង ៧ ម៉ែត្រ។ ពស់ថ្លាន់ អាចបន្តពូជបាននៅក្នុង អាយុប្រហែល ២-៣ឆ្នាំ។ វាអាចរស់នៅបានដល់ ៣០ឆ្នាំ ឬយូរជាងនេះ។ ក្នុងពេលបន្តពូជម្តង វាអាចពងបានរហូតដល់ ១០០គ្រាប់។ កូនពស់ថ្លាន់ដែលទើបនឹងញាស់ លូតលាស់បានលឿនជាងពស់ដទៃទៀតដែលរស់នៅលើផែនដី ក្នុងអត្រាប្រហែល ៧០-១០០មម ក្នុងមួយខែ។
លោក ភុំ តង ប្រធានសហគមន៍នេសាទកែវពណ៌ បានឱ្យដឹងថា ពស់ថ្លាន់មួយសម្បុកក្នុងចំណោមពីរសម្បុក ត្រូវបានរកឃើញដោយសត្វសុនខ។ «មួយសម្បុកមុន ត្រូវបានរកឃើញដោយសត្វសុនខ ពេលវាចេញចាប់កណ្តុរ។ ពេលឮឆ្កែព្រុសមិនឈប់ ខ្ញុំក៏បានដើរទៅមើល ក៏ឃើញពស់ថ្លាន់កំពុងក្រាបពងក្នុងសម្បុក។ ពីរបីថ្ងៃក្រោយមក ដោយមានការសង្ស័យ ខ្ញុំក៏ដើរទៅរកមើលកន្លែងផ្សេង ក៏បានប្រទះឃើញមួយសម្បុកទៀត។
លោក ភុំ តង បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ ដែលឃើញវត្តមានរបស់ពស់ថ្លាន់នៅក្នុងតំបន់អភិរក្ស ដែលពីមុនមិនធ្លាប់ឃើញមាន។ លោក ភុំ តង មានប្រសាសន៍ថា៖ «ខ្ញុំសប្បាយចិត្តណាស់ ពេលឃើញវត្តមានពស់ថ្លាន់ នៅក្នុងតំបន់អភិរក្សរបស់ខ្ញុំ។ ខ្ញុំសង្ឃឹមថា នៅថ្ងៃអនាគតនឹងមានភ្ញៀវទេសចរមកទស្សនានៅក្នុងតំបន់នេះកាន់តែច្រើន»។
លោក ស្រី កែវសុភៈ នាយរងខណ្ឌរដ្ឋបាលជលផលសៀមរាប បានសម្តែងនូវសោមនស្សរីករាយ ចំពោះវត្តមានរបស់ពស់ថ្លាន់នេះ។ លោក កែវសុភៈ បានឱ្យដឹងថា កន្លងមក ខណ្ឌរដ្ឋបាលជលផលសៀមរាប ធ្លាប់បានលែងពពួកសត្វអណ្តើក និងសត្វពស់ថ្លាន់នៅទីនេះដែរ។ លោក កែវសុភៈ មានប្រសាសន៍ថា៖ «ខ្ញុំមានចិត្តសប្បាយរីករាយណាស់ ដែលអ្វីដែលយើងបានធ្វើពីពេលកន្លងមក បានបង្ហាញលទ្ធផល នៅថ្ងៃនេះ»។
លោកស្រី កែវសុភៈ សង្ឃឹមថា ថ្ងៃអនាគត នៅក្នុងតំបន់នេះនឹងមានសត្វព្រៃច្រើនប្រភេទទៀតរស់នៅ ដែលជាកម្លាំងចលករមួយទាក់ទាញភ្ញៀវទេសចរមកកំសាន្តនៅក្នុងតំបន់នេះ។ លោក សុភៈ ក៏បានអំពាវនាវដល់ប្រជានេសាទទាំងអស់ មេត្តាកុំប្រមាញ់សត្វព្រៃគ្រប់ប្រភេទនៅក្នុងតំបន់នេះ ប្រយោជន៍ដើម្បីទាក់ទាញភ្ញៀវទេសចរ។
ពងពស់ថ្លាន់ក្នុងសម្បុក ក្នុងតំបន់អភិរក្សត្រពាំងច្រាំង ក្នុងសហគមន៍នេសាទកែវពណ៌ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។
គួររំលឹកផងដែរថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ខណ្ឌរដ្ឋបាលជលផលសៀមរាប និងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ធ្លាប់បានលែងពស់ថ្លាន់ចំនួន៥ក្បាល ចូលទៅក្នុងព្រៃលិចទឹកដែលជាទីជម្រកធម្មជាតិវិញ នៅតំបន់ចុងឃ្នៀស ស្រុកសៀមរាប ខេត្តសៀមរាប។ ការលែងនេះ ក្នុងគោលបំណងដើម្បីបង្កើនចំនួនពស់ថ្លាន់ក្នុងតំបន់ ដើម្បីទាក់ទាញទេសចរ។
ពស់ថ្លាន់មួយក្បាលក្នុងចំណោម ៥ក្បាល ដែលត្រូវបានលែងចូលទៅក្នុងព្រៃលិចទឹក ក្នុងតំបន់ចុងឃ្នៀស ខេត្តសៀមរាប កាលពីឆ្នាំ ២០២១ កន្លងទៅនេះ ដោយក្រុមការងារគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ សហការជាមួយខណ្ឌរដ្ឋបាលជលផលសៀមរាប។
បឹងទន្លេសាប គឺចំណុចស្នូលនៃជីវៈចម្រុះដ៏សម្បូរបែប ដែលមានត្រីទឹកសាប ច្រើនជាង ៣០០ប្រភេទ។ ព្រៃលិចទឹក ភូមិបណ្តែតទឹក ផ្ទះជើងសសរខ្ពស់ៗ និងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជានេសាទ សត្វស្លាប ល្មូន និងប្រភេទសត្វផ្សេងៗទៀត គឺជាប៉ូលទាក់ទាញទេសចរណ៍ដ៏សំខាន់មួយ បន្ទាប់ពីប្រាង្គប្រាសាទនានា ជាពិសេស ប្រាសាទអង្គរវត្ត។ ការបាត់បង់ព្រៃលិចទឹក និងជីវៈចម្រុះ ទេសចរក៏អាចបាត់បង់តាមដែរ។ សូមជួយថែរក្សាព្រៃលិចទឹក ដើម្បីនិរន្តរភាពនៃជីវៈចម្រុះ និងវិស័យទេសចរណ៍៕