អន្តរជាតិ
លោកស្រី ស៊ូជី ត្រូវបញ្ជូនទៅឃុំខ្លួនដាច់ពីគេនៅពន្ធនាគារក្នុងក្រុងណៃពិដោ 23, Jun 2022 , 3:40 pm
លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលស៊ីវិល។ រូបភាព៖ AFP
× លោកស្រីអ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលស៊ីវិល ត្រូវបានយោធាបញ្ជូនទៅឃុំខ្លួននៅដាច់ពីគេនៅពន្ធនាគារមួយក្នុងក្រុងណៃពិដោ។ អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា Zaw Min Tun បានបញ្ជាក់បែបនេះ។ កន្លងមក លោកស្រី ស៊ូជី ត្រូវបានឃុំនៅក្នុងផ្ទះក្នុងក្រុងណៃពិដោ ដែលមិនមាននរណាដឹងទីតាំងពិតប្រាកដឡើយ។
តាមរយៈសេចក្តីថ្លែងការណ៍មួយ លោក Zaw Min Tun អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានអះអាងថា ដោយផ្អែកតាមច្បាប់ព្រហ្មទណ្ឌ លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានឃុំខ្លួនដាច់ពីគេនៅក្នុងពន្ធនាគារចាប់ពីថ្ងៃទី២២ ខែមិថុនា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
មិនត្រឹមតែប៉ុណ្ណោះ សវនាការរបស់លោកស្រី ស៊ូជី ក៏ត្រូវបានប្តូរពីតុលាការទៅធ្វើក្នុងពន្ធនាគារ ក្នុងក្រុងណៃពិដោផងដែរ។
កន្លងមក លោកស្រីស៊ូជី ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១១ឆ្នាំរួចហើយ ពាក់ព័ន្ធបទល្មើសប្រព្រឹត្តអំពើពុករលួយ ការញុះញង់ប្រឆាំងយោធា ការបំពានវិធានការជំងឺកូវីដ-១៩ និងច្បាប់ទូរគមនាគមន៍។ បន្ថែមពីនេះ លោកស្រី ក៏រងបទចោទផ្សេងទៀតផងដែរ ដូចជាការបន្លំការបោះឆ្នោត និងការបំពានច្បាប់ការណ៍សម្ងាត់ជាតិ។ យ៉ាងណាមិញ មេដឹកនាំរដ្ឋាភិបាលស៊ីវិលរូបនេះ បានជំទាស់គ្រប់បទចោទ។
តាមប្រភពជាច្រើន លោកស្រី ស៊ូជី ត្រូវបានឃុំនៅក្នុងផ្ទះ ចាប់តាំងពីរដ្ឋប្រហារនៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ មក។ លោកស្រីចាកចេញពីផ្ទះ ក្នុងករណីចូលរួមសវនាការប៉ុណ្ណោះ។ ជាមួយគ្នា មេដឹកនាំរដ្ឋាភិបាលស៊ីវិលរូបនេះ រួមទាំងមេធាវី ត្រូវបានហាមឃាត់មិនឱ្យផ្តល់កិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានឡើយ។
សូមបញ្ជាក់ថា កន្លងមក ប្រទេសជាច្រើនបានអំពាវនាវឱ្យយោធាមីយ៉ាន់ម៉ា ដោះលែងលោកស្រីស៊ូជី និងមន្រ្តីរដ្ឋាភិបាលស៊ីវិលផ្សេងទៀត ដោយគ្មានលក្ខខណ្ឌ។ ប៉ុន្តែរបបសឹក មិនបានធ្វើតាមការអំពាវនាវនោះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com