សុខភាព
អន្តរជាតិ
សិង្ហបុរី ផ្ទុះករណីជំងឺគ្រុនឈាមជាង ១ម៉ឺនករណីក្នុងឆ្នាំ ២០២២
25, Jun 2022 , 12:59 pm        
រូបភាព
រូបភាព៖ flickr
រូបភាព៖ flickr
ការផ្ទុះឡើងនៃជំងឺគ្រុនឈាមនៅសិង្ហបុរី ក្នុងឆ្នាំ២០២២ មានភាពខុសប្លែកពីឆ្នាំ​មុនៗ ដោយលេចចេញមុនរដូវកាលកំណត់។ ករណីជំងឺគ្រុនឈាមនៅសិង្ហបុរីបានកើន​ដល់ជាង ១៦០០០ករណីឯណោះក្នុងរយៈ៦ខែដំបូងនៃឆ្នាំ ២០២២។ ដើម្បីទប់ស្កាត់​ជំងឺគ្រុនឈាម សាស្ត្រាចារ្យវេជ្ជសាស្ត្រអង់គ្លេសម្នាក់ចង់ឱ្យមានឱសថបង្ការ​ជំងឺ​នេះ ដូច​ឱសថបង្ការ​ជំងឺគ្រុនចាញ់ដែរ។
 
តាមទិន្នន័យចុងក្រោយបង្អស់ពីក្រសួងសុខាភិបាលសិង្ហបុរីនៅថ្ងៃទី២២ ខែមិថុនា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កំពុងស្ថិតក្នុងដំណាក់កាលរីករាលដាលជំងឺគ្រុនឈាមដ៏​ខ្លាំងក្លា ដោយមានករណី​សរុបដល់ទៅ​ជាង ១៦០០០ ត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤សប្តាហ៍ដំបូងនៃ​ឆ្នាំ២០២១។ ការផ្ទុះករណីគ្រុនឈាមយ៉ាងច្រើននេះមានភាពចម្លែក​ខុសពីឆ្នាំមុនៗ ដោយ​វាបានកើតឡើង​មុនរដូវកាល។ ជាទូទៅ ជំងឺគ្រុនឈាមតែងផ្ទុះឡើង​ចាប់ពីខែមិថុនារហូត​ដល់ខែតុលា តែនេះបានលេចឡើងតាំងពីដើមឆ្នាំបន្តមករហូត។ អ្នកជំនាញបានអះអាងថា ការផ្ទុះករណីឆ្លងជំងឺគ្រុនឈាមមុនរដូវកាលនេះទំនងដោយ​សារការប្រែប្រួលអាកាស​ធាតុ។
 
ដោយមានករណីគ្រុនឈាមរាលដាលច្រើនបែបនេះ គំនិតនៃការបង្កើតឱ្យមានឱសថបង្ការ​ជំងឺគ្រុនឈាមត្រូវបានលើកឡើងមកពិចារណា។ ជាក់ស្ដែង ក្រោយការរកឃើញឱសថ​បង្ការជំងឺគ្រុនចាញ់ ជំងឺនេះត្រូវបានថយចុះការរាលដាលយ៉ាងមានប្រសិទ្ធភាពនៅហៃទី ដូច្នេះអ្នក​ជំនាញវេជ្ជសាស្ត្រមកពីអង់គ្លេស លោក Martin Hibberd បានលើកឡើងថា សិង្ហបុរីគួរតែ​មានឱសថបង្ការជំងឺគ្រុនឈាមដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះដូចជំងឺគ្រុន​ចាញ់ដែរ។ នេះបើ​តាមទីភ្នាក់ងារព័ត៌មាន The Straits Times។
 
បច្ចុប្បន្នក្រុមអ្នកស្រាវជ្រាវសិង្ហបុរីកំពុងសាកល្បងធ្វើតេស្តឱសថបង្ការជំងឺគ្រុនឈាមដែលផលិតដោយក្រុម​ហ៊ុនឱសថបែលហ្ស៊ិក Janssen Pharmaceuticals។ ឱសថពិសោធន៍​ថ្មីនេះ ផលិតឡើងដើម្បីការពារប្រូតេអ៊ីនពីរ របស់មេរោគគ្រុនឈាម ដែលត្រូវបានគេស្គាល់​ថា NS3 និង NS4B មិនឱ្យមានទំនាក់ទំនងគ្នា។ វិធីដែលប្រើនេះស្រដៀងទៅនឹងវិធីដែល​ប្រើក្នុងឱសថបង្ការជំងឺគ្រុនចាញ់។
 
ដោយឡែក វ៉ាក់សាំងបង្ការជំងឺគ្រុនឈាម Dengvaxi ក៏ជាវីធីសាស្ត្របង្ការមួយដែរសម្រាប់​ប្រទេស​ដែលមានការរាតត្បាតជំងឺគ្រុនឈាមខ្លាំង។ យ៉ាងណាមិញ វ៉ាក់សាំងប្រភេទនេះ​អនុម័ត​ឱ្យប្រើប្រាស់តែចំពោះមនុស្សមានអាយុចាប់ពី ៦ ដល់ ៤៥ឆ្នាំ ហើយធ្លាប់បានកើត​ជំងឺគ្រុន​ឈាមរួចមកហើយប៉ុណ្ណោះ។ បើអ្នកដែលមិនធ្លាប់កើតជំងឺគ្រុនឈាមទេ ហើយ​ចាក់វ៉ាក់សាំង​នេះដែរនោះវានឹងធ្វើឱ្យងាយឆ្លងជំងឺគ្រុនឈាម និងបង្កឱ្យអាការៈកាន់តែធ្ងន់​ធ្ងរ។ មួយវិញទៀត មនុស្សចាស់​ដែលមានជំងឺ និងមានហានិភ័យស្លាប់ខ្ពស់ក៏មិនអាចចាក់​វ៉ាក់សាំងនេះបានដែរ។

វិធីបង្ការ​ជំងឺគ្រុនឈាមនៅមានកម្រិតនៅឡើយ ដូច្នេះការបង្កើតឱ្យ​មានឱសថបង្ការជំងឺគ្រុនឈាម​គឺជាវិធីថ្មីមួយចាំបាច់ដើម្បីបង្កើនឱកាសទប់ស្កាត់ការរាត​ត្បាតឱ្យបានទូលំទូលាយ។ 
 
គួរបញ្ជាក់ថា ចំនួនករណីគ្រុនឈាមផ្ទុះឡើងនៅសិង្ហបុរីមិនមែនគ្រាន់តែជាក្តីបារម្ភសម្រាប់​សិង្ហបុរីតែមួយប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូល ជាពិសេសប្រទេសដែលមាន​អាកាសធាតុត្រូពិច។ អាកាសធាតុត្រូពិចមានអំណោយផលដល់មូសខ្លាញីបង្កាត់ពូជ និង​បង្កឱ្យមានការរីករាលដាលជំងឺលឿន៕ 
 

Tag:
 គុ្រនឈាម
© រក្សាសិទ្ធិដោយ thmeythmey.com