អន្តរជាតិ
ប្រធានាធិបតីចិន នឹងចូលរួមក្នុងខួបលើកទី២៥ នៃការទទួលបានហុងកុងមកវិញ
25, Jun 2022 , 5:39 pm        
រូបភាព
លោក ស៊ី ជិនភីង ប្រធានាធិបតីចិន។ រូបភាព៖ AFP
លោក ស៊ី ជិនភីង ប្រធានាធិបតីចិន។ រូបភាព៖ AFP
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង នឹងធ្វើទស្សនកិច្ចទៅហុងកុង ដើម្បីចូលរួមក្នុងខួបលើកទី២៥ នៃការទទួលបានហុងកុងពីអង់គ្លេសវិញ ក៏ដូចជាពិធីឡើងកាន់តំណែងរបស់លោកចន លី ជាប្រធានប្រតិបត្តិហុងកុងថ្មី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃទី២៥​ ខែមិថុនា។
 
ថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩៧ ជាថ្ងៃអង់គ្លេសប្រគល់ដែនដីហុងកុងមកចិនវិញ បន្ទាប់ពីដាក់អាណានិគមជាច្រើនឆ្នាំ។ ថ្ងៃទី១ ខែកក្កដាខាងមុខ ចិននឹងប្រារព្ធខួបលើកទី២៥ នៃការទទួលបានហុងកុងពីអង់គ្លេសវិញ។ ស្របគ្នានេះ ហុងកុងក៏រៀបចំពិធីឡើងកាន់តំណែងរបស់លោក ចន លី ជាប្រធានប្រតិបត្តិថ្មី បន្ទាប់ពីលោកស្រីការី ឡាំផងដែរ។ 
 
លោក ស៊ី ជិនភីង ប្រធានាធិបតីចិន នឹងបង្ហាញវត្តមានក្នុងខួបលើកទី២៥ និងពិធីឡើងកាន់តំណែងរបស់លោកចន លី នៅហុងកុង។ នេះជាទស្សនកិច្ចរបស់លោកស៊ីលើកដំបូងទៅហុងកុងចាប់តាំងពីឆ្នាំ ២០១៧។
 
«ប្រធានាធិបតីចិន ស៊ី ជិនភីង នឹងចូលរួមពិធីរំឮកខួបលើកទី២៥ របស់ហុងកុង ដែលត្រលប់មក្រោមការគ្រប់គ្រងរបស់ចិនវិញ»។ ទីភ្នាក់ងារព័ត៌មាន Xinhua បានចុះផ្សាយបែបនេះ។
 
ដំណើរទស្សនកិច្ចរបស់លោកស៊ី នៅហុងកុង ធ្វើឡើងស្របពេលហុងកុង កំពុងមានករណីឆ្លងជំងឺកូវីដ-១៩ ខ្លាំង ខណៈមន្រ្តីជាន់ខ្ពស់នៅក្នុងក្រុង ក៏ឆ្លងជំងឺនេះដែរ។ 
 
គួរំឭកថា ហុងកុង កន្លងមក មានបាតុកម្មជាច្រើន ដោយក្រុមមានទំនោរទៅរកលទ្ធិប្រជាធិបតេយ្យ មិនពេញចិត្តចំពោះរដ្ឋាភិបាលក្រុងប៉េកាំង ដែលព្យាយាមបង្កើនឥទ្ធិពលនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ។ ប៉ុន្តែចាប់តាំងពីច្បាប់សន្តិសុខជាតិត្រូវបានអនុម័ត បាតុកម្មនៅហុងកុង ក៏ស្ងប់ស្ងាត់ ដោយសារអ្នកប្រឆាំងជាច្រើនរូប ត្រូវបានចោទក្រោមច្បាប់នេះ៕ 
 

Tag:
 ចិន
  ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com