អន្តរជាតិ
តៃវ៉ាន់ នឹងបរិច្ចាគ ១ លានដុល្លារ ជួយអាហ្វហ្កានីស្ថានក្រោយរងគ្រោះរញ្ជួយដី
25, Jun 2022 , 10:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
រដ្ឋាភិបាលតៃវ៉ាន់ នៅយប់ថ្ងៃទី២៣ ខែមិថុនា បានសន្យាបរិច្ចាគប្រាក់ ១ លានដុល្លារ ដើម្បីចូលរួមក្នុងកិច្ចប្រឹងប្រែងជួយសង្គ្រោះជនរងគ្រោះ ក្រោយអាហ្វហ្កានីស្ថានមានគ្រោះរញ្ជួយដីក្នុងប្រទេស។ ការបរិច្ចាគនេះធ្វើឡើងក្រោយ អាហ្វហ្កានីស្ថានស្នើសុំជំនួយ។
 
បើទោះបីជាខ្លួនមិនមែនជាសមាជិកនៃអង្គការសហប្រជាជាតិ (UN) តៃវ៉ា​ន់ជានិច្ចជាកាលតែងចូលរួមជួយប្រទេសផ្សេងៗ ដោយចង់បង្ហាញថា ខ្លួនមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ។ កន្លងមកតៃវ៉ាន់ ក៏ធ្លាប់ផ្តល់ជំនួយទៅអ៊ុយក្រែនដែរ។ 
 
ក្រោយអាហ្វហ្កានីស្ថានជួបគ្រោះរញ្ជួយដីនាពេលថ្មីៗនេះ ការិយាល័យប្រធានាធិបតីតៃវ៉ាន់ នៅយប់ថ្ងៃទី២៣ ខែមិថុនា បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋាភិបាលតៃវ៉ាន់នឹងបរិច្ចាគជំនួយ ១​លានដុល្លារដល់អាហ្វហ្កានីស្ថាន ដោយផ្អែកលើស្មារតីមនុស្សធម៌។
 
យ៉ាងណាមិញ តៃវ៉ាន់នឹងមិនបញ្ជូនក្រុមស្វែងរក និងជួយសង្គ្រោះទៅអាហ្វហ្កានីស្ថានឡើយ បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយប្រទេសផ្សេងទៀត និងពិចារណាពីការលំបាកក្នុងការដឹកជញ្ជូន។ នេះបើតាមអ្នកនាំពាក្យការិយាល័យប្រធានាធិបតីតៃវ៉ាន់ Xavier Chang។ 
 
ទន្ទឹមនេះ ចិនបានអះអាងថា ខ្លួនបានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយដល់អាហ្វហ្កានីស្ថាន ដែលជាប្រទេសជិតខាង។ នៅថ្ងៃទី២៤ ខែមិថុនា ក្រសួងការបរទេសចិន បានបញ្ជាក់ថា ខ្លួនកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីប្រមូលសាច់ប្រាក់ តង់ ភួយ និងជំនួយមនុស្សធម៌ផ្សេងទៀត ប្រគល់ឱ្យអាហ្វហ្កានីស្ថាន ឆាប់បំផុតតាមដែលអាចធ្វើបាន។ ប៉ុន្តែ ក្រសួងការបរទេសចិនមិនបានផ្តល់ព័ត៌មានលម្អិតពីទំហំនៃកញ្ចប់ជំនួយ​ឡើយ។
 
គិតមកទល់ពេលនេះ មនុស្សជាង ១ពាន់នាក់ បានបាត់បង់ជីវិតក្នុងគ្រោះរញ្ជួយដីនៅអាហ្វហ្កានីស្ថាន ខណៈមនុស្សប្រមាណ ២ពាន់នាក់ផ្សេងទៀតរបួស៕ 
 

Tag:
 តៃវ៉ាន់
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com