សុខភាព
អន្តរជាតិ
ការសិក្សា៖ ទទួលទានកាហ្វេមួយថ្ងៃពី ២ទៅ៣ពែង អាចកាត់បន្ថយ​ហានិភ័យជំងឺក្រលៀន
26, Jun 2022 , 8:39 am        
រូបភាព
រូបភាព៖ Unsplash
រូបភាព៖ Unsplash
តាមការសិក្សាថ្មីមួយ ការទទួលទានកាហ្វេប្រចាំថ្ងៃពី ២ទៅ៣ពែង អាចកាត់បន្ថយហានិភ័យ​នៃជំងឺក្រលៀនបាន ២៣ភាគរយ។ ក្រុមអ្នកស្រាវជ្រាវ បាន​អះអាងថា ការទទួលទានកាហ្វេ​ក្នុង​បរិមាណប៉ុនណាក៏មានអត្ថប្រយោជន៍ចំពោះក្រលៀនដែរ តែការទទួលទាន​កាហ្វេ​ត្រឹម ២ទៅ៣ពែងក្នុងមួយថ្ងៃគឺល្អបំផុត។ ទោះយ៉ាងណាក៏ដោយ ការសិក្សានេះមិនបានលើកទឹក​ចិត្តឱ្យអ្នកមិនចេះទទួលទានកាហ្វេជ្រើសយកការទទួលទានកាហ្វេ ដើម្បីកាត់បន្ថយហានិភ័យជំងឺក្រលៀនឡើយ ព្រោះកាហ្វេអាចបង្កផលរំខានដល់សុខភាពសម្រាប់មនុស្ស​មួយចំនួនដែរ។
 
កន្លងមក ការសិក្សាជាច្រើន បានរកឃើញពីអត្ថប្រយោជ៍នៃការទទួលទានកាហ្វេ ដូចជាការ​ពារជំងឺ​មហារីក ជំងឺសរសៃឈាមបេះដូង ជំងឹទឺកនោមផ្អែម ជំងឺថ្លើម ជួយដល់ដំណើរការ​ខួរក្បាល និងជួយឱ្យមានអាយុវែងថែមទៀត។ ថ្មីៗនេះ ការសិក្សាមួយចុះផ្សាយលើទិនានុប្ប​វត្តិ Kidney International Report បានបង្ហាញពីអត្ថប្រយោជន៍កាហ្វេថែមមួយមុខទៀត ទាក់ទងនឹងក្រលៀន។  
 
ក្រុមអ្នកស្រាវជ្រាវ បានបង្ហាញថា អ្នកទទួលទានកាហ្វេមិនថាក្នុងបរិមាណ​ប៉ុនណាក៏ដោយ សុទ្ធតែមានផលល្អដល់សុខភាព​ក្រលៀន ប៉ុន្តែការទទួលទានពី ២ទៅ៣ពែងក្នុងមួយថ្ងៃ​ជាបរិមាណល្អបំផុត។ អ្នកទទួល​ទានកាហ្វេ ២ទៅ៣ពែងក្នុងមួយថ្ងៃអាចកាត់បន្ថយហានិ​ភ័យនៃជំងឺក្រលៀន ២៣ភាគ​រយ។
 
ការអះអាងខាងលើធ្វើឡើងដោយផ្អែកលើការសិក្សាពីអ្នកចូលរួមជាង ១ម៉ឺននាក់មានអាយុ​ចន្លោះពី ៤៥ ទៅ៦៥ឆ្នាំ។​ ការសិក្សាបានធ្វើឡើងរយៈពេល ២៤ឆ្នាំ ដោយបានស្រង់មតិ​ចំនួន​៧ដងអំពីបរិមាណកាហ្វេដែលអ្នកចូលរួមបានទទួលទានប្រចាំថ្ងៃ។ ជាលទ្ធផល អ្នក​ដែលបានទទួលទានកាហ្វេបានកាត់បន្ថយហានិភ័យនៃការវិវដ្តទៅមានជំងឺក្រលៀនជា​មធ្យម ១៥ភាគរយ ធៀបនឹងអ្នកដែលមិនទទួលទានកាហ្វេ។ ចំណែកអ្នកចូលរួមខ្លះមានជំងឺទាក់​ទងនឹងជំងឺក្រលៀនដូចជាមានជំងឺលើសឈាម ជំងឺធាត់ និងទឹកនោមផ្អែមក្ដី ក៏នៅមានហានិ​ភ័យវិវដ្តទៅមានជំងឺក្រលៀនទាបជាងអ្នកមិនទទួលទានកាហ្វេ ១១ភាគ​រយ​​ដែរ។ 
 
នេះទំនងជាមកពីសារជាតិកាហ្វេអ៊ីន ឬសារធាតុផ្សេងៗក្នុងកាហ្វេអាចជួយសម្រួលដំណើរ​អុកស៊ីសែនចូលក្នុងក្រលៀន ហើយអាច​ជួយសម្រួលមុខងារ​ក្រលៀន។ យ៉ាងណាមិញ ការ​សិក្សាមិនទាន់អាចបកស្រាយពីមូលហេតុច្បាស់លាស់ឡើយ ថាតើហេតុអ្វី​បានជាកាហ្វេអាច​សម្រួលការបំពេញនាទីរបស់ក្រលៀនឡើយ។ 
 
គួរបញ្ជាក់ថា ការទទួលទានកាហ្វេគ្រប់ប្រភេទ មិនថាកាហ្វេបន្ថែមទឺកដោះគោ កាហ្វេដាក់​ស្ករ បន្ថែមគ្រីម សុទ្ធតែមានទំនាក់ទំនងនឹងការកាត់បន្ថយហានិភ័យនៃជំងឺក្រលៀន។​ លើស​ពីនេះ ការទទួលទានភេសជ្ជៈដទៃទៀតដែលមានជាតិកាហ្វេអ៊ីន ដូចជាតែ កាកាវ សូកូឡា ក៏ត្រូវបានរាប់បញ្ចូលថាមានអត្ថប្រយោជន៍ដល់សុខភាពក្រលៀនដែរ។ ទោះយ៉ាងណាក៏​ដោយ ការសិក្សានេះមិនបានលើកទឹកចិត្តឱ្យអ្នកមិនចេះទទួលទានកាហ្វេជ្រើសយកការ​ទទួលទានកាហ្វេ ដើម្បីកាត់​បន្ថយហានិភ័យជំងឺក្រលៀនឡើយ ព្រោះកាហ្វេអាចបង្កផល​រំខានដល់សុខភាពសម្រាប់មនុស្ស​មួយចំនួនដែរ៕
 

Tag:
 កាហ្វេ
  សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com