អន្តរជាតិ
លោក ឌូទើតេ​ រិះគន់រដ្ឋអាជ្ញាICC​ ដែលចង់បើកការស៊ើបអង្កេតសង្រ្គាមប្រឆាំងគ្រឿងញៀនឡើងវិញ
26, Jun 2022 , 11:59 am        
រូបភាព
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ។ រូបភាព៖  AFP
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ។ រូបភាព៖ AFP
ដោយ:
អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ នៅថ្ងៃទី២៥ ខែមិថុនា បានបង្ហាញការខឹងសម្បារយ៉ាងខ្លាំងចំពោះផែនការរបស់អគ្គរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) លោក Karim Khan ក្នុងការបើកស៊ើបអង្កេតសង្រ្គាមប្រឆាំងគ្រឿងញៀនឡើងវិញ។ លោក Khan បានបើកការស៊ើបអង្កេត ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅហ្វីលីពីន កាលពីខែកញ្ញា ឆ្នាំ២០២១ តែក៏បានផ្អាកវិញនៅខែវិច្ឆិកាក្រោមសំណើរបស់ក្រុងម៉ានីល។
 
ក្រោយពន្យាពេលអស់ជាច្រើនខែតាមការស្នើរបស់ក្រុងម៉ានីល អគ្គរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) លោក Karim Khan នៅថ្ងៃទី២៤ ខែមិថុនា បានប្រកាសថានឹងបើកស៊ើបអង្កេតលើសង្រ្គាមប្រឆាំងគ្រឿងញៀន អំឡុងអាណត្តិប្រធានាធិបតីហ្វីលីពីនរ៉ូឌ្រី​ហ្គោ ឌូទើតេ ឡើងវិញ។ បន្ទាប់ពីលោក ឌូទើតេឡើងកាន់អំណាចឆ្នាំ ២០១៦ ជនសង្ស័យប្រើប្រាស់ និងជួញដូរគ្រឿងញៀនរាប់ពាន់នាក់ត្រូវបានសម្លាប់ ដោយប៉ូលិសក្រៅប្រព័ន្ធតុលាការ។ បើតាមទិន្នន័យរបស់រដ្ឋាភិបាលហ្វីលីពីន​ គិតត្រឹមខែឧសភា ឆ្នាំ២០២២ ចំនួនអ្នកស្លាប់មានរហូតដល់ ៦,២៥២នាក់។
 
យ៉ាងណាមិញ​ ផែនការស៊ើបអង្កេតរបស់លោក Khan មិនត្រូវបានក្រុងម៉ានីលស្វាគមន៍ឡើយ។​ តាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យប្រធានាធិបតីលោក Martin Andanar រដ្ឋបាលលោកឌូទើតេកំពុងស៊ើបអង្កេត រាល់ការសម្លាប់ទាំងអស់ដែលកើតចេញពីប្រតិបត្តិការប្រឆាំងគ្រឿងញៀនដោយស្របច្បាប់ ហើយ ICC គួរតែអនុញ្ញាតឱ្យរដ្ឋាភិបាលក្រុងម៉ានីលបន្តកិច្ចប្រឹងប្រែងនេះដល់ទីបញ្ចប់។
 
ជុំវិញរឿងនេះ អ្នកស្រី Maria Elena Vignoli ទីប្រឹក្សាយុត្តិធម៌អន្តរជាតិជាន់ខ្ពស់នៅអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានលើកឡើងថា សំណើបន្តស៊ើបអង្កេតលើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិរបស់លោក Khan ជាការជំរុញឱ្យរដ្ឋាភិបាលហ្វីលីពីនទទួលខុសត្រូវចំពោះទង្វើដ៏ព្រៃផ្សៃរបស់ពួកគេ។
 
«រដ្ឋាភិបាលមិនបានចាត់ទុកយុត្តិធម៌សម្រាប់ឧក្រិដ្ឋកម្មទាំងនេះជារឿងធំដុំនោះទេ ខណៈដែលក្រុមគ្រួសាររបស់ជនរងគ្រោះជួបទុក្ខព្រួយដោយគ្មានសំណងជំងឺចិត្ត ហើយអ្នកទទួលខុសត្រូវថែមទាំងមិនប្រឈមនឹងផលវិបាកអ្វីទៀត»។ អ្នកស្រី Vingoli បញ្ជាក់បែបនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ។
 
កន្លងមក លោកឌូទើតេដែលនឹងបញ្ចប់តំណែងជាប្រធានាធិបតីនៅថ្ងៃទី៣០​ ខែមិថុនា បានចេញមុខការពារប៉ូលិស ជាមួយការអះអាងថា​អ្នកដែលត្រូវបានសម្លាប់ទាំងនោះសុទ្ធតែជាឈ្មួញគ្រឿងញៀនដែលប្រឆាំងនឹងការចាប់ខ្លួន។ លោកធ្លាប់លើកឡើងថា ប៉ូលិសអាចសម្លាប់នរណាដែលបង្កគ្រោះថ្នាក់ដល់ខ្លួន ហើយចាប់ជនសង្ស័យទាំងនោះដាក់គុក ប្រសិនបើគេព្រមចុះចូលជាមួយប៉ូលិស៕
 

Tag:
 ហ្វីលីពីន
  ICC
© រក្សាសិទ្ធិដោយ thmeythmey.com