អន្តរជាតិ
ពិភពលោកបំបែកកំណត់ត្រាបម្រែបម្រួលអាកាសធាតុចំនួន៧ ក្នុងឆ្នាំ​២០២១
26, Jun 2022 , 2:39 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
តាមរបាយការណ៍ថ្មីរបស់អង្គការឧតុនិយមពិភពលោក (WMO) ក្នុងឆ្នាំ ២០២១ កំណត់​ត្រាបម្រែ​បម្រួលអាកាសធាតុចំនួន៧ ត្រូវបានបំបែក។ វាមានន័យថា បញ្ហាដែលកើតឡើង​ដោយសារបម្រែបម្រួលអាកាសធាតុបានឈានឡើងដល់កម្រិតថ្មីលើសពីកម្រិតក្នុងឆ្នាំ​មុនៗ ឬជា​ហេតុការណ៍ដែលមិនធ្លាប់មានពីមុនមក។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ ​អង្គការសហ​ប្រជា​ជាតិ(UN) បានជំរុញឱ្យបញ្ឈប់ការប្រើប្រាស់ឥន្ធនៈផូស៊ីល និងសកម្មភាពបញ្ចេញឧស្ម័ន​កាបូនិច​មួយចំនួន​ជាបន្ទាន់។
 
ការបំបែកកំណត់ត្រាបម្រែបម្រួលអាកាសធាតុក្នុងឆ្នាំ ២០២១ កំពុងក្លាយជាបញ្ហាព្រួយ​បារម្ភដ៏ធំមួយរបស់សកល។ បញ្ហាអាកាសធាតុដែលមិនធ្លាប់មានចំនួន៧ បានកើតឡើង​ក្នុងឆ្នាំ ២០២១ រួមមាន៖
 
១, ការមានរលកកម្ដៅក្ដៅខ្ពស់បំផុត
 
ក្នុងឆ្នាំ ២០២១ បរិមាណឧស្ម័នផ្ទះកញ្ចក់ដែលបានបំភាយចេញទៅបរិយាកាសបានបន្ត​កើនឡើងដល់ ៤១៩ppm ខណៈឆ្នាំ ២០២០ មានត្រឹម ៤១៦ppm ប៉ុណ្ណោះ។ វាបានធ្វើ​ឱ្យរលកកម្ដៅនៅអាម៉េរិកខាងជើងឡើងដល់សីតុណ្ហភាព ៤៩,៦អង្សាសេ ខណៈរដ្ឋ California មានសីតុណ្ហភាពដល់ ៥៤,៤អង្សាសេឯណោះ។ នេះជាការបំបែកកំណត់ត្រា​សីតុណ្ហភាពតាមតំបន់ដែលក្ដៅបំផុត។ ចំណែកសីតុណ្ហភាពសកលជាមធ្យមវិញត្រូវបាន​កើនឡើង ១,១អង្សាសេ បន្ថែមលើសីតុណ្ហភាពមធ្យមមុនសម័យបដិវត្តឧស្សាហកម្ម។ 
 
២, ការឡើងកម្ពស់ទឹក​សមុទ្រខ្ពស់បំផុត 
 
កម្ពស់ទឹកសមុទ្របានឈានដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ ២០២១ បន្ទាប់ពីកើនឡើង ៤,៥មីលី​ម៉ែត្រក្នុងមួយឆ្នាំ គិតតាំងពីឆ្នាំ ២០១៣ រហូតដល់ ២០២១។ កម្ពស់ទឹកកើនឡើងក្នុងរយៈ​ពេល ៨ឆ្នាំចុងក្រោយនេះកើនឡើង២ដងធៀបនឹងកម្ពស់ទឹកកាលពីឆ្នាំ ១៩៩៣ ដល់ ២០០២។ ការកើនឡើងកម្ពស់ទឹកលឿនបែបនេះគឺដោយសារការរលាយផ្ទាំងទឹកកកតំបន់​ប៉ូល។
 
៣, ប្រហោងអូសូននៅអង់តាក់​ទិករីកកាន់តែធំខុសពីធម្មតា 
 
ប្រហោងអូហ្សូននៅអង់តាក់ទិកមានទំហំធំទៅៗ និងជ្រៅខុសពីធម្មតា ដោយកើនដល់ទំហំ ២៤,៨លានគីឡូម៉ែត្រការេ សឹងតែស្មើទំហំរបស់ទ្វីបអាហ្រ្វិក។ វាកើតឡើងដោយសារខ្យល់​តំបន់ប៉ូលមានសីតុណ្ហភាពត្រជាក់ជាងលក្ខខណ្ឌធម្មតានៅក្នុងស្រទាប់ទី២នៃបរិយាកាស​របស់ផែនដី។
 
៤, ការមានភ្លៀងធ្លាក់ដំបូងនៅតំបន់ផ្ទាំងទឺកកកខ្ពស់ជាងគេនៃហ្គោអង់ឡង់ 
 
តំបន់ទឹកកកខ្ពស់បំផុតលើកោះហ្គោអង់ឡង់មានភ្លៀងធ្លាក់លើកដំបូងក្នុងប្រវត្តិសាស្ត្រ ហើយ​ភ្លៀងមានរយៈពេលយូរម៉ោងផងដែរ។ WMO អះអាងថានេះគឺជាផ្នែកមួយនៃព្រឹត្តិការណ៍មិន​ធ្លាប់មាន​ក្នុងតំបន់ដែលមានសីតុណ្ហភាពត្រជាក់ដល់កក។
 
៥, ព្យុះសង្ឃរាដែលមានល្បឿនខ្យល់លឿនបំផុត 
 
ព្យុះសង្ឃរា Ida មានល្បឿនខ្យល់ ២៤០គីឡូម៉ែត្រក្នុងមួយម៉ោង បានបំផ្លាញរដ្ឋ Louisiana របស់អាម៉េរិកនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ធ្វើឱ្យខាតបង់សេដ្ឋកិច្ចប្រហែល ៧៥ពាន់​លានដុល្លារ និងបាត់បង់ជីវិតមនុស្ស ១១៥នាក់។
 
៦, ទឹកជំនន់ធំបំផុតនៅអឺរ៉ុបខាងលិច 
 
នៅពាក់កណ្តាលខែកក្កដា ឆ្នាំ២០២១ អឺរ៉ុបខាងលិចបានជួបបញ្ហាទឹកជំនន់ដ៏អាក្រក់បំផុត​មិនធ្លាប់មានពីមុនមក។ អាល្លឺម៉ង់ខាងលិច និងបែលហ្ស៊ិកខាងកើតរងផលប៉ះពាល់ខ្លាំងជាង​គេ។ ក្នុងព្រឹត្តិការណ៍នោះ អាល្លឺម៉ង់បានរាយការណ៍ថាមានអ្នកស្លាប់ចំនួន ១៨៣នាក់ និង​ខាតបង់សេដ្ឋកិច្ច ២០ពាន់លានដុល្លារ ខណៈបែលហ្សិកមានអ្នកស្លាប់ ៣៦នាក់។ បារាំង ហូឡង់ លុចសំបួ និងស៊្វីស ក៏ជួបប្រទះនឹងទឹកជំនន់ដ៏ធ្ងន់ធ្ងរផងដែរ។
 
៧, បឹងស្ដុកទឹកមួយនៅអាម៉េរិករីងសល់កម្ពស់ទឹកទាបបំផុត
 
គ្រោះរាំងស្ងួតបានធ្វើឱ្យបឹង Mead ដែលជាអាងស្តុកទឹកនៅភាគនិរតីនៃអាម៉េរិករីងហួតទឹក​អស់ ៤៧ម៉ែត្រ ធ្វើឱ្យមានកម្ពស់ទឹកទាបបំផុតមិនធ្លាប់មានពីមុន។ គ្រោះរាំងស្ងួតក៏បានជះឥទ្ធិ​ពលដល់ផ្នែកផ្សេងទៀតនៃពិភពលោក រួមទាំងអាហ្វ្រិក អ៊ីរ៉ង់ ប៉ាគីស្ថាន អាហ្វហ្កានីស្ថាន កាណាដា និងតួកគី។ នៅកាណាដា គ្រោះរាំងស្ងួតបានប៉ះពាល់ដល់វិស័យកសិកម្មយ៉ាង​ខ្លាំង។ ដំណាំស្រូវសាលី ដែលជាដំណាំប្រើសម្រាប់ផលិតប្រេងឆា និងចំណីសត្វត្រូវបានធ្លាក់​ចុះ ៣៥ទៅ ៤០ភាគរយធៀបនឹងទិន្នផលឆ្នាំ ២០២០៕ 
 

Tag:
 បម្រែបម្រួលអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com