សុខភាព
អន្តរជាតិ
WHO៖ ប្រជាជនពិភពលោកជិតមួយពាន់លាននាក់ មានបញ្ហាផ្លូវចិត្ត
26, Jun 2022 , 4:39 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
តាមការលើកឡើងរបស់អង្គការសុខភាពពិភពលោក (WHO) ក្នុងឆ្នាំ ២០១៩ ​ប្រជាជន​ជិតមួយពាន់លាននាក់ នៅទូទាំងពិភពលោក បានរងគ្រោះដោយសារបញ្ហាផ្លូវចិត្តជាច្រើន​ប្រភេទ ហើយក្នុងនោះក៏មានក្មេងជំទង់ ១៤ភាគរយដែរ។ ​នេះជាទិន្នន័យចុងក្រោយបង្អស់ ដែលត្រូវបានផ្ដល់​ដោយអង្គការសុខភាពពិភពលោក(WHO) និងជា​តួលេខដ៏ធំគួរឱ្យព្រួយ​បារម្ភ។
 
បញ្ហាផ្លូវចិត្តត្រូវបានចែកចេញជាច្រើនប្រភេទ ប៉ុន្តែភាគច្រើនមនុស្សរងគ្រោះដោយប្រភេទ​ជំងឺបាក់ទឹកចិត្ត និងជំងឺថប់​អារម្មណ៍ដែលតែងធ្វើឱ្យមនុស្សមានអារម្មណ៍សោកសៅខ្លាំង ឬតែងភ័យព្រួយចំពោះរឿងគ្រប់យ៉ាង។ បញ្ហាវិសមភាពសង្គម សេដ្ឋកិច្ច សេវាសុខភាព​សាធារណៈ វិបត្តិអាកាសធាតុ គឺសុទ្ធតែជាកត្តាគំរាមកំហែងដល់សុខភាពផ្លូវចិត្តរបស់ប្រជា​ជន។ 
 
ជាក់ស្ដែង ក្នុងឆ្នាំដំបូងនៃការរីករាលដាលជំងឺ​កូវីដ-១៩ អត្រាអ្នកមានបញ្ហាផ្លូវចិត្ត​ដូចជា ជំងឺបាក់ទឹក​ចិត្ត និងជំងឺថប់អារម្មណ៍ បានកើន​ឡើង ២៥ភាគរយ។ ក្នុងឆ្នាំ ២០១៩ អ្នកមានបញ្ហាផ្លូវចិត្តទូទាំងសកលមានចំនួនជិត ១ពាន់លាននាក់ ដែលក្នុងនោះក្មេងជំទង់​មាន ១៤ភាគរយដែរ។
 
មុនពេល និងអំឡុងពេលពិភពលោកជួបវិបត្តិកូវីដ-១៩ អ្នកមានបញ្ហាផ្លូវចិត្តមួយចំនួនតូច​ប៉ុណ្ណោះដែល​មានលទ្ធភាពទទួលបានការព្យាបាលប្រកបដោយគុណភាព និងប្រសិទ្ធ​ភាព។ អ្នកមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរច្រើនជាង ៧០ភាគរយទូទាំងពិភពលោកមិនមានលទ្ធភាពទទួល​បានការព្យាបាលបានត្រឹមត្រូវឡើយ។ នៅតាមបណ្ដាប្រទេសក្រីក្រ អ្នកមានលទ្ធភាព​ស្វែងរក និងទទួលបានការព្យាបាលបញ្ហាផ្លូវចិត្តមានតែ ១២ភាគរយប៉ុណ្ណោះ។ ហេតុនេះ ករណីអ្នក​មានបញ្ហាផ្លូវចិត្តចេះតែបន្តកើនឡើងរហូតជិត មួយពាន់លាននាក់។
 
វាជាឧទាហរណ៍ល្អមួយដែលបង្ហាញថា ការផ្តល់សមភាពក្នុងសង្គមពិសេសទាក់ទិននឹង​ការផ្ដល់សេវាសុខភាពសាធារណៈដល់ប្រជាជនទាំងអស់គឺគួរតែត្រូវបានអនុវត្តឱ្យមាន​ប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាន ដើម្បីលើកកម្ពស់សុខភាពផ្លូវចិត្តរបស់ប្រជាជន។ សុខភាពផ្លូវចិត្តរបស់ប្រជាជនដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិប្រកបដោយ​និរន្តរភាព។
 
គួរបញ្ជាក់ថា អត្រាអ្នកមានបញ្ហាផ្លូវចិត្តជិត ១ពាន់លាននាក់ជាតួលេខដ៏ធំមួយដែលបាន​ក្លាយជាក្ដីព្រួយបារម្ភរបស់ WHO។ អគ្គនាយក អង្គការWHO លោក Tedros Adhanom Ghebreyesus បានអំពាវនាវឱ្យប្រទេសទាំងអស់យកចិត្តទុកដាក់ការពារសុខភាពផ្លូវចិត្តប្រជាជន និងផ្ដល់​សេវាថែទាំសាធារណៈតាមសហគមន៍ឱ្យបានល្អបំផុតតាមដែលអាចធ្វើបានដើម្បីសម្រេច​គោលដៅសុខភាពសកលគ្មានបញ្ហាផ្លូវចិត្ត៕ 
 

Tag:
 WHO
  សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com