អន្តរជាតិ
ការសិក្សា៖ ប​ម្រែបម្រួលអាកាសធាតុ កាន់តែធ្វើឱ្យអំពើហិង្សាលើស្ត្រី​មានចំនួនច្រើនឡើង
26, Jun 2022 , 5:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ការសិក្សាថ្មីមួយបង្ហាញថា បម្រែបម្រួលអាកាសធាតុ បានបង្កឱ្យមានបញ្ហាគ្រោះធម្មជាតិ​យ៉ាងច្រើន ដែលជាកត្តា​បង្កើនឱកាសប្រព្រឹត្តអំពើហិង្សាលើស្ត្រីកាន់តែធ្ងន់ធ្ងរ និងច្រើន​ឡើងដែរ។ ក្នុងស្ថានភាព​មានគ្រោះធម្មជាតិផ្សេងៗ ករណីរំលោភ ការគំរាមកំហែងផ្លូវភេទ ការជួញដូរមនុស្ស ករណីបង្ខំឱ្យរៀបការ​ទាំងវ័យក្មេង និងសកម្មភាពចាប់បង្ខំដទៃទៀត បាន​កើតឡើងលើស្ត្រី និងកុមារីជាច្រើន។
 
នៅពេលមនុស្សគិតអំពី​ផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ មនុស្សនឹកឃើញតែពីរូប​ភាពគ្រោះមហន្តរាយ ការខូចខាតទីក្រុង និងការឡើងកម្ដៅដែលប៉ះពាល់ដល់ជីវិតមនុស្ស​សត្វ។ ប៉ុន្តែ បម្រែបម្រួលអាកាសធាតុបានបង្កឱ្យមាន​បញ្ហា​ច្រើនជាងនេះទៅទៀតដែលកើត​ក្រោយគ្រោះមហន្តរាយទាំងនោះ។ ជាក់ស្ដែង បញ្ហា​វិសមភាពយេនឌ័រ ដែលស្ត្រីត្រូវបានរង​គ្រោះដោយការចាប់បង្ខំ និងអំពើហិង្សា។
 
ការពិត បញ្ហាបម្រែបម្រួលអាកាសធាតុបានបង្កផលប៉ះពាល់ដល់មនុស្ស និងសត្វទាំងអស់​ក្នុងពិភពលោក។ យ៉ាងណាមិញ ស្ត្រី និងកុមារី ជាអ្នករងគ្រោះខ្លាំងជាងគេតាមរយៈសកម្ម​ភាពចាប់បង្ខំផ្សេងៗ ដែលបង្កឱ្យមានការប្រព្រឹត្តិអំពើហិង្សាលើរាងកាយ ផ្លូវចិត្ត និងផ្លូវភេទ​ជាដើម។ នៅពេលមានបញ្ហាគ្រោះធម្មជាតិ បញ្ហាអសន្តិសុខក៏កើតឡើង ស្របគ្នាដែរ ដែល​ជាហេតុធ្វើឱ្យករណីអំពើហិង្សាលើមនុស្សស្រីកាន់តែធ្ងន់ធ្ងរ។ 
 
ការសិក្សា​ស្រាវ​ជ្រាវថ្មីមួយចុះផ្សាយលើទិនានុប្បវត្តិ The Lancet Planetary Health បានបង្ហាញថាករណីអំពើហិង្សាលើស្ត្រី និងក្មេងស្រីកើនឡើងជាលំដាប់ បន្ទាប់ពីមានគ្រោះ​ទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ ​និងព្រឹត្តិការណ៍គ្រោះមហន្តរាយផ្សេងៗទៀតដែលកើត​ឡើងដោយសារការកើនឡើងកម្ដៅផែនដី។ នេះដោយសារស្របពេលពិភពលោកជួបបញ្ហា​ធម្មជាតិនោះ បញ្ហាសេដ្ឋកិច្ច ក៏ដូចជាបញ្ហាអសន្តិសុខសង្គមក៏កើតមានឡើងដែលបង្កឱ្យ​ស្ត្រីត្រូវរងគ្រោះដោយអំពើហិង្សាផ្លូវភេទ ការជួញដូរមនុស្ស ការបង្ខំឱ្យរៀបការទាំងវ័យក្មេង និងការបង្ខិតបង្ខំក្នុងរូបភាពផ្សេងៗ។ 
 
ជាក់ស្ដែង អំពើហិង្សាលើស្ត្រីត្រូវបានកើតឡើងក្នុងរូបភាពដូចជា ពេលមានគ្រោះធម្មជាតិ វាបានរំខាន​ដល់ចំណូលគ្រួសារ ហើយវាក៏រំខានដល់ការសិក្សារបស់ក្មេងស្រី។ ដូច្នេះគ្រួសារ​ដែលមានកូនស្រីភាគច្រើន បង្ខំឱ្យកូនស្រីរៀប​ការ ឬឈប់​រៀនដើម្បីរកចំណូលជួយគ្រួសារ។ មួយវិញទៀត នៅពេលមានគ្រោះធម្មជាតិ ប្រជាជនត្រូវជម្លៀសទៅនៅក្នុងជំរំរស់នៅជម្រុះ​គ្នារវាងក្មេងប្រុសនិងក្មេងស្រី។ ហេតុនេះ ករណីរំលោភនិងអំពើហិង្សាផ្លូវភេទក៏ងាយកើត​ឡើងដែរ។ 
 
គួរបញ្ជាក់ថា បញ្ហាហិង្សាលើស្ត្រី និងកុមារីដែលបណ្ដាលមកពីបម្រែបម្រួលអាកាសធាតុ កើតឡើងនៅគ្រប់ទីកន្លែង តែភាគច្រើនកើតឡើងនៅបណ្ដាប្រទេសក្រីក្រដែលតែងរង​គ្រោះខ្លាំងពីគ្រោះមហន្តរាយ។ អំពើហិង្សាលើស្ត្រីកើតឡើងគ្រប់ពេល និងបន្តកើនឡើងឥត​ឈប់ឈរ។ ដូច្នេះពិភពលោកត្រូវ​យកចិត្តទុកដាក់ ការពារ និងបន្តដោះស្រាយតាមគ្រប់វិធី រួម​ទាំងទប់ស្កាត់បម្រែបម្រួលអាកាសធាតុដែលជាក្ដីបារម្ភដ៏ធំរបស់សកល៕  
 

Tag:
 ហិង្សា
  បម្រែបម្រួលអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com