អន្តរជាតិ
ស្រីលង្កាជិតអស់ប្រេងឥន្ធនៈ ខណៈស្ថាប័នរដ្ឋ និងសាលារៀនត្រូវបិទដើម្បីបន្ថយការធ្វើដំណើរ
26, Jun 2022 , 8:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ:
ស្រីលង្កាស្ទើរតែអស់ប្រេងម៉ាស៊ូត និងសាំងហើយ ស្របពេលរដ្ឋមន្រ្តីថាមពលស្រីលង្កានៅថ្ងៃទី២៥ ខែមិថុនា បានប្រកាសថា នាវាដឹកប្រេងដែលរំពឹងនឹងមកដល់ក្នុងសប្តាហ៍នេះ និងសប្តាហ៍ក្រោយត្រូវបានពន្យាពេល។ រដ្ឋមន្រ្តីរូបនេះ ក៏បានសុំទោសប្រជាជនចំពោះវិបត្តិថាមពលដែលកាន់តែយ៉ាប់យ៉ឺនដែរ។
 
ស្រីលង្កាដែលកំពុងផុងក្នុងវិបត្តិសេដ្ឋកិច្ច ប្រឈមនឹងកង្វះទុនបម្រុងយ៉ាងធ្ងន់ធ្ងរដោយមិនអាចនាំទំនិញចាំបាច់សំខាន់ៗចូលបានសូម្បីតែស្បៀងអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យជាដើម។ រដ្ឋអាស៊ីខាងត្បូងមួយនេះ កំពុងអំពាវនាវសុំជំនួយសប្បុរសធម៌ពីអន្តរជាតិ ហើយក៏កំពុងចរចាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីទទួលបានកញ្ចប់ជំនួយមកបំពេញតម្រូវការរបស់ប្រជាជនផងដែរ។
 
បើទោះជាសប្តាហ៍មុន រដ្ឋាភិបាលបានបិទស្ថាប័នរដ្ឋដែលមិនចាំបាច់ និងសាលារៀនរយៈពេលពីរសប្តាហ៍ដើម្បីកាត់បន្ថយការធ្វើដំណើរក៏ដោយ វិបត្តិថាមពលក្នុងប្រទេសនៅតែមិនអាចដោះស្រាយបាន។ ស្របពេលរង់ចាំការនាំចូលប្រេងដើម្បីដោះទាល់ លោក Kanchana Wijesekera រដ្ឋមន្រ្តីថាមពលស្រីលង្កា នៅថ្ងៃទី២៥ ខែមិថុនាប្រកាសថា នាវាដឹកប្រេងដែលត្រូវមកដល់តាំងពីសប្តាហ៍មុន មិនបានមកដល់នោះទេ ខណៈនាវាដែលរំពឹងថានឹងមកដល់សប្តាហ៍ក្រោយក៏នឹងមិនទៅដល់ស្រីលង្កាដែរ។
 
« ខ្ញុំសោកស្តាយណាស់ដែលការដឹកជញ្ជូនប្រេងឆៅ ប្រេងម៉ាស៊ូត និងសាំងដែលត្រូវមកដល់សប្តាហ៍នេះ និងសប្តាហ៍ក្រោយនឹងមិនអាចមកដល់ទាន់ពេលបាន ដោយសារបញ្ហាការរៀបចំ​ និងពាក់ព័ន្ធធនាគារ»។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP ស្រង់សម្តីលោក Wijesekera។
 
ទន្ទឹមនេះ រដ្ឋមន្រ្តីថាមពលរូបនេះបញ្ជាក់ថា ការផ្គត់ផ្គង់ប្រេងឥន្ធនៈដែលនៅសេសសល់នឹងត្រូវយកទៅចែកចាយនៅស្ថានីយ៍បូមសាំងមួយចំនួន ខណៈការដឹកជញ្ជូនសាធារណៈ និងរោងចក្រផលិតថាមពលនឹងជាអាទិភាព។ លើសពីនេះ លោកក៏បានជំរុញឱ្យអ្នកបើកបរឈប់តម្រង់ជួររង់ចាំប្រេងឥន្ធនៈ ដែលនឹងមិនទាន់អាចមកដល់ឆាប់ៗផងដែរ។
 
បើតាមលោក Wijesekera សាជីវកម្មចម្រាញ់ប្រេងរដ្ឋ Ceylon ដែលចាប់ផ្តើមដំណើរការនៅដើមខែមិថុនាបានបិទដែរដោយសារកង្វះប្រេងឆៅ។ ក្រុមហ៊ុន Ceylon ដែលកន្លងមកទិញប្រេងឆៅពីរុស្ស៊ីមកផលិតប្រេងក៏មិនអាចនិយាយបានដែរថា ពេលណាការផ្គត់ផ្គង់ប្រេងឆៅនឹងមកដល់កោះនេះ។
 
កាលពីថ្ងៃទី២២ ខែមិថុនា នាយករដ្ឋមន្រ្តីស្រីលង្កា Ranil Wickremesinghe ព្រមានសភាថា រដ្ឋដីកោះអាស៊ីខាងត្បូងមួយនេះនឹងបន្តប្រឈមនឹងការលំបាកពីរ ឬ បីខែទៅមុខទៀត។ នាយករដ្ឋមន្រ្តីស្រីលង្ការូបនេះថែមទាំងសង្កត់ធ្ងន់ថា សេដ្ឋកិច្ចស្រីលង្កាកំពុងដួលរលំទាំងស្រុង ហើយបច្ចុប្បន្នក៏ប្រឈមនឹងបញ្ហាដ៏ធ្ងន់ធ្ងរជាជាងការខ្វះខាតប្រេងឥន្ធនៈ ហ្គាស អគ្គិសនី និងអាហារទៅទៀត៕
 

Tag:
 ស្រីលង្កា
  ប្រេង
© រក្សាសិទ្ធិដោយ thmeythmey.com