អន្តរជាតិ
WHO៖ ជំងឺ​អុត​ស្វា​មិនទាន់ក្លាយជាស្ថានភាពអាសន្ន​ដល់ប្រព័ន្ធសុខាភិបាលសកលឡើយ​
26, Jun 2022 , 10:29 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី២៥​ ខែមិថុនា​ លើកឡើងថា ជំងឺ​អុត​ស្វា​នៅមិនទាន់ក្លាយជាបញ្ហាអាសន្ន​ដល់ប្រព័ន្ធសុខាភិបាលសកលនៅឡើយ បើទោះបីជាអគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការផ្ទុះឡើងនៃករណីឆ្លងក្តី។
 
ការផ្ទុះករណីឆ្លងវីរុសអុតស្វានៅក្រៅទ្វីបអាហ្វ្រិក កំពុងក្លាយជាកង្វល់ថ្មីមួយសម្រាប់អង្គការសុខភាពពិភពលោក(WHO)។ ទោះមិនទាន់ដល់កម្រិតគួរឱ្យបារម្ភខ្លាំង ការរកឃើញករណីឆ្លងដែលភាគច្រើននៅអឺរ៉ុបនិងតំបន់ផ្សេងៗ គឺជារឿងដែលកម្រ។ ជំងឺនេះបានរីករាលដាល តាមរយៈទំនាក់ទំនងជិតស្និទ្ធ​ និងមានរោគសញ្ញាដូចជំងឺផ្តាសាយ និងឡើងកន្ទួល។
 
«ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងពីការផ្ទុះឡើងនៃជំងឺអុតស្វា។ នេះច្បាស់ណាស់ថា ជាការគំរាមកំហែងដល់សុខភាពសកល​ដែលសហការី និងខ្ញុំនៅក្នុងលេខាធិការដ្ឋាន។ WHO កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត»។ លោក​ Tedros Adhanom Ghebreyesus ប្រធានអង្គការ WHO បានលើកឡើងបែបនេះនៅថ្ងៃទី២៥ ខែមិថុនា។ 
 
យ៉ាងណាមិញ ជំងឺអុតស្វានៅមិនទាន់ត្រូវបានគេចាត់ទុកថាជាជំងឺអាសន្នជាសកលប៉ះពាល់​ដល់សុខភាព​សាធារណៈឡើយ។ បច្ចុប្បន្នជំងឺដែលចាត់ទុកថាគ្រាអាសន្នជាសកល គឺមានតែជំងឺកូវីដ-១៩​ និងការខិតខំប្រឹងប្រែងលុបបំបាត់ជំងឺស្វិតដៃជើងប៉ុណ្ណោះ ខណៈជំងឺអុតស្វាមិនត្រូវបានទីភ្នាក់ងារអង្គការសហប្រជាជាតិនេះ ចាត់ទុកថាជាគ្រាអាសន្នជាសកលប៉ះពាល់​ដល់សុខភាព​សាធារណៈឡើយ បន្ទាប់ពីមានកិច្ចប្រជុំជាមួយអ្នកជំនាញអន្តរជាតិ។
 
គិតត្រឹម៦សប្តាហ៍ចុងក្រោយនេះ ប្រទេសជាង ៤៨ បានរាយការណ៍ពីករណីឆ្លងជំងឺអុតស្វាប្រមាណ​ ៣ ពាន់ ២ រយករណីហើយ ខណៈមានអ្នកស្លាប់ម្នាក់ដែលត្រូវបានរាយការណ៍។ នេះបើយោងតាមទិន្នន័យពី WHO។ 
 
នៅក្នុងអាហ្រ្វិកកណ្តាលវិញ រហូតមកដល់ពេលនេះ អាជ្ញាធរបានរាយការណ៍ពីករណីឆ្លងជាង ១ ពាន់ ៥​រយករណី ខណៈចំនួនអ្នកស្លាប់កើនដល់ ៧០​ នាក់។ ករណីឆ្លងទាំងនេះ ភាគច្រើនបានរាយការណ៍ពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោតែម្ដង។
 
ជំងឺអុតស្វា ដែលជាជំងឺមានរោគសញ្ញាស្រដៀងជំងឺគ្រុនផ្តាសាយ និងមានដំបៅស្បែក កំពុងរីករាលដាលយ៉ាងទូលំទូលាយជាពិសេសលើបុរសដែលរួមភេទជាមួយបុរស។ បើតាម WHO ជំងឺនេះត្រូវបានគេបំបែកចេញជាពីរប្រភេទ។ ប្រភេទដែលឆ្លងអាហ្រ្វិកខាងលិចត្រូវបានគេជឿថាមានអត្រាស្លាប់ប្រហែល ១ ភាគរយ ខណៈប្រភេទដែលរីករាលដាលនៅក្នុងទ្វីបអឺរ៉ុបនិងកន្លែងផ្សេងទៀត មានអត្រាស្លាប់ប្រហែល ១០ ភាគរយ។​ 
 
យ៉ាងណាមិញ ការសម្រេចចិត្តរបស់ WHO ទំនងជានឹងត្រូវរងការរិះគន់មួយចំនួនពីអ្នកជំនាញសុខភាពពិភពលោក ដែលបាននិយាយមុនកិច្ចប្រជុំថា ការផ្ទុះឡើងនៃជំងឺអុតស្វាបានបំពេញតាមលក្ខណៈវិនិច្ឆ័យដែលអាចចាត់ទុកក្នុងស្ថានភាពអាសន្ន៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com