អន្តរជាតិ
ប្រធានាធិបតីអាម៉េរិក ជំរុញមេដឹកនាំ G7 រួមគ្នាទប់រុស្ស៊ី ដែលបន្តឈ្លានពានអ៊ុយក្រែន
27, Jun 2022 , 10:59 am        
រូបភាព
មេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ ជួបជុំបរិភោគអាហារពេលល្ងាច។ រូបភាព៖ Reuters
មេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ ជួបជុំបរិភោគអាហារពេលល្ងាច។ រូបភាព៖ Reuters
ប្រធានាធិបតិអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី២៦ ខែមិថុនា បានជំរុញឱ្យមេដឹកនាំអឺរ៉ុបរួមគ្នាទប់នឹងការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន មុនកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ (G7) ប្រព្រឹត្តឡើង។ ទន្ទឹមនេះ ក្រុមប្រទេស G7 ក៏ពិភាក្សាពីការដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី ទាក់ទិននឹងមាស រួមទាំងកំណត់តម្លៃប្រេងផងដែរ។
 
ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ នៅថ្ងៃទី២៦ ខែមិថុនា បានមកជួបជុំគ្នានៅតំបន់ភ្នំ Alps ដោយបញ្ហារុស្ស៊ី  និងការកើនឡើងតម្លៃទំនិញជាប្រធានបទដ៏សំខាន់។ កិច្ចប្រជុំដ៏ធំមួយនេះ ត្រូវធ្វើឡើងចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមិថុនា។ ថ្លែងប្រាប់លោក  អូឡាហ្វ ស្ហូល អធិការបតីអាល្លឺម៉ង់ និងជាប្រធានផ្លាស់វេននៃកិច្ចប្រជុំ G7 លោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក បានជំរុញឱ្យមេដឹកនាំអឺរ៉ុបរួមគ្នា ដើម្បីទប់នឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ 
 
«យើងត្រូវតែរួមគ្នា»។ លោកបៃឌិន បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ពិភពលោក មិនគួរអនុញ្ញាតឱ្យសកម្មភាពឈ្លានពានបែបនេះ បន្តកើតឡើងឡើយ។ ចំណែកអធិការបតីអាល្លឺម៉ង់ មិនបាននិយាយអ្វីច្រើនឡើយ ដោយលោកគ្រាន់តែឯកភាពនឹងការលើកឡើងរបស់លោកបៃឌិនប៉ុណ្ណោះ ជុំវិញការដាក់សម្ពាធលើរុស្ស៊ី ក៏ដូចជារួមគ្នាប្រឆាំងនឹងការឈ្លានពាន។ 
 
បើតាមមេដឹកនាំអាម៉េរិក លោក ពូទីន បានពឹងផ្អែកលើការបាក់បែករបស់ប្រទេសលោកខាងលិច ប៉ុន្តែរឿងនេះមិនបានកើតឡើង ហើយនឹងមិនអាចកើតមានឡើយ។ 
 
ក្នុងពេលចាប់ផ្តើមកិច្ចប្រជុំ ប្រទេសចំនួន៤ ដូចជា អាម៉េរិក អង់គ្លេស ជប៉ុន និងកាណាដា បានយល់ព្រមហាមឃាត់ការនាំចូលមាសពីរុស្ស៊ី ដែលត្រូវបានអាម៉េរិក និងសម្ព័ន្ធមិត្តចាត់ទុកជាចំណូលដ៏សំខាន់មួយរបស់រុស្ស៊ី។ យ៉ាងណាមិញ គេមិនទាន់ច្បាស់ឡើយ ថាតើសមាជិកផ្សេងទៀតឯកភាពលើគម្រោងនេះដែរឬយ៉ាងណា។ នៅក្នុងឆ្នាំ២០២១ រុស្ស៊ីបាននាំចេញមាស ក្នុងទំហំ១៥,៥ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
សមាជិកក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ មានដូចជា អាម៉េរិក អង់គ្លេស ជប៉ុន កាណាដា អាល្លឺម៉ង់ បារាំង និងអ៊ីតាលី។ 
 
តាមប្រភពរដ្ឋាភិបាលអាល្លឺម៉ង់ មេដឹកនាំក្រុមប្រទេសG7 បានពិភាក្សាពីការកំណត់តម្លៃប្រេងរុស្ស៊ីផងដែរ។ កន្លងមក អាម៉េរិក កាណាដា និងអង់គ្លេស បានប្រកាសបញ្ឈប់ការនាំចូលប្រេងរុស្ស៊ី ដើម្បីកុំឱ្យរុស្ស៊ីរកចំណូលបានតាមរយៈការលក់ប្រភពថាមពល ដើម្បីយកទៅបង្វែរក្នុងសង្រ្គាមនៅអ៊ុយក្រែន។ 
 
ក្រៅពីបញ្ហារុស្ស៊ី ក្រុមប្រទេសG7 ក្នុងថ្ងៃដដែល បានសន្យាផ្តល់ប្រាក់ ៦០០លានដុល្លារទៅក្នុងមូលនិធិសាធារណៈ និងឯកជន ក្នុងរយៈពេល ៥ឆ្នាំ ដើម្បីគាំទ្រ និងជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ ក្រុមប្រទេសអ្នកមានទាំង៧ នេះ បានដាក់ចេញគម្រោង Build Back Better World នៅក្នុងឆ្នាំ២០២១។ ផែនការនេះ ត្រូវបានអ្នកជំនាញមើលឃើញថា បង្កើតឡើង ដើម្បីទប់នឹងគំនិតផ្តួតផ្តើមផ្លូវ និងខែ្សក្រវាត់ (BRI) របស់ចិន៕
 
 

Tag:
 អាម៉េរិក
  អឺរ៉ុប
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com