ជាតិ
សាសនា / ធម៌
ឈ្វេងយល់ពីប្រពៃណីចូលព្រះវស្សារបស់ព្រះសង្ឃ
14, Jul 2022 , 7:59 am        
រូបភាព
ពុទ្ធបរិស័ទ យកទៀន សាដក និងគ្រឿងបរិក្ខារផ្សេង ទៅប្រគេនព្រះសង្ឃនៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ សម្រាប់ការប្រើប្រាស់ពេលចូលព្រះវស្សា។ រូបពីទំព័រហ្វេសប៊ុករបស់វត្តឧណ្ណាលោម
ពុទ្ធបរិស័ទ យកទៀន សាដក និងគ្រឿងបរិក្ខារផ្សេង ទៅប្រគេនព្រះសង្ឃនៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ សម្រាប់ការប្រើប្រាស់ពេលចូលព្រះវស្សា។ រូបពីទំព័រហ្វេសប៊ុករបស់វត្តឧណ្ណាលោម
​ថ្ងៃ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែកក្កដា ឆ្នាំ​២០២២ ជាថ្ងៃដែលព្រះសង្ឃគ្រប់វត្តអារាមនៅទូទាំងប្រទេសកម្ពុជា ចាប់ផ្តើមចូលព្រះវស្សាដូចឆ្នាំមុនៗ ទៅតាមទំនៀមទម្លាប់ក្នុងព្រះពុទ្ធសាសនា។ ជាទូទៅ ព្រះសង្ឃតាមវត្តអារាម នឹងរៀបចំព្រះកាយ និងធ្វើពិធីចូលព្រះវស្សា នៅពេលល្ងាច ឬនៅពេលព្រលប់។
 
ការចូលព្រះវស្សា មាននៅក្នុងព្រះវិន័យ ដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឲ្យព្រះសង្ឃសាវ័កគ្រប់អង្គប្រតិបត្តិតាម។ ការចូលព្រះវស្សា មានរយៈពេល៣ខែ គឺចាប់ថ្ងៃ១រោច ខែអាសាឍ ដល់ទី១៥កើត ខែអស្សុជ។ ចេញព្រះវស្សា គឺត្រូវនឹងថ្ងៃច័ន្ទ ទី១០ ខែតុលា ឆ្នាំ២០២២។ 
 
ការចូលព្រះវស្សា មានតាំងពីពេលដែលព្រះពុទ្ធគង់ជាធរមានមកម្ល៉េះ។ ការបញ្ញត្តិឲ្យមានការកាន់ព្រះវស្សានេះ គឺព្រះពុទ្ធជាម្ចាស់ មានព្រះបំណងចង់ឲ្យព្រះសង្ឃមានភាពងាយស្រួលក្នុងរដូវវស្សារយៈពេល៣ខែនេះ ដែលជារដូវពោរពេញទៅដោយភ្លៀងធ្លាក់ ជោគជាំ និងសម្បូរភក់ជ្រាំច្រើន។
 
តាមទម្លាប់ ពុទ្ធបរិស័ទក្នុងប្រទេសកម្ពុជា តែងតែនាំយកនូវទេយ្យទាន ដូចជា អង្ករ ទៀន ធូប ប្រេង ស្បង់ ចីវរ សំពត់សាដក និងគ្រឿងសម្ភារដទៃទៀត ទៅប្រគេនព្រះសង្ឃតាមវត្តអារាម ដើម្បីផ្គត់ផ្គង់ព្រះអង្គក្នុងអំឡុងពេលនៃការចូលព្រះវស្សានេះ។
 
របាយការណ៍ពីក្រសួងធម្មការ និងសាសនា បានឲ្យដឹងថា ប្រទេសកម្ពុជាបច្ចុប្បន្ន មានព្រះសង្ឃប្រមាណ៦ម៉ឺនអង្គ និងមានវត្តប្រមាណ៥ពាន់ នៅទូទាំងប្រទេស។
 
ខាងក្រោមនេះ គឺជាដំណើរដើមទងសង្ខេប អំពីការចូលព្រះវស្សា ដែលសារព័ត៌មានថ្មីៗ បានដកស្រង់ចេញពីសំណេររបស់ព្រះតេជគុណ រី សង្ហា គង់នៅវត្តសារាវ័នតេជោ  រាជធានីភ្នំពេញ។ 
 
មានរឿងដំណាលថា ដំបូងឡើយ ការចូលវស្សាព្រះ សម្មាសម្ពុទ្ធមិនទាន់បានបញ្ញត្តិឡើយ។ លុះក្រោយមក នៅពេលព្រះសម្មាសម្ពុទ្ធ គង់នៅវត្តវេឡុវ័ន ក្នុងក្រុងរាជគ្រឹះ ក៏មានពាក្យតិះដៀលពីពុទ្ធបរិស័ទទៅលើព្រះសង្ឃ ដែលបាននិមន្តក្នុងរដូវវស្សាដើរជាន់ដំណាំពុទ្ធបរិស័ទ នឹងសត្វល្អិតផ្សេងៗ ឲ្យដល់នៅសេចក្តីវិនាស។ ពេលនោះ ដែលព្រះសម្មាសម្ពុទ្ធ បានបញ្ញត្តិឲ្យព្រះសង្ឃចូលវស្សា៣ខែ។
 
ការប្រតិបត្តិរបស់ព្រះភិក្ខុសង្ឃក្នុងពេលចូលវស្សា មានលក្ខណៈតឹងតែងជាខ្លាំង ដោយហាមមិនឲ្យព្រះសង្ឃនិមន្តចេញក្រៅវត្តឲ្យហួសរាត្រីបានឡើយ។ កាលណាព្រះសង្ឃនិមន្តចេញក្រៅវត្តឲ្យហួសរាត្រី មានន័យថា ដាច់វស្សា មិនអាចទទួលអនុមោទនាអានិសង្សកឋិនបាននោះទេ។
 
ទោះជាយ៉ាងណា ព្រះសម្មាសម្ពុទ្ធ បានអនុញ្ញាតឲ្យភិក្ខុសង្ឃចេញក្រៅវត្តបានក្នុងរយៈពេល៧ថ្ងៃ បើមានកិច្ចនិមន្តពីពុទ្ធបរិស័ទ ដើម្បីទទួលភត្ត ព្រះសង្ឃមានជំងឺ ឪពុកម្តាយមានជំងឺ ឬ បងប្អូនសាច់ញាតិ មានជំងឺ ជាដើម។ ភិក្ខុសង្ឃ អាចនិមន្តចេញក្រៅវត្តបានក្នុងរយៈពេល៧ថ្ងៃ ដោយក្នុងព្រះវិន័យហៅថា សត្តាហករណីយ៍ គឺជាកិច្ច ដែលព្រះសង្ឃត្រូវធ្វើក្នុងរយៈ៧ថ្ងៃ។
 
ដោយឡែក ចំពោះព្រះសង្ឃ ដែលនិមន្តចេញក្រៅវត្ត ដើម្បីទៅរៀនឬក៏និមន្តបិណ្ឌបាតជាកិច្ចប្រចាំថ្ងៃ ហើយចូលវត្តវិញ ដោយមិនហួសរាត្រី គឺមិនមានទោសឬខុសវិន័យឡើយ៕
 

Tag:
 ចូលព្រះវស្សា
© រក្សាសិទ្ធិដោយ thmeythmey.com