ជាតិ
សេដ្ឋកិច្ច
កម្ពុជា អនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី ការមិនយកពន្ធត្រួតគ្នាជាមួយតួកគី និងម៉ាកាវ
10, Jul 2022 , 7:59 am        
រូបភាព
កិច្ចសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី៨ កក្កដា។ រូបភាព ពីSPM។
កិច្ចសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី៨ កក្កដា។ រូបភាព ពីSPM។
ដោយ៖ ធន់ សេងហុង 
 
កម្ពុជាបានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ នៃកិច្ចព្រមព្រៀងស្តីពីការមិនយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធលើប្រាក់ចំណូលជាមួយប្រទេសតួកគី និងតំបន់ម៉ាកាវ។ តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជាការទាក់ទាញ និងសម្រួលការវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងទប់ស្កាត់ និងបង្រ្កាបការគេចវេះពន្ធ ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។
 
សម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៨ កក្កដា បានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ នៃកិច្ចព្រមព្រៀងរវាងកម្ពុជា និងតំបន់រដ្ឋបាលពិសេសម៉ាកាវ នៃប្រទេសចិន ស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។ ជាមួយគ្នានេះ គណៈរដ្ឋមន្ត្រីក៏បានអនុម័តយល់ព្រម លើសេចក្តីព្រាងច្បាប់ នៃកិច្ចព្រមព្រៀងជាមួយតួកគី ស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធលើប្រាក់ចំណូលផងដែរ។ 
 
លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងតាមគណនីហ្វេសប៊ុករបស់ខ្លួនថា ៖« កិច្ចព្រមព្រៀងស្ដីការចៀសវាងការយកពន្ធត្រួតគ្នានេះ គឺជាការបែងចែកសិទ្ធិ ក្នុងការយកពន្ធរវាងគូភាគី ដែលម្ខាងអាចកម្រិតផ្នែកខ្លះនៃការអនុវត្ដច្បាប់ និងបទប្បញ្ញតិ្តក្នុងស្រុកស្ដីពីពន្ធដារ»។ 
 
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ បានបន្តយ៉ាងដូច្នេះ ៖«ក្នុងដំណាក់កាលនៃការអនុវត្ដដំបូង អាចមានផលប៉ះពាល់ផ្ទាល់ដល់ចំណូលពន្ធរបស់ប្រទេសជាដៃគូម្ខាង ដោយសារការកាត់បន្ថយអត្រាពន្ធកាត់ទុកដែលត្រូវអនុវត្ដចំពោះអ្នកជាប់ពន្ធអនិវាសនជន និងការបែងចែកសិទ្ធិយកពន្ធលើប្រភេទប្រាក់ចំណូលមួយចំនួនឱ្យទៅប្រទេសនិវាសនដ្ឋានម្ខាងទៀត»។
 
កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ទាក់ទាញវិនិយោគ និងជំរុញពាណិជ្ជកម្មអន្តរជាតិ កំណើនមូលដ្ឋានពន្ធ លំហូរមូលធន ដោយសារទាក់ទាញនៃអត្រាពន្ធកាត់ទុកលើការប្រាក់ភាគលាភ។ ទន្ទឹមនេះក៏មានការផ្ទេរបច្ចេកវិទ្យា និងជំនាញពីបរទេស ជាមួយការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងវិស័យពន្ធដារ ជាពិសេសការទប់ស្កាត់ និងការបង្រ្កាបការគេចវេះពន្ធ តាមរយៈការផ្លាស់ប្ដូរព័ត៌មានរបស់អ្នកជាប់ពន្ធ។ នេះបើតាមលោក ផៃ ស៊ីផាន។ 
 
សូមបញ្ជាក់ដែរថា កន្លងមកកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពន្ធទ្វេភាគី ជាមួយបណ្តាប្រទេស និងតំបន់ ចំនួន ៩ ហើយ រួមមាន ប្រ៊ុយណេ ចិន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី កូរ៉េខាងត្បូង ថៃ វៀតណាម និងហុងកុង។ បច្ចុប្បន្នកម្ពុជា បានពិភាក្សាជាមួយឡាវ ពីការរៀបចំសន្ធិសញ្ញាពន្ធទ្វេភាគី នៅជុំទីមួយ តាមរយៈប្រព័ន្ធវីឌីអូ ដោយគ្រោងចុះកិច្ចព្រមព្រៀង នាពេលឆាប់ៗ។ នេះបើតាមលោក អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ បានប្រាប់សារព័ត៌មានថ្មីៗ កាលពីថ្ងៃទី២១ មេសា ឆ្នាំ២០២២កន្លងទៅ៕

Tag:
 ម៉ាកាវ
  តួកគី
  ពន្ធត្រួតគ្នា
© រក្សាសិទ្ធិដោយ thmeythmey.com