អន្តរជាតិ
ក្រោយមិនសូវអើពើ អាម៉េរិកប្ដេជ្ញាយកចិត្តទុកដាក់តំបន់ប៉ាស៊ីហ្វិកឡើងវិញដើម្បីទប់ទល់ឥទ្ធិពលចិន
13, Jul 2022 , 9:29 pm        
រូបភាព
អនុប្រធានាធិបតីអាម៉េរិក កាម៉ាឡា ហារីស ថ្លែងទៅកាន់វេទិកាកោះប៉ាស៊ីហ្វិកដែលរៀបចំនៅហ្វីជី។ រូបថត AFP
អនុប្រធានាធិបតីអាម៉េរិក កាម៉ាឡា ហារីស ថ្លែងទៅកាន់វេទិកាកោះប៉ាស៊ីហ្វិកដែលរៀបចំនៅហ្វីជី។ រូបថត AFP
ដោយ:
អនុប្រធានាធិបតីអាម៉េរិក នៅថ្ងៃទី១៣​ ខែកក្កដា បានបង្ហាញពីយុទ្ធសាស្រ្តថ្មីរបស់ទីក្រុងវ៉ាស៊ីនតោនដែលផ្តល់អាទិភាពដល់កោះប៉ាស៊ីហ្វិកក្នុងគោលនយោបាយការបរទេសរបស់ខ្លួន បន្ទាប់ពីទុកចោលមិនអើពើអស់រយៈពេលជាច្រើនឆ្នាំ។ តាមយុទ្ធសាស្រ្តថ្មី អាម៉េរិក នឹងបង្កើនជំនួយលើការអភិវឌ្ឍ និងប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ក៏ដូចជាបើកស្ថានទូតនៅកោះប៉ាស៊ីហ្វិកមួយចំនួនដើម្បីទប់ទល់ការពង្រីកឥទ្ធិពលរបស់ចិន។
 
បន្ទាប់ពីមិនសូវយកចិត្តអស់ពេលរាប់សិបឆ្នាំ​ អាម៉េរិក ចាប់ផ្ដើមពង្រឹងវត្តមានរបស់ខ្លួននៅតំបន់ប៉ាស៊ីហ្វិកជាថ្មី ស្របពេលដែលចិនដើរមួយជំហានមុនហើយនោះ។ នៅប៉ុន្មានខែថ្មីៗនេះ ចិន បានស្វះស្វែងរកកិច្ចព្រមពៀងពាណិជ្ជកម្ម និងសន្តិសុខថ្នាក់តំបន់ជាមួយកោះប៉ាស៊ីហ្វិកទាំង១០ និងបានចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយកោះសូឡូម៉ុនក្នុងខែមេសាជាស្រេច ដែលធ្វើឱ្យអាម៉េរិក និងសម្ព័ន្ធមិត្តព្រួយបារម្ភជាខ្លាំងជុំវិញសន្តិសុខនៅតំបន់ប៉ាស៊ីហ្វិកខាងត្បូង។ 
 
អំឡុងសុន្ទរកថាតាមប្រព័ន្ធអនឡាញទៅកាន់វេទិកាកោះប៉ាស៊ីហ្វិកនាថ្ងៃទី១៣ ខែកក្កដា អនុប្រធានាធិបតីអាម៉េរិក កាម៉ាឡា ហារីស បានប្រកាសពីការប្តេជ្ញាថ្មីរបស់ក្រុងវ៉ាស៊ីនតោនចំពោះបណ្តាកោះប៉ាស៊ីហ្វិក។ មេដឹកនាំ​ និងអ្នកការទូតកោះប៉ាស៊ីហ្វិកកំពុងបើកកិច្ចប្រជុំប្រចាំឆ្នាំដែលជាជំនួបផ្ទាល់មុខដំបូងក្នុងរយៈពេលបីឆ្នាំនៅក្រុងស៊ូវ៉ា កោះហ្វីជី ថ្ងៃទី១១-១៤ ខែកក្កដា។ ចិនដែលជាដៃគូសន្ទនាវេទិកាកោះប៉ាស៊ីហ្វិកដូចអាម៉េរិកដែរ មិនត្រូវបានអញ្ជើញនោះទេ។
 
«​ យើងទទួលស្គាល់ថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះកោះប៉ាស៊ីហ្វិកប្រហែលជាមិនទទួលបានការគាំទ្រ និងការយកចិត្តទុកដាក់ផ្នែកការទូតដែលសមនឹងទទួលបានទេ។​ ដូច្នេះ​ថ្ងៃនេះខ្ញុំប្រាប់អ្នកដោយផ្ទាល់ថា យើងនឹងផ្លាស់ប្តូរវា»។ លោកស្រី ហារីស ថ្លែងបែបនេះដោយប្រកាសថា អាម៉េរិកនឹងតែងតាំងប្រេសិតប្រចាំវេទិកាកោះប៉ាស៊ីហ្វិកដើម្បីបង្កើនទំនាក់ទំនងការទូតនៅទូទាំងកោះប៉ាស៊ីហ្វិក ព្រមទាំងបើកស្ថានទូតថ្មីនៅគីរីបាទី និងតុងហ្គា។ អាម៉េរិក ក៏កំពុងរៀបចំបើកស្ថានទូតអាម៉េរិកនៅកោះសូឡូម៉ុនឡើងវិញ។
 
លើសពីនេះ អនុប្រធានាធិបតីអាម៉េរិក ក៏បានប្រកាសពីផែនការបង្កើនមូលនិធិដល់ទៅ៦០លានដុល្លារក្នុងមួយឆ្នាំសម្រាប់គម្រោងនៅតំបន់ប៉ាស៊ីហ្វិកដែលរួមមានការពង្រឹងហេដ្ឋារចនាសម្ព័ន្ធធន់នឹងអាកាសធាតុ ការបង្រ្កាបការនេសាទខុសច្បាប់ និងការវិនិយោគលើការអភិរក្សសមុទ្រ។ មេដឹកនាំកោះប៉ាស៊ីហ្វិកពេញចិត្តនឹងជំនួយដែលអាម៉េរិកសន្យាផ្តល់ឱ្យនេះជាពន់ពេក ក៏ដូចជាការវិលត្រលប់របស់អាម៉េរិកក្នុងតំបន់វិញដែរ។ 
 
«វាពិតជាបង្ហាញថា អាម៉េរិកត្រលប់មកវិញ ហើយចង់ដើរតួយ៉ាងសកម្ម»។ ប្រធានាធិបតីប៉ាឡាវ​ Surangel Whipps Jr ថ្លែងបែបនេះក្រោយសុន្ទរកថារបស់លោកស្រី ហារីស។ ចំណែកនាយករដ្ឋមន្រ្តីហ្វីជី Frank Bainimarama ទទួលស្គាល់ការវិលត្រលប់របស់អាម៉េរិកវិញដែរ។
 
វេទិកាកោះប៉ាស៊ីហ្វិកលើកទី ៥១ នេះរៀបចំឡើង​ ស្របពេលអាម៉េរិកព្យាយាមពង្រឹងទំនាក់ទំនងជាមួយប្រទេសកោះប៉ាស៊ីហ្វិក ដើម្បីទប់ទល់ឥទ្ធិពលចិន។ កាលពីខែឧសភា រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យីបានធ្វើទស្សនកិច្ចដ៏កម្រចំនួន ៨ ថ្ងៃទៅកោះប៉ាស៊ីហ្វិក ហើយសម្រេចបានកិច្ចព្រៀមព្រៀងទ្វេភាគីជាង ៥០ ឯណោះជាមួយបណ្តាកោះទាំងនោះ។ យ៉ាងណាមិញ ក្នុងខែឧសភាដូចគ្នា ហ្វីជីបានក្លាយជាកោះប៉ាស៊ីហ្វិកដំបូងគេដែលបានចូលរួមក្នុងក្របខណ្ឌសេដ្ឋកិច្ចតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាម៉េរិក៕
 
 

Tag:
 អាម៉េរិក
  ចិន
  ប៉ាស៊ីហ្វិក
© រក្សាសិទ្ធិដោយ thmeythmey.com