អន្តរជាតិ
អ៊ុយក្រែន រំពឹងនាំចេញគ្រាប់ធញ្ញជាតិឡើងវិញ ខណៈកិច្ចពិភាក្សាដើម្បីបើកផ្លូវធ្វើឡើងនៅតួកគី
14, Jul 2022 , 10:20 am        
រូបភាព
ការចរចាដើម្បីបើកផ្លូវដល់ការនាំចេញធញ្ញជាតិពីអ៊ុយក្រែនឡើងវិញ ត្រូវរៀបចំនៅតួកគីនៅថ្ងៃទី១៣ ខែកក្កដា ដោយមានតំណាងតួកគី រុស្ស៊ី អ៊ុយក្រែន និងអង្គការសហប្រជាជាតិ។ កិច្ចប្រជុំ ហាក់មានផ្លែផ្កាដល់ការប្រឹងប្រែងបើកផ្លូវដល់ការនាំចេញឡើងវិញ បន្ទាប់រាំងស្ទះមិនអាចចេញពីសមុទ្រខ្មៅបានដោយសាររុស្ស៊ីបិទខ្ទប់។

នៅថ្ងៃទី១៣ ខែកក្កដា គណៈប្រតិភូយោធាតួកគី រុស្ស៊ី អ៊ុយក្រែន និងគណៈប្រតិភូរបស់អង្គការសហប្រជាជាតិ (UN) បានជួបពិភាក្សាគ្នានៅទីក្រុងអ៊ីស្តង់ប៊ុលទាក់ទងនឹងការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនដែលជាប់គាំងនៅកំពង់ផែទៅកាន់ទីផ្សារអន្តរជាតិតាមរយៈផ្លូវសមុទ្រ។ អ៊ុយក្រែន តួកគី និងUN បានសាទរលទ្ធផលកិច្ចប្រជុំនេះ។
 
រដ្ឋមន្រ្តីការពារជាតិតួកគី Hulusi Akar និយាយថា កិច្ចព្រមព្រៀងមួយ នឹងត្រូវចុះហត្ថលេខានៅសប្ដាហ៍ក្រោយ ហើយតួកគី នឹងធានាសុវត្ថិភាពដល់ការដឹកជញ្ជូនផងដែរ។ ប៉ុន្តែប្រមុខ UN វិញ ទន្ទឹមនឹងសាទរការរីកចម្រើនលើការចរចា ក៏អះអាងថា មានកិច្ចការច្រើនទៀតត្រូវធ្វើ មុនអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងបើកផ្លូវដល់ការដឹកជញ្ជូនធញ្ញជាតិ។
 
ចំណែកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី វិញ លើកឡើងថា ប្រតិភូអ៊ុយក្រែនបានរាយការណ៍ពីផលវិជ្ជមានក្នុងការចរចា ហើយអ៊ុយក្រែននឹងធ្វើការលម្អិតជាមួយអង្គការសហប្រជាជាតិលើកិច្ចព្រមព្រៀងនេះដែរ។
 
សូមបញ្ជាក់ថា គ្រាប់ធញ្ញជាតិអ៊ុយក្រែនជាង២0លានតោនត្រូវបានជាប់គាំងនៅកំពង់ផែសមុទ្រខ្មៅ ហើយកប៉ាល់ជាច្រើនត្រូវបានជាប់គាំងដោយសារតែការបិទផ្លូវរបស់រុស្ស៊ី ជាផ្នែកមួយនៃអ្វីដែលទីក្រុងមូស្គូហៅថាជា ប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។ 
 
អ៊ុយក្រែន និងរុស្សី គឺជាអ្នកផ្គត់ផ្គង់ស្រូវសាលីពិភពលោកដ៏សំខាន់។ រុស្សីក៏ជាប្រទេសនាំចេញជីដ៏ធំ ហើយអ៊ុយក្រែនជាអ្នកផលិតពោត និងប្រេងផ្កាឈូករ័ត្នយ៉ាងសំខាន់ ដូច្នេះការចុះកិច្ចព្រមព្រៀងមិនឱ្យរឹតត្បិតការនាំចេញ ពិតជាសំខាន់សម្រាប់សន្តិសុខស្បៀង ជាពិសេសក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍ និងសម្រាប់ស្ថិរភាពទីផ្សារអន្តរជាតិ។
 
យ៉ាងណាមិញ ស្របពេលការចរចានៅតួកគី ទីក្រុងមួយចំនួនរបស់អ៊ុយក្រែនបានរាយការណ៍ពីការបាញ់ផ្លោងរបស់រុស្ស៊ីយ៉ាងធ្ងន់ធ្ងរ ខណៈកិច្ចព្រមព្រៀងលើការនាំចេញគ្រាប់ធញ្ញជាតិនេះ មិនត្រូវបានភ្ជាប់នឹងកិច្ចពិភាក្សាបញ្ចប់សង្គ្រាម៕
 

Tag:
 អ៊ុយក្រែន
  តួកគី
© រក្សាសិទ្ធិដោយ thmeythmey.com