លោក Erik ten Hag ថ្ងៃទី១៨ ខែកក្កដា បាននិយាយថា Harry Maguire គួរតែបង្ហាញថារូបគេជាកីឡាករម្នាក់ដែលមានសមត្ថភាពខ្ពស់ និងទម្រង់លេងល្អ ដើម្បីប្រជែងកៅអីជម្រើស ១១នាក់ដំបូងក្នុងក្រុម និងជាបេះដូងនៃតំបន់ការពាររបស់ Manchester United។
កាលពីរដូវកាលឆ្នាំ ២០២១-២២ Maguire ក្លាយជាកីឡាករមួយរូប ដែលរងការរិះគន់យ៉ាងខ្លាំង ទាំងក្នុងទីលាន និងក្រៅទីលាន ព្រោះមានទម្រង់លេងមិនល្អ។ ក្នុងនោះក៏មានមតិផ្សេងៗគ្នាពីសំណាក់អ្នកគាំទ្រ Man United បានលើកឡើងស្នើក្លិបឱ្យផ្លាស់ប្តូរតំណែងប្រធានក្រុមរបស់គេ ឱ្យទៅអ្នកចាំទី David de Gea ឬក៏ Cristiano Ronaldo។
ទោះបែបនេះក្តី លោក Ten Hag បានការពារខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះ ដោយបាននិយាយក្នុងសន្និសីទកាសែតមុនការប្រកួតមិត្តភាពនៅប្រទេសថៃថា Maguire នៅតែសាកសមជាប្រធានក្រុមបិសាចក្រហម។
នាពេលថ្មីៗនេះទៀតសោត Man United ទើបតែប្រកាសជាផ្លូវការក្នុងការចុះកិច្ចសន្យាក្នុងតម្លៃ ៦៧លានអឺរ៉ូ (៦៧.៨លានដុល្លារ) ជាមួយកីឡាករចំណូលថ្មីជាខ្សែការពារ Lisandro Martinez ពីក្រុម Ajax Amsterdam។ Martinez ធ្លាប់ជាកូនក្រុមរបស់លោក Ten Hag អំឡុងលោកដឹកនាំ Ajax មុនផ្លាស់មកដឹកនាំ Man United ហើយរូបគេជាខ្សែការពារកំពូលទី៥ ប្រចាំនៅក្លិបយក្សអង់គ្លេសមួយនេះ។
ទន្ទឹមនឹងការពារតួនាទី Maguire ហើយនោះ អ្នកចាត់ការហូឡង់នេះ ក៏បានព្រមានថា លោកមិនធានាឡើយចំពោះ Maguire នៅជម្រើសដំបូងសម្រាប់រដូវកាលថ្មី។
«យើងមានខ្សែការពារគោលដ៏ល្អ ហើយ Harry គឺជាម្នាក់ក្នុងចំណោមនោះ គេអាចលេងបានទាំងទីតាំងស្តាំនិងឆ្វេងបាន។ គេអាចបង្ហាញទម្រង់ដ៏ល្អកាលពេលកន្លងទៅ ដូច្នេះគេក៏អាចបង្ហាញទម្រង់ល្អបន្តទៀតនាពេលបច្ចុប្បន្ននិងពេលអនាគត។ ប៉ុន្តែក្នុងនោះក៏ Harry មានការប្រកួតប្រជែងដ៏ខ្លាំងដែលជាអ្វី Man United ត្រូវការសម្រាប់តំណែងស្ថិតនៅតំបន់ការពារនេះ។»។ លោក Ten Hag និយាយបែបនេះក្នុងសន្និសីទកាសែតក្នុងទីក្រុងម៊ែលបន។
អ្នកចាត់ការវ័យ ៥២ឆ្នាំ ក៏បានអះអាងបន្ថែមថា លោកនឹងជួយគាំទ្រដល់ Maguire គ្រប់កាលៈទេសៈទាំងអស់ ដោយការផ្តល់ទំនុកចិត្តដល់ខ្សែការពាររូបនេះ។
ក្រោយចុះកិច្ចសន្យាជាមួយ Lisandro Martinez រួចមកលោក Ten Hag បានបង្ហាញឱ្យអ្នកគាំទ្រដឹងថាប្រព័ន្ធការពាររបស់ក្រុមបិសាចក្រហមហាក់នៅមានគម្រិតនៅឡើយ បើទោះបីមានកីឡាករលំដាប់កំពូលៗច្រើនរូបដូចជា Victor Lindelof, Rafale Varane, Eric Baily និង Harry Maguire រួចហើយក្តី។
សូមជម្រាបថា Man United ត្រូវប្រកួតមិត្តភាពទល់ក្រុម Crystal Palace ថ្ងៃទី១៩ ខែកក្កដា វេលាម៉ោង ៥:១០នាទីល្ងាច(ម៉ោងនៅកម្ពុជា) និងជួប Aston Villa នៅ៤ថ្ងៃបន្ទាប់នៅក្នុងទីក្រុងម៊ែលបន ប្រទេសអូស្ត្រាលីដដែល៕