ជាតិ
ពីនេះ ពីនោះ
រឿងរ៉ាវបុគ្គលិកធ្វើបាបថៅកែ ក្រោយកូវីដ-១៩…
19, Jul 2022 , 4:29 pm        
រូបភាព
នៅពេលមេរោគកូរ៉ូណា បានវាយលុកខ្លាំងនៅគ្រប់ទីកន្លែង សុធីរ និងសំណាង ក៏ស្ទើរក្ស័យធនដែរ។ ការងារក៏គ្មានធ្វើ ចំណូលក៏បាត់បង់ អារម្មណ៍មួម៉ៅ ក៏កើតច្រើន។ តែទោះជាយ៉ាងនេះក្តី ក្លើទាំងពីរនៅតែត្រដររស់ និងបន្តវិភាគស្ថានការណ៍សង្គមនៅកម្ពុជាដដែល។ អ្នកខ្លះឌឺដងឲ្យសំណាង និងសុធីរ ថា គ្មានធ្វើការងារអ្វីទេ គិតតែវិភាគរឿងរបស់គេហ្នឹង។ តាមពិត សុធីរ និងសំណាង ធ្វើការងារដើម្បីចិញ្ចឹមក្រពះដែរ តែគ្រាន់ថាមិត្តទាំងពីរឆ្លៀតពេលទំនេរខ្លះដើម្បីវិភាគរឿងសង្គម ឬចែករំលែកគំនិតខ្លះៗ ជូនអ្នកអានដោយមិនយកកម្រៃ។ ថ្ងៃនេះ មិត្តជាង២០ឆ្នាំទាំងពីរបានលើកឡើងរឿងរ៉ាវជុំវិញផលលំបាកដែលកើតឡើងដោយសារមេរោគកូវីដ-១៩។

សុធីរ៖ ពេលកូវីដវាយប្រហារខ្លាំង ជំនួញស្ទើរគ្រប់មុខ នៅក្នុងស្ទើរគ្រប់ប្រទេសបានបង្ខំចិត្តបិទទ្វារ។ ក្នុងប្រទេសខ្លះ និងនៅក្នុងក្រុមហ៊ុនខ្លះ បុគ្គលិកនៅទទួលបានការគាំពារចិញ្ចឹមបីបាច់ពីរដ្ឋខ្លះ ឬពីម្ចាស់ក្រុមហ៊ុនខ្លះ។ តែនៅកន្លែងខ្លះ បុគ្គលិកគ្មានការងារធ្វើ ដើរទាត់ខ្យល់តែម្តង។ ចុះនៅកម្ពុជាយ៉ាងម៉េចដែរ អា សំណាង? 
 
សំណាង៖ ស្ថានភាពមេរោគហ្នឹង បង្ខំឲ្យក្រុមហ៊ុនមួយចំនួនធំផ្អាក ឬបិទទ្វារ ជាពិសេស ក្នុងអំឡុងឆ្នាំ២០២០ និង២០២១។ តែក្រោយមក នៅដើមឆ្នាំ២០២២នេះ វិស័យឯកជនក៏ចាប់ដំណើរការឡើងវិញខ្លះ។ នៅកម្ពុជា ស្ថានភាពមិនសូវខុសគ្នា ពីប្រទេសដទៃនៅលើពិភពលោកឡើយ។ 
 
សុធីរ៖ អញចង់សួរអ្ហែងត្រង់ពីកម្ពុជាតែម្តង។ កាលនោះ តើបុគ្គលិកក្រុមហ៊ុនដោះស្រាយយ៉ាងម៉េចទៅ? 

សំណាង៖ ក្រុមហ៊ុនឯកជនមួយចំនួន គ្រាន់តែឮសូររឿងមេរោគកូវីដ ពួកគេប្រញាប់ប្រញាល់បិទទ្វារ រត់ប្រូច លែងទទួលខុសត្រូវបុគ្គលិកទាំងអស់។ ហេតុផលរបស់ពួកគេ គឺកូវីដ ជារឿងសកល ហើយគ្មាននរណាទទួលខុសត្រូវនរណាឡើយ។ បុគ្គលិក កម្មករ ដែលគ្មានការងារធ្វើ បានធ្វើដំណើរទៅស្រុកកំណើតវិញ ឬរស់ដោយពឹងផ្អែកលើបងប្អូនសាច់ញាតិរបស់ពួកគេ។ 
 
សុធីរ៖ ប្រហែលជាមិនមែនក្រុមហ៊ុនទាំងអស់នៅកម្ពុជាធ្វើអ៊ីចឹងឯណា? 
 
សំណាង៖ ហ្នឹងហើយ! មានក្រុមហ៊ុនឯកជនខ្លះដែលមានចិត្តធម៌ ពួកគេនៅបន្តចិញ្ចឹមកូនចៅរបស់ពួកគេដោយបង្កើតការងារតូចតាចធ្វើជាមួយគ្នា រហូតដល់កូវីដរលាយបាត់ ហើយពួកគេក៏ចាប់ផ្តើមដំណើរការសកម្មភាពក្រុមហ៊ុនឡើងវិញ ជាមួយនឹងវត្តមានបុគ្គលិកចាស់របស់គេដដែល។ ពួកគេមិនបារម្ភរឿងខ្វះបុគ្គលិកឡើយ។ 
សុធីរ៖ ចុះក្រុមហ៊ុនដែលដាក់មេប្រូចលឿន យ៉ាងម៉េចទៅវិញ?
 
សំណាង៖ បើតាមអញដឹង ក្រុមហ៊ុនដែកដាក់មេប្រូចលឿន ប្រឈមនឹងខ្វះបុគ្គលិកជួយធ្វើការ ព្រោះ បុគ្គលិកចាស់ៗ បានចាកចេញទៅធ្វើការនៅកន្លែងផ្សេងអស់ហើយ។ ករណីនៅខេត្តសៀមរាប អញបានលឺម្ចាស់សណ្ឋាគារមួយចំនួននិយាយថា កម្លាំងពលកម្មក្នុងវិស័យសេវាកម្មសណ្ឋាគារភាគច្រើនបានចេញទៅធ្វើការនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តដទៃទៀតដោយមិនត្រឡប់នៅកន្លែងចាស់ឡើយ ព្រោះ ពួកគេខឹងនឹងថៅកែចាស់របស់ពួកគេ ដែលបានបញ្ឈប់ពួកគេលឿនពេក។ បុគ្គលិកខ្លះ បាននិយាយថា ថៅកែមួយចំនួនចំណេញលុយពី១០ទៅ២០ឆ្នាំ តែគ្រាន់តែកូវីដចាប់ផ្តើម ពួកគេយកលេសថា អត់លុយបើកប្រាក់ខែឲ្យបុគ្គលិក។ លេសនេះ ធ្វើឲ្យបុគ្គលិកខឹងខ្លាំងណាស់។ 
 
សុធីរ៖ មានថៅកែបែបនេះមែនឬ?  
 
សំណាង៖ បើតាមអញបានដឹង និងបានលឺ គឺថាមានថៅកែបែបហ្នឹងមែន។ តែក៏មានដែរថៅកែចិត្តធម៌។ ថៅកែចិត្តធម៌ នៅអាចបន្តបើកជំនួញឡើងវិញ ដោយគ្មានខ្វះកម្លាំងពលកម្ម។ រីឯចំពោះថៅកែដែលបោះបង់កូនចៅចោលលឿនពេក ពួកគេប្រឈមនឹងខ្វះកម្លាំងពលកម្ម ពិបាកបើកអាជីវកម្មឡើងវិញ។ អញបានលឺបុគ្គលិកមួយចំនួននិយាយបែបចំអកទៅកាន់ថៅកែមួយចំនួនវិញថា«កុំចេះ និងពូកែតែឯងពេក»។ ថៅកែនៅពេលលឺពាក្យនេះ បានត្រឹមងាកមុខចេញ និងដើរចេញប៉ុណ្ណោះ៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com