កីឡាអន្តរជាតិ
អន្តរជាតិ
Women Euro 2022 ៖ UEFA រកឃើញការរើសអើងនិងបំពានលើបណ្តាញសង្គម ២៩០ករណីត្រឹមវគ្គចែកពូល ​​
21, Jul 2022 , 2:29 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) ថ្ងៃទី២០ ខែកក្កដា ប្រកាសពីការរកឃើញករណីរើសអើង និងបំពានលើកីឡាការិនីលើបណ្តាញសង្គមអ៊ិនធឺណិតជាង ២៩០ករណីអំឡុងការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលនៃព្រឹត្តិការណ៍ UEFA Women Euro 2022។
 
ព្រឹត្តិការណ៍ UEFA Women Euro 2022 នៅប្រទេសអង់គ្លេសចាប់ផ្តើមការប្រកួតនៅថ្ងៃទី៧ ខែកក្កដា ដែលជាការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ហើយការប្រកួតវគ្គនេះបានបញ្ចប់កាលពីថ្ងៃទី១៩ ខែកក្កដា។ ក្រុមអង់គ្លេស បារាំង ប៊ែលហ្ស៊ិក អាល្លឺម៉ង់ អូទ្រីស អេស្ប៉ាញ ស៊ុយអែត ហូឡង់ ជាក្រុមឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ។
 
កាលពីដើមខែកក្កដា ​UEFA ធ្លាប់បានប្រកាសថា ខ្លួននឹងរៀបចំដាក់ឱ្យប្រើប្រាស់គម្រោងកម្មវិធីថ្មីមួយ ដើម្បីតាមដាន ការរាយការណ៍ និងស្វែងរកដំណោះស្រាយលើបញ្ហានៃការរើសអើង និងការរំលោភបំពានអំឡុងព្រឹត្តិការណ៍ Women Euro 2022។ បើតាម UEFA ក្នុងចំណោមការរើសអើង និងការរំលោភបំពានជាង ២៩០ករណីដែលបានបង្ហោះ ត្រូវបានក្រុមហ៊ុនបណ្តាញសង្គមលុបចេញបានប្រមាណ៥៥ភាគរយរួចរាល់ហើយ។
 
ក្រុមជម្រើសជាតិនារីអង់គ្លេស ជាគោលដៅរងការរើសអើង​ និងការរំលោភបំពានខ្លាំងបំផុតពីការបង្អស់លើបណ្តាញសង្គម ហើយក្រុមដែលរងគ្រោះបន្ទាប់មានដូចជា អេស្ប៉ាញ បារាំង និងអ៊ីតាលី។ 
 
បើតាមរបាយការណ៍ UEFA ការបង្ហោះសារទាំងអស់នោះ បានសំដៅទៅលើការប្រកួតប្រជែងជាង៣៩ភាគរយ ខណៈពេលសំដៅលើកីឡាការិនីជាង ១៩ភាគរយ, ២០ភាគរយលើគណនីរបស់ក្រុមនីមួយៗ និង១៧ភាគរយទៀត សំដៅលើគ្រូបង្វឹក។ 
 
ចំណែកការបង្ហោះសារបំពានដោយមានការដាក់រូបទង់ជាតិឬក៏ទង់សំគាល់ផ្សេងៗក្នុងចំណោមការបង្ហោះទាំង ២៩០ករណីនោះទៀតសោត មានប្រមាណ៧០ភាគរយ ហើយប្រមាណ ២០ភាគរយជាការបង្ហោះទាក់ទងការរួមភេទ។ ទន្ទឹមនឹងនេះ ការបង្ហោះសារបែររើសអើងពូជសាសន៍មាន ៦ភាគរយ និងលើមនុស្សស្រលាញ់ភេទដូចគ្នាមាន ៤ភាគរយ។
 
ក្នុងសេចក្តីថ្លែងការណ៍របស់ UEFA អ្នកស្រី ​Michele Uva ប្រធានផ្នែកកីឡាបាល់ទាត់ និងបណ្តាញសង្គមរបស់ UEFA និយាយថា សហព័ន្ធបាល់ទាត់អឺរ៉ុបពិតជារីករាយចំពោះគម្រោងកម្មវិធីប្រឆាំងនិងការរើសអើង និងការរំលោភបំពាននេះ ដំណើរការបានយ៉ាងរលូន។ 
 
«វាពិតជារឿងដ៏ល្អមួយដែលគម្រោងមួយនេះកំពុងដំណើរការ ហើយខ្ញុំរីករាយដែលអាចរកឃើញផលប៉ះពាល់ជាក់ស្តែងនៅត្រឹមវគ្គចែកពូលនេះ។ ការបង្ហោះដោយរំលោភបំពានទាំងនោះត្រូវបានលុបចេញ និងគណនីដែលបង្ហោះត្រូវបានបិទ ហើយយើងសង្ឃឹមថាកម្មវិធីនេះនឹងជួយការពារដល់ក្រុមកីឡាករ គ្រូបង្វឹក អាជ្ញាកណ្តាល ពីសំណាក់ UEFA។»។ អ្នកស្រី Michelel Uva និយាយបែបនេះ។
 
គួររំលឹកថា កាលពីខែមិថុនា របាយការណ៍មួយដែលបានប្រកាសពីសំណាក់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) និងសហព័ន្ធកីឡាករបាល់ទាត់ពិភពលោក (Fifpro) បានរកឃើញថា ការរើសអើងពូជសាសន៍ និងការរំលោភបំពានលើកីឡាករតាមបណ្តាញសង្គមអំឡុងការប្រកួត Euro 2020 និងការប្រកួត Africa Cup of Nations 2022 មានរហូតដល់ទៅ ៥០ភាគរយ៕ 
 
 

Tag:
 Women Euro 2022
  UEFA
© រក្សាសិទ្ធិដោយ thmeythmey.com