កីឡាអន្តរជាតិ
អន្តរជាតិ
Bruno ថាគាំទ្រការដាក់វិន័យតឹងរឹងរបស់លោក ​Ten Hag លើពេលវេលាកីឡាករ
21, Jul 2022 , 5:59 pm        
រូបភាព
រូបភាព Facebook ៖ Manchester United
រូបភាព Facebook ៖ Manchester United
ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ Bruno Fernandes ថ្ងៃទី២០ ខែកក្កដា បាននិយាយថា រូបគេគាំទ្រយ៉ាងខ្លាំងចំពោះការដាក់វិន័យលើការមិនគោរពពេលវេលារបស់កីឡាករ ពីសំណាក់អ្នកចាត់ការថ្មីលោក Erik ten Hag។ Bruno អះអាងថា កាលពីមុនក្រុមមានការខ្វះខាត និងគ្មានវិន័យត្រឹមត្រូវឡើយ។
 
Manchester United ពីមួយរដូវកាលទៅមួយរដូវកាល មានទម្រង់លេងមិនល្អយ៉ាងខ្លាំង បើគិតចាប់ពីការចាកចេញរបស់ Sir Alex Ferguson រយៈពេល១០ឆ្នាំរួចមក។ ក្រុមបិសាចក្រហមបានខកខានការឈ្នះពានរង្វាន់ Premier League រយៈពេល ១០រដូវកាលមកហើយ ។ 
 
ដោយឡែកចាប់តាំងពីឆ្នាំ ២០១៧ មក ក្រុមយក្សអង់គ្លេសមួយនេះ មិនដែលស្គាល់រស់ជាតិលើកពានរង្វាន់ណាមួយម្តងឡើយប្រចាំអង់គ្លេស និងតំបន់អឺរ៉ុប។
 
រដូវកាល ២០២១​-២២ ជារដូវកាលដ៏អាក្រក់បំផុត ដោយ​ Man United បានបញ្ចប់ចំណាត់ថ្នាក់នៅ Premier League ត្រឹមលេខ៦ ជាមួយពិន្ទុទាបបំផុតក្នុងប្រវត្តិសាស្ត្រមានត្រឹម ៥៨ពិន្ទុ ហើយក្រុមធ្លាក់ទៅលេងពានរង្វាន់ Europa League នៅរដូវកាលក្រោយ។ 
 
ក្រុមបិសាចក្រហមត្រូវបានអ្នកវិភាគកីឡាជាច្រើន លើកឡើងថា Man United បានបាត់បង់ទម្រង់លេងជាក្រុម និងជាក្រុមគ្មានវិន័យច្បាស់លាស់។
 
ចាប់តាំងពីលោក ​Ten Hag ជាអ្នកចាត់ការថ្មី ជំនួសគ្រូបង្វឹកបណ្តោះអាសន្នលោក ​Ralf Rangnick មក ក្រុមមានការផ្លាស់ប្ដូរទម្រង់លេងថ្មី។ កីឡាករវ័យ ២៧ឆ្នាំ Bruno ថា អ្នកចាត់ការថ្មីរូបនេះ បានជំរុញឱ្យកីឡាកររៀនគោរពពេលវេលារបស់ក្រុម និងវិន័យតឹងរឹងបំផុត។
 
«យើងបានបាត់បង់រឿងទាំងនេះមួយរយៈពេលរួមទាំងវិន័យ ព្រោះវាជារឿងដ៏សំខាន់សម្រាប់ក្រុម ហើយវិន័យមិនមែនមានត្រឹមតែអ្វីដែលធ្វើតែពេលប្រកួតឡើយ លើទីលានយើងមានតួនាទីដែលត្រូវធ្វើ វាក៏ដូចជានៅក្រៅទីលានដែរ។ កុំមកយឺតពេលប្រជុំ កុំយឺតពេលហូបអាហារ ទាំងនេះជារឿងដែលសំខាន់បង្អស់ ព្រោះប្រសិនបើអ្នកគ្រប់គ្នាមកទាន់ពេល និងអ្នកខ្លះមកយឺត នោះពួកគេនឹងរងការពិន័យ។»។ Bruno Fernandes បាននិយាយប្រាប់អ្នកកាសែតបែបនេះ ពេលធ្វើដំណើរទៅដល់ទីក្រុង Perth ភាគខាងលិកប្រទេសអូស្ត្រាលី។
 
សូមជម្រាបថា Manchester United នឹងត្រូវប្រកួតជំនួបមិត្តភាពទេសចរណ៍ទី៤របស់ខ្លួននៅក្នុងទីក្រុង Perth ប្រទេសអូស្តា្រលី ដោយត្រូវជួបតទល់ជាក្រុម Aston Villa ដែលដឹកនាំដោយលោក Steven Gerard នៅថ្ងៃទី២៣​ ខែកក្កដាវេលា ម៉ោង ៥​:៤៥ ល្ងាច (ម៉ោងនៅកម្ពុជា) នាកីឡដ្ឋាន Optus Stadium៕
 

Tag:
 Bruno Fernandes
  Erik ten Hag
© រក្សាសិទ្ធិដោយ thmeythmey.com