កីឡាអន្តរជាតិ
អន្តរជាតិ
លោក ​Klopp ៖ Nunez ស៊ុត ៤គ្រាប់ជាការឆ្លើយតបដ៏ល្អបំផុតចំពោះអ្នករិះគន់
22, Jul 2022 , 2:59 pm        
រូបភាព
រូបភាព Facebook ៖ Liverpool FC
រូបភាព Facebook ៖ Liverpool FC
អ្នកចាត់ការ Liverpool លោក Jurgen Klopp ថ្ងៃទី២១ ខែកក្កដា និយាយថា ជំនួបទល់ក្រុម RB ​Leipzig ជារាត្រីដ៏អស្ចារ្យបំផុតមួយសម្រាប់ខ្សែប្រយុទ្ធចំណូលថ្មី Darwin Nunez និងជាការឆ្លើយតបដ៏សក្ដិសមចំពោះពាក្យរិះគន់។ Nunez ស៊ុតបាន ៤គ្រាប់ ជួយក្រុមហង្សក្រហមឈ្នះការប្រកួតមិត្តភាពដោយលទ្ធផល ៥-០ នៅទឹកដីអាល្លឺម៉ង់។
 
៥គ្រាប់របស់ Liverpool ធ្វើបានដោយខ្សែប្រយុទ្ធ Mohamed Salah នៅនាទី៨ និងខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយ Darwin Nunez ដែលប្តូរចូលក្នុងវគ្គទីពីរនៅនាទី៤៨, ៥១, ៦៨ និងនាទី៩០។ នេះជាប្រកួតមិត្តភាពលើកទីបីរបស់ហង្សក្រហម។
 
ចាប់តាំងចូលរួមក្រុមហង្សក្រហមក្នុងតម្លៃខ្លួន១០៥លានដុល្លារ នេះក៏ជាការស៊ុតចូលដល់ទៅ៤គ្រាប់លើកដំបូងរបស់ Darwin Nunez ដែរ។
 
នាសន្និសីតកាសែតក្រោយការប្រកួត លោក Klopp និយាយថា លោករីករាយដែលបានឃើញកីឡាករចំណូលថ្មីរូបនេះ បង្ហាញទម្រង់លេងបានល្អ ហើយជាពេលដ៏ល្អដែលឆ្លើយតបចំពោះពាក្យសម្តីអ្នករិះគន់។
 
«នៅពេលយើងមានភាពរអាក់រអួលបន្តិចបន្តួច យើងក៏ត្រូវការសម្រាក ដកដង្ហើមវែងៗនិងបន្តការប្រកួតបន្តទៀត គឺដូចពេលនេះអ៊ីចឹងយើងត្រូវការធ្វើការងារធ្ងន់ ព្រមទាំងពេលវេលាបន្ថែមដើម្បីសម្រេចគោលដៅ តែនេះជាប្រកួតត្រៀមបើករដូវកាលប៉ុណ្ណោះ។ ការរកបានគ្រាប់បាល់គឺជាវិធីសាស្ត្រដ៏ល្អដើម្បីបញ្ឈប់ការជជែកវែកញែករបស់អ្នករិះគន់ និងអ្នកវិភាគនានា។ »។ លោក Klopp និយាយបែបនេះ។
 
សូមជម្រាបថា Liverpool នឹងបន្តការប្រកួតបន្ទាប់របស់ខ្លួនទល់ក្រុម FC Salzburg នៅថ្ងៃទី២៧ ខែកក្កដា ក្នុងទឹកដីប្រទេសអាល្លឺម៉ង់ដដែល មុនពេលធ្វើដំណើរត្រលប់ទៅទឹកដីអង់គ្លេសវិញ៕
 
 

Tag:
 Jurgen Klopp
  Darwin Nunez
© រក្សាសិទ្ធិដោយ thmeythmey.com