កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ព្រមានដាក់ទណ្ឌកម្ម បើរដ្ឋាភិបាលអែលសាល់វ៉ាឌ័របន្តលូកដៃការតែងតាំងប្រធានសហព័ន្ធបាល់ទាត់ថ្មី
23, Jul 2022 , 10:59 am        
រូបភាព
សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ចេញសេចក្តីព្រមានដាក់ទណ្ឌកម្ម និងព្យួរសហព័ន្ធបាល់ទាត់អែលសាល់វ៉ាឌ័រ (FESFUT) ប្រសិនបើរដ្ឋាភិបាលប្រទេសនេះ ហ៊ានដកប្រធានសហព័ន្ធពេលបច្ចុប្បន្នចេញ និងតែងតាំងមន្ត្រីថ្មីដែលរើសដោយដៃខ្លួនឯង។ នេះបើតាមការផ្សាយទីភ្នាក់ងារសារព័ត៌មាន Reuters ថ្ងៃទី២១ ខែកក្កដា។
 
រឿងហេតុនាំឱ្យ FIFA ព្រមានដាក់ទណ្ឌកម្មលើស្ថាប័នកីឡាប្រទេសអែលសាល់វ៉ាឌ័របែបនេះ ដោយសារ កាលពីសប្តាហ៍មុន ក្រុមមន្ត្រីនៃ FESFUT ចំនួន៧នាក់ ត្រូវបានព្យួរភារកិច្ចការងារពីសំណាក់តុលាការក្នុងស្រុក។ ក្រុមមន្រី្តទាំង ៧នាក់ ដែលត្រូវបានព្យួរការងារនោះរួមមានប្រធាន FESFUT លោក Hugo Carrillo។ ក្រុមមន្ត្រីទាំងនោះ ត្រូវបានតុលាការចោទប្រកាន់ពីបទមិនគោរពតាមគោលការណ៍ឱ្យកែសម្រួលច្បាប់លក្ខន្តិកៈថ្មីរបស់ FESFUT ។
 
មិនត្រឹមតែប៉ុណ្ណោះតុលាការ ក៏បានអនុម័តផ្តល់សិទ្ធិដល់ស្ថាប័នកីឡាមួយដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល (​INDES) ឱ្យចាត់ចែងតែងតាំងមន្ត្រីខ្លួនណាម្នាក់ទៅគ្រប់គ្រង FESFUT ​ហើយរៀបចំកែប្រែច្បាបថ្មីឱ្យស្របតាមច្បាប់របសរដ្ឋាភិបាលអែលសាល់វ៉ាឌ័រដែលទើបចែងថ្មីនោះ។
 
លិខិត FIFA មួយច្បាប់ដែលចេញផ្សាយដោយ FESFUT ថ្ងៃទី២០ ខែកក្កដា បានលើកឡើងថាកា រតែងតាំងមន្ត្រីថ្មីនោះ គឺស្ថិតនៅក្រៅរចនាសម្ព័ន្ធច្បាប់ និងបទប្បញ្ញាត្តិដែលអាចអនុវត្តបានចំពោះសហប័ន្ធ។ លិខិតនោះបានបញ្ជាក់ពីការទទួលស្គាល់តែមន្ត្រីដែលគេកំពុងព្យួរតែប៉ុណ្ណោះ។
 
«FIFA និង CONCACAF បានយល់ដឹងពីអង្គហេតុដែលបានកើតឡើងទាំងអស់នោះ ហើយរឿងនោះមានការជ្រៀតជ្រែកហួសហេតុក្នុងកិច្ចការរបស់សហព័ន្ធ និងបានរំលោភកាតព្វកិច្ចដែលបានដាក់លើ FESFUT នៅក្នុងលក្ខន្តិកៈរបស់ FIFA។»
 
FIFA បានអះអាងបន្ថែមថា ប្រសិនបើគណៈកម្មាធិការដែលបានតែងតាំងដោយ INDES នោះមិនព្រមដកខ្លួនពីតំណែងឱ្យបានមុនថ្ងៃទី២៥ ខែកក្កដា នោះករណីខាងលើនឹងបញ្ជូនទៅកាន់ក្រុមប្រឹក្សា FIFA ដែលនឹងសម្រេចចិត្តព្យួរសហព័ន្ធអែលសាល់វ៉ាឌ័រ (FESFUT) ទាំងស្រុង។ 
 
ក្រោយការប្រកាសរបស់ FIFA មិនបានប៉ុន្មាននាទីប្រធានរបស់ INDES លោក Yamil Bukele បានបដិសេធចំពោះការចោទប្រកាន់របស់ ​​FIFA ហើយលោកថា នឹងការពារមិនឱ្យមានការដាក់ទណ្ឌកម្មពី FIFA ឡើយ។
 
ជាវិធានការ FESFUT អាចបាត់បង់សិទ្ធិជាសមាជិករបស់ FIFA ហើយនឹងមិនទទួលបានការអនុញ្ញាតឱ្យចូលរួមប្រកួតក្នុងពានរង្វាន់អន្តរជាតិនានាដូចជាពានរង្វាន់ League of Nations, CONCACAF Gold Cup និងការប្រកួត World Cup ជាដើម៕
 

Tag:
 FIFA
© រក្សាសិទ្ធិដោយ thmeythmey.com