កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធាន ​WWE ប្រកាសចូលនិវត្តន៍ ក្រោយមានការស៊ើបអង្កេតអំពីការប្រព្រឹត្តខុសច្បាប់
23, Jul 2022 , 10:19 pm        
រូបភាព
ប្រធានស្ថាប័នការកំសាន្តកីឡាចំបាប់ពិភពលោក (WWE) លោក Vince McMahon ថ្ងៃទី២២ ខែកក្កដា បានប្រកាសចូលនិវត្តន៍ពីតួនាទី ប្រធានក្រុមហ៊ុន និងនាយកប្រតិបត្តិ ក្រោយរងការចោទថា បានប្រព្រឹត្តអំពើខុសច្បាប់។


បើតាមរបាយការណ៍កាសែត Wall Street Journal លោក ​McMahon វ័យ ៧៦ឆ្នាំ ត្រូវបានក្រុមប្រឹក្សាស្ថាប័ន WWE ស៊ើបអង្កេតលើរឿង បានចំណាយប្រាក់ប្រមាណជាង ១២លានដុល្លារក្នុងរយៈពេល ១៦ឆ្នាំចុងក្រោយ ដើម្បីបិទបាំងការប្រព្រឹត្តខុសច្បាប់លើរឿងផ្លូវភេទ និងភាពមិនស្មោះត្រង់ជាមួយក្រុមហ៊ុន។ 
 
លោក Vince McMahon កាន់កាប់តំណែងនៅពីក្រោយស្ថាប័នកំសាន្តដ៏ធំប្រចាំពិភពលោកមួយនេះ ចាប់តាំងពីឆ្នាំ ១៩៨០ ក្រោយពេលលោកបានបញ្ចប់អាជីពជាកីឡាករចំបាប់ក្នុងស្ថាប័នមួយនេះមក។ WWE បានប្រែក្លាយពីក្រុមហ៊ុនឧស្សាហកម្មកម្មវិធីកំសាន្តក្នុងស្រុកមួយ ទៅជាក្រុមហ៊ុនកម្មវិធីកំសាន្តបែបកីឡាចំបាប់ធំបំផុតលំដាប់ទីមួយលើសកលលោក ដែលមានចំណូលទំហំទឹកប្រាក់ប្រមាណ ១ពាន់លានដុល្លារត្រឹមឆ្នាំ ២០២១។ 
 
រឿងរ៉ាវរបស់លោក McMahon បានក្លាយជាអត្ថបទដ៏ក្តៅបំផុតមួយប្រចាំបណ្តាញសង្គម Twitter នៅអាម៉េរិក ដោយមានអ្នកគាំទ្រស្ថាប័ន WWE រាប់ពាន់នាក់មានការភ្ញាក់ផ្អើលចំពោះការប្រកាសចូលនិវត្តន៍មួយនេះ។
 
តាមសេចក្តីថ្លែងការណ៍មួយថ្ងៃទី ២២ ខែកក្កដា លោក McMahon បានប្រកាសចូលនិវត្តន៍ពីស្ថាប័ន WWE ក្នុងនាមជាប្រធានក្រុមហ៊ុន និងនាយកប្រតិបត្តិ ដោយលោកនិយាយថានឹងបន្តជួយគាំទ្រស្ថាប័នកំសាន្តដ៏ធំរបស់អាម៉េរិកមួយនេះក្នុងនាមជាម្ចាស់ភាគហ៊ុនមួយរូប។
 
«ទស្សនិកជនទូទាំងសកលលោករបស់យើង នឹងអាចបន្តទទួលបានការទស្សនាកម្មវិធីកំសាន្តរបស់យើងបន្តទៀត ដោយ WWE នឹងបន្តផលិតកម្មវិធីកំសាន្តបែបនេះដដែលទៅមុខទៀត ជាមួយការលះបង់ និងចំណូលចិត្តរបស់អ្នកគាំទ្រគ្រប់រូប។ ក្នុងនាមជាចំណែកមួយនៃម្ចាស់ភាគហ៊ុន ខ្ញុំនឹងបន្តជួយគាំទ្រ WWE ទៅតាមអ្វីដែលខ្ញុំអាចធ្វើទៅបាន។»។ លោក McMahon និយាយបែបនេះ។
 
​WWE បានរៀបចំជាកម្មវិធីប្រកួតធំៗប្រចាំខែនានា និងព្រឹត្តិការណ៍ប្រកួតធំបំផុតដែល WWE មានជាងរយៈពេល ៣០ឆ្នាំមកនេះគឺព្រឹត្តិការណ៍ WrestleMania។
 
រៀងរាល់សប្តាហ៍ស្ថាប័ន WWE ក៏បានផលិតកម្មវីធីកីឡាចំបាប់នេះ ដោយបែងចែកជាពីស្ថាប័នតូចៗចំនួនពីររួមមាន RAW និង Smackdown ដែលមានកូនស្រីរបស់លោក McMahon គឺអ្នកស្រី Stephanie McMahon ជានាយកប្រតិបត្តិគ្រប់គ្រងបណ្តោះអាសន្នជាអ្នកមើលការខុសត្រូវតាំងពីខែមិថុនាមក៕
 
 

Tag:
 WWE
  Vince McMahon
© រក្សាសិទ្ធិដោយ thmeythmey.com