កីឡាអន្តរជាតិ
អន្តរជាតិ
Barca លក់សិទ្ធិទូរទស្សន៍១៥ភាគរយឱ្យក្រុមហ៊ុន Sixth Street
24, Jul 2022 , 8:59 am        
រូបភាព
ក្លិប Barcelona បានលក់សិទ្ធិទូរទស្សន៍ផ្សាយ La Liga របស់ខ្លួនចំនួន១៥ភាគរយសម្រាប់រយៈពេល ២៥ឆ្នាំបន្ថែមទៀតទៅឱ្យក្រុមហ៊ុនវិនិយោគអាម៉េរិក Sixth Street។ នេះបើតាមការប្រកាសរបស់ក្លិបនៅថ្ងៃទី ២២ ខែកក្កដា។

បើតាមរបាយការណ៍កាសែត Financial Times សិទ្ធិទូរទស្សន៍១៥ភាគរយនោះមានតម្លៃប្រមាណ ៣០០លានអឺរ៉ូ (៣០៥លានដុល្លារ) ។ ក្រុមហ៊ុន Sixth Street បានទិញសិទ្ធិទូរទស្សន៍ពី Barca រហូតដល់ទៅ២៥ភាគរយសម្រាប់រយៈពេល ២៥ឆ្នាំ ដោយការទិញលើកទីមួយចំនួន ១០ភាគរយដែលមានតម្លៃ ២០៧​,៥លានអឺរ៉ូ (២០៩លានដុល្លារ) កាលពីថ្ងៃទី ៣០ ខែមិថុនា។
 
ក្រុមហ៊ុនវិនិយោគអាម៉េរិក Six Street នេះ ក៏មានទំនាក់ទំនងជាមួយក្រុម Real Madrid ដែលគូប្រជែងក្នុងប្រទេសអេស្ប៉ាញផងដែរ។
 
«យើងកំពុងបន្តធ្វើដំណើរទៅមុខជាមួយគម្រោងយុទ្ធសាស្ត្ររបស់យើង ហើយយើងបានសម្រេចនៅការចុះកិច្ចព្រមព្រៀងបន្ថែមជាមួយក្រុមហ៊ុន Sixth Street ដែលបានជួយផ្តល់ដើមទុន និងជាកម្លាំងចិត្តដ៏មានអត្ថន័យដល់ពួកយើង។ ឆ្លងកាត់រយៈពេលប៉ុន្មានសប្តាហ៍មកនេះ យើងជាមួយក្រុមហ៊ុន Sixth Street មានទំនាក់ទំនងគ្នាយ៉ាងល្អ ក្នុងភាពជាដៃគូរដើម្បីសម្រេចនូវបំណងនៃផលប្រយោជន៍រួមមួយនេះ។»។ ប្រធានក្លិប Barca លោក Joan Laporta បាននិយាយបែបនេះក្នុងសន្និសីទសារព័ត៌មាន។
 
ជាមួយកិច្ចព្រមព្រៀងកាលពីលើកទីមួយ តម្លៃ ២០៩លានដុល្លារ ក្រុមរហ័សមានអ្នកមានបុណ្យបាននាំយកកីឡាករចំណូលថ្មីចំនួន ៤រូប ដូចជាខ្សែបម្រើ Frank Kessie ពីក្រុម AC Milan ខ្សែបម្រើ Raphinha ពី Leeds United ខ្សែការពារ Andreas Christensen និងខ្សែប្រយុទ្ធ Robert Lewandowski ពីក្រុម Bayern Munich។
 
កាលពីខែមិថុនា Barca ធ្លាប់បានប្រកាសលក់សិទ្ធិអាជ្ញាប័ណ្ណទិញលក់ទំនិញរបស់ក្លិប ដែលមានតម្លៃចន្លោះ ២១០-៣១៥លានដុល្លារ។ កាលពីខែមីនា Barca បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនតន្ត្រី Spotify តម្លៃជាង ៣០០លានដុល្លារ ដែលជាម្ចាស់ឧបត្ថម្ភថ្មីនៅលើអាវរបស់កីឡាករក្នុងក្រុម និងកិច្ចសន្យាប្តូរឈ្មោះកីឡដ្ឋានទៅជា Spotify Camp Nou៕
 

Tag:
 Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com