កីឡាអន្តរជាតិ
អន្តរជាតិ
លោក ម៉ាក្រុង បើកកិច្ចប្រជុំអំពីបញ្ហាប្រឈមលើកីឡាអូឡាំពិកប៉ារីសឆ្នាំ ២០២៤
26, Jul 2022 , 8:29 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង រៀបចំកិច្ចប្រជុំជាមួយរដ្ឋមន្ត្រី នៅថ្ងៃទី២៥​ ខែកក្កដា ដើម្បីដោះស្រាយបញ្ហាដែលកំពុងគ្របដណ្តប់លើការត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅ ទីក្រុងប៉ារីស ឆ្នាំ ២០២៤។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP ថ្ងៃទី២៥ ខែកក្កដា។


ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីស នឹងធ្វើឡើងចាប់ពីថ្ងៃទី ២៦ ខែកក្កដា រហូតដល់ថ្ងៃទី ១១ខែសីហា ឆ្នាំ ២០២៤។ កីឡាអូឡាំពិកបានក្លាយជាបញ្ហាចំណុចរួមមួយ សម្រាប់រដ្ឋាភិបាលបារាំង ដែលចង់ឱ្យព្រឹត្តិការណ៍កីឡាដ៏ធំលំដាប់ថ្នាក់ពិភពលោកមួយនេះ មានភាពទំនើប ផាសុខភាព សុវត្ថិភាព ព្រមទាំងបើកចំហចំពោះពិភពលោក។
 
រយៈពេលត្រឹមតែ២ឆ្នាំទៀតប៉ុណ្ណោះ ដែលព្រឹត្តិការណ៍ត្រូវចាប់ផ្តើមឡើង ប៉ុន្តែបញ្ហាប្រឈមផ្សេងៗក៏បានកើតឡើងសម្រាប់បារាំងដែរ។ មិនត្រឹមតែការចំណាយលើការរៀបចំនោះទេ តែក៏មានការព្រួយបារម្ភខ្លាំងអំពីរឿងរៀបចំសុវត្ថិភាពសណ្តាប់ធ្នាប់ ក៏ជារឿងចម្បងផងដែរ។
 
កាលពីខែឧសភា កេរិ៍្តឈ្មោះប្រទេសបារាំងក្នុងនាមជាម្ចាស់ផ្ទះមួយ ដែលគួរឱ្យទុកចិត្តបំផុត បានរងភាពអាម៉ាស់ជាខ្លាំង អំឡុងពេលព្រឹត្តិការណ៍ UEFA Champions League រវាងក្រុម Liverpool ទល់ Real Madrid ក្រោយមានការប៉ះទង្គិចរវាងអ្នកគាំទ្រ Liverpool ជាមួយមន្ត្រីប៉ូលីស។ ប្រទេសបារាំងរងការរិះគន់ថា បានប្រើប្រាស់កម្លាំងអាជ្ញាធរធ្ងន់ធ្ងរលើអ្នកគាំទ្រ។
 
«នេះជា​ឱកាសសម្រាប់រដ្ឋមន្ត្រីនានា ក្នុងការកត់សំគាល់ថា កន្លែងណាដែលជាចំណុចខ្សោយ ហើយគំនិតជាច្រើននឹងត្រូវបានបញ្ចេញ នឹងត្រូវដឹងពីពេលវេលាសម្រាប់ជំហ៊ានបន្តបន្ទាប។»នេះបើតាមមន្ត្រីស្និទប្រធានាធិបតីបារាំងម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ។
 
កិច្ចប្រជុំនាវិមានអ៊ីលីស៊ី (Elysee) មានការចូលរួមពីសំណាក់រដ្ឋមន្រ្តីសំខាន់ៗដូចជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងលោក Gerald Darmanin និងរដ្ឋមន្រ្តីក្រសួងកីឡាអ្នកស្រី Amelie Oudea-Castera។ 
 
នាកិច្ចប្រជុំនោះទៀតសោត ប្រធានបទស្តីពីការព្រួយបារម្ភលើកត្តាសុវត្ថិភាព ជាពិសេសលើចក្ខុវិស័យសម្រាប់ព្រឹត្តិការណ៍អូឡាំពិកនឹងត្រូវបានយកមកពិភាក្សា ។ មិនត្រឹមប៉ុណ្ណោះក៏មានពិភាក្សាអំពី ការរៀបចំកម្មវិធីបើកនៅតាមតំបន់ដងទន្លេ Seine ដែលផ្លាស់ពីការរៀបចំកម្មវិធីនៅតាមកីឡដ្ឋានផងដែរ៕
 
 
 

Tag:
 Paris Olympics 2024
© រក្សាសិទ្ធិដោយ thmeythmey.com